កំណែទម្រង់រដ្ឋបាលមិនត្រឹមតែជាការបង្កើនពិន្ទុ ឬចំណាត់ថ្នាក់នោះទេ ប៉ុន្តែគឺជាការបំបាត់ភាពស្មុគស្មាញសម្រាប់ប្រជាជន និងអាជីវកម្ម។ ក្រោមការដឹកនាំ ចង្អុលការយ៉ាងជិតដិតពីសំណាក់ថ្នាក់ដឹកនាំទីក្រុងកឹងធើ ប្រព័ន្ធនយោបាយទាំងមូលកំពុងប្រមូលផ្តុំដោះស្រាយចំណុចរាំងស្ទះ រឹតបន្តឹងវិន័យ និងប្តេជ្ញាចិត្តបង្កការលោតផ្លោះកំណែទម្រង់រដ្ឋបាល ដោយតម្រង់ទិសដៅទាំងស្រុងទៅលើការបម្រើប្រជាជន។

កិច្ចប្រជុំតាមប្រព័ន្ធអនឡាញស្ដីពីសំណើដំណោះស្រាយជំរុញកំណែទម្រង់រដ្ឋបាល និងលើកកម្ពស់សន្ទស្សន៍ PAR Index, SIPAS, PCI, PGI នៃទីក្រុងកឹងធើ។
ថ្មីៗនេះ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើបានចាត់តាំងប្រជុំស្ដីពីសំណើដំណោះស្រាយជំរុញកំណែទម្រង់រដ្ឋបាល និងលើកកម្ពស់លទ្ធផលនៃសន្ទស្សន៍ PAR Index, SIPAS, PCI, PGI ដើម្បីវាយតម្លៃជាក់ស្តែងនូវលទ្ធផលដែលសម្រេចបានរកឃើញនូវចំណុចអន់ថយ ខ្វះចន្លោះ ព្រមទាំងស្ដាប់មតិយោបល់ពីបណ្តាក្រសួង ស្ថាប័ន អ្នកជំនាញរដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ប្រជាជន និងសហគមន៍អាជីវកម្ម។ តាមរយៈនោះ កិច្ចប្រជុំឆ្ពោះដល់ការដាក់ចេញនូវដំណោះស្រាយជាមូលដ្ឋាន ដើម្បីលើកកម្ពស់គុណភាពនៃការបម្រើ កែលម្អនូវបរិស្ថានវិនិយោគនិងធុរកិច្ចឱ្យបានខ្លាំងក្លា រួមចំណែកបង្កកម្លាំងជំរុញឱ្យទីក្រុងអភិវឌ្ឍឆាប់រហ័ស និងប្រកបដោយចីរភាព។ កិច្ចប្រជុំនេះបានចាត់តាំងឡើងតាមរូបភាពប្រជុំផ្ទាល់និងតាមប្រព័ន្ធអនឡាញ ដោយតភ្ជាប់យ៉ាងរលូនពីសាលប្រជុំនៃគណៈកម្មាធិការប្រជាជនទីក្រុង ទៅកាន់ឃុំ សង្កាត់ចំនួន ១០៣ នៅលើភូមិឋានទីក្រុង។
នៅក្នុងអង្គប្រជុំ អ្នកតំណាងទាំងឡាយបានផ្ដោតការវិភាគជាក់ស្តែងលើសេវាកម្មរដ្ឋបាល និងបរិស្ថានវិនិយោគរបស់ទីក្រុង តាមរយៈរបាយការណ៍លម្អិតរបស់មន្ទីរមហាផ្ទៃអំពីលទ្ធផលនៃសន្ទស្សន៍នានាក្នុងឆ្នាំ២០២៥។ របាយការណ៍បានបញ្ជាក់យ៉ាងច្បាស់ថា សន្ទស្សន៍កែទម្រង់រដ្ឋបាល (PAR Index) របស់ទីក្រុងកឹងធើសម្រេចបាន ៩០,០៥% ស្ថិតក្នុងក្រុមឆ្នើម និងទទួលបានចំណាត់ថ្នាក់លេខ ១៧ ក្នុងចំណោម ៣៤ខេត្ត ក្រុងទូទាំងប្រទេស ក្នុងនោះពិន្ទុលើការងារដឹកនាំ ចង្អុលការ និងគ្រប់គ្រងសម្រេចបានកម្រិតអតិបរមា។ គួរកត់សម្គាល់ផងដែរ សន្ទស្សន៍វាស់ស្ទង់ការពេញចិត្តរបស់ប្រជាជនចំពោះសេវាកម្មរបស់ស្ថាប័នរដ្ឋបាលរដ្ឋ (SIPAS) ទទួលបាន ៨៤,០៥% ដោយឈរលំដាប់លេខទី ១៣/៣៤ ទូទាំងប្រទេស និងបន្តនាំមុខគេក្នុងចំណោមខេត្ត ក្រុងនានានៅតំបន់វាលរាបទន្លេគីវឡុង។
ទន្ទឹមនឹងចំណុចលេចធ្លោ កិច្ចប្រជុំក៏បានបញ្ជាក់យ៉ាងត្រង់ៗនូវចំណុចរាំងស្ទះ និងចំណុចអន់ថយដែលអូសបន្លាយ មិនទាន់បានដោះស្រាយឱ្យបានដាច់ស្រឡះ។ បញ្ហាទាំងនោះភាគច្រើនផ្តោតលើកំណែទម្រង់របបការងាររដ្ឋ លទ្ធភាពកៀកជិតដីធ្លី និងទីធ្លាផលិត ភាពតម្លាភាពព័ត៌មាន បន្ទុកចំណាយក្នុងការអនុវត្តបែបបទរដ្ឋបាល ភាពម្ចាស់ការឧបត្ថម្ភអាជីវកម្ម ក៏ដូចជាសមត្ថភាពធ្វើឌីជីថលូបនីយកម្មសំណុំលិខិតនៅគ្រប់លំដាប់ថ្នាក់។ ផ្តើមពីនោះ ទីក្រុងបានកំណត់ថា ការងារកំណែទម្រង់រដ្ឋបាលក្នុងដំណាក់កាលខាងមុខត្រូវតែស៊ីជម្រៅទៅលើភាពជាក់ស្តែង ដោះស្រាយឱ្យចំបញ្ហាដែលប្រជាជននិងសហគមន៍អាជីវកម្មយកចិត្តទុកដាក់បំផុត ដោយយកការពេញចិត្តនិងលទ្ធផលជាក់ស្តែងធ្វើជារង្វាស់ស្ទង់សមត្ថភាពប្រព័ន្ធគ្រប់គ្រងរដ្ឋ។
តាមប្រសាសន៍លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ កម្មាភិបាល និងអ្នករដ្ឋការត្រូវតែផ្លាស់ប្តូរផ្នត់គំនិតការងាររដ្ឋយ៉ាងខ្លាំងក្លា ពីការសម្រេចភារកិច្ចទៅតាមបែបបទ មកជាផ្នត់គំនិតស្ថាបនា បង្កើតលទ្ធផលកែទម្រង់ជាក់ស្តែង និងច្នៃប្រតិដ្ឋ។ ត្រូវយកប្រសិទ្ធភាពនៃការបម្រើ កម្រិតនៃការបន្ថយពេលវេលា និងការចំណាយរបស់ប្រជាជន អាជីវកម្ម ធ្វើជារង្វាស់ខ្ពស់បំផុតសម្រាប់កម្រិតនៃការបំពេញភារកិច្ច។ ការកែលម្អ PAR Index, SIPAS, PCI ឬ PGI ដាច់ខាតមិនមែនជាការប្រណាំងប្រជែងយកពិន្ទុ ឬចំណាត់ថ្នាក់គ្រាន់តែជារូបភាពនោះទេ គឺជាទិសដៅស្នូល ដើម្បីកសាងប្រព័ន្ធរដ្ឋបាលមួយដែលទំនើប តម្លាភាព ក្រឹត្យក្រម និង បង្កបុព្វបទលោតផ្លោះអនុវត្តជោគជ័យនូវទិសដៅកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់។
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរឱ្យប្រធានមន្ទីរ គណៈ ផ្នែក និងប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះលទ្ធផលកំណែទម្រង់រដ្ឋបាលរបស់ស្ថាប័ន និងភូមិភាគខ្លួន; រឹតបន្តឹងវិន័យ ក្រឹត្យក្រមបំពេញកាងាររដ្ឋ បង្កើនអធិការកិច្ច និងត្រួតពិនិត្យដោយចៃដន្យ; ប្តេជ្ញាចិត្តបំបាត់ជាដាច់ខាតនូវផ្នត់គំនិតគេចវេះ ខ្លាចខុស និងរុញច្រានការទទួលខុសត្រូវ។ ក្នុងការដោះស្រាយបែបបទរដ្ឋបាល អង្គភាពនានាត្រូវតែម្ចាស់ការត្រួតពិនិត្យវឌ្ឍនភាពឱ្យបានម៉ឺងម៉ាត់ បង្កើតប្រព័ន្ធព្រមានជាមុនសម្រាប់សំណុំលិខិតដែលមានហានិភ័យហួសកាលកំណត់; លើកកម្ពស់គុណភាពនៃការណែនាំ ចាប់ពីដំណាក់កាលទទួលដំបូង ដាច់ខាតមិនបណ្តោយឱ្យមានស្ថានភាពប្រជាជនត្រូវបំពេញសំណុំលិខិតបន្ថែមជាច្រើនដងឡើយ។ ទន្ទឹមនឹងនេះ ទីក្រុងទាំងមូលត្រូវជំរុញការអនុវត្តសេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញពេញលេញ អនុវត្តឱ្យបានម៉ឺងម៉ាត់នូវការតភ្ជាប់ និងចែករំលែកមូលដ្ឋានទិន្នន័យរួម ដោយមិនតម្រូវឱ្យប្រជាជនដាក់លិខិតស្នាម ឬបំពេញបន្ថែមព័ត៌មានដែលបានបញ្ចូលទៅក្នុងប្រព័ន្ធឌីជីថលរួចហើយនោះឡើយ។

មជ្ឈមណ្ឌលសេវារដ្ឋបាលរដ្ឋឃុំឡាយហ្វា យកចិត្តទុកដាក់ជួយដល់ប្រជាជនក្នុងការដោះស្រាយបែបបទរដ្ឋបាល។
យោងតាមប្រសាសន៍លោក ផាងវ៉ាំងធ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡាយហ្វា ក្រោយពីកិច្ចប្រជុំនេះ ឃុំឡាយហ្វាបន្តជ្រួតជ្រាប និងអនុវត្តភារកិច្ចកែទម្រង់រដ្ឋបាល ផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រុមកម្មាភិបាល និងអ្នករដ្ឋការ បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន កែលម្អគុណភាពនៃការដោះស្រាយបែបបទរដ្ឋបាល និងឆ្ពោះដល់ការកសាងរដ្ឋបាលបម្រើ ទំនើប និងប្រសិទ្ធភាព។
កំណែទម្រង់រដ្ឋបាល យកការពេញចិត្តរបស់ប្រជាជននិងអាជីវកម្មធ្វើជារង្វាស់។ ដោយការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ចាប់ពីគំនិតទៅជាអនុវត្តជាក់ស្តែងនៅថ្នាក់មូលដ្ឋាន ទីក្រុងកឹងធើកំពុងឈានមួយជំហានម្តងៗ ឆ្ពោះទៅសម្រេចទិសដៅកសាងខឿនរដ្ឋបាលរដ្ឋបម្រើ ស្ថាបនា និងអភិវឌ្ឍន៍៕
ហុងទើ- ថាច់ធី