គោមនិងនំសែនព្រះខែ គឺជាវត្ថុផ្តល់ក្តីរីករាយដ៏សាមញ្ញដែលកុមារជាច្រើនធ្លាប់ស្គាល់និងតែងបានទទួល ប៉ុន្តែសម្រាប់កុមារដែលមានជីវភាពខ្វះខាត ការមានគោមនិងនំសែនព្រះខែនៅក្នុងឱកាសបុណ្យសែនព្រះខែ មិនមែនជារឿងងាយស្រួលឡើយ។ ដូច្នេះ រៀងរាល់ឱកាសបុណ្យសែនព្រះខែ មិនត្រឹមតែជាពេលវេលាដែលកុមារបានលេងកម្សាន្ត និងទទួលបានភាពសប្បាយរីករាយប៉ុណ្ណោះទេ នៅទាំងជាឱកាសឱ្យសហគមន៍យកចិត្តទុកដាក់ និងចែករំលែកក្តីស្រឡាញ់ដល់កុមារតូចៗដែលកំពុងជួបការខ្វះខាតនិងមានជីវភាពលំបាក។

អំណោយដ៏មានអត្ថន័យ បានផ្ដល់ជូនកុមារដែលមានជីវភាពខ្វះខាតនៅសង្កាត់សុកត្រាំង។
នៅទីក្រុងកឹងធើ ការយកចិត្តទុកដាក់នេះបានបង្ហាញតាមរយៈសកម្មភាពជាច្រើន ចាប់ពីការចាត់តាំងពិធីបុណ្យសែនព្រះខែ រហូតដល់ការជូនអំណោយដោយផ្ទាល់ជូនកុមារដែលមានជីវភាពខ្វះខាត។ នៅសង្កាត់សុកត្រាំង កម្មវិធី "បុណ្យសែនព្រះខែប្រកបដោយក្តីស្រឡាញ់ - ផ្ញើក្តីរីករាយដល់កុមារដែលមានជីវភាពខ្វះខាត" ដែលរៀបចំឡើងដោយសាខាសម្ព័ន្ធយុវជននគរបាល សហការជាមួយសាខាសមាគមនគរបាលសង្កាត់សុកត្រាំង បាននាំមកនូវសកម្មភាពជាច្រើនសម្រាប់កុមារដែលមានជីវភាពខ្វះខាត បានជួបជុំ ផ្លាស់ប្តូរនិងលេងកម្សាន្តជាមួយមិត្តភក្តិដែលមានវ័យប្រហាក់ប្រហែលគ្នា។ សម្រាប់កុមារដែលមានជីវភាពខ្វះខាត រាត្រីបុណ្យសែនព្រះខែ មិនត្រឹមតែមាននំនិងអំណោយប៉ុណ្ណោះទេ ថែមទាំងជាឱកាសឱ្យពួកគេបានលេងកម្សាន្ត ជួបជុំមិត្តភក្តិ ទទួលបានអំណោយចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ការសិក្សានិងទទួលបានអារម្មណ៍ថា ពួកគេតែងទទួលបានការយកចិត្តទុកដាក់និងក្តីស្រឡាញ់។ បានដឹងថា ក្នុងឱកាសបុណ្យសែនព្រះខែឆ្នាំនេះ សាខាសម្ព័ន្ធយុវជននគរបាល រួមជាមួយសាខាសមាគម នគរបាលសង្កាត់សុកត្រាំង បានរៀបចំជូនអំណោយ ៦៥ ចំណែក ដែលមាននំនិងគោមសម្រាប់បុណ្យសែនព្រះខែ ព្រមទាំងសៀវភៅសរសេរ ៣៥ ចំណែក ជូនដល់កុមារដែលឧស្សាហ៍ព្យាយាមនិងសង្វាតរៀនសូត្រ។ ទោះបីអំណោយទាំងនេះមានតម្លៃជាសម្ភារៈមិនច្រើនក៏ដោយ ប៉ុន្តែបានបង្ហាញពីការយកចិត្តទុកដាក់ ការចែករំលែករបស់សមាជិកសម្ព័ន្ធយុវជននិងសមាជិកសមាគម នគរបាលសង្កាត់ ព្រមទាំងរួមចំណែកនាំមកនូវបុណ្យសែនព្រះខែ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅសម្រាប់ប្អូនៗកុមារ។

ថ្នាក់ដឹកនាំឃុំធើយឡាយ ជូនអំណោយបុណ្យសែនព្រះខែជូនកូនៗរបស់សមាជិកសមាគមនិងនារីដែលមានជីវភាពខ្វះខាត។
សំដៅបង្ហាញពីការយកចិត្តទុកដាក់ និងថែទាំជីវភាពស្មារតីដល់កូនៗរបស់សមាជិកសមាគម និងនារីដែលមានជីវភាពខ្វះខាតលើភូមិឋាន ស្របក្នុងឱកាសបុណ្យសែនព្រះខែឆ្នាំ២០២៦ សមាគមសហព័ន្ធនារីឃុំធើយឡាយ បានចាត់តាំងកម្មវិធី "បុណ្យសែនព្រះខែប្រកបដោយក្តីស្រឡាញ់"។ កម្មវិធីនេះ រួមមានសកម្មភាពលេងកម្សាន្ត ផ្លាស់ប្តូរមិត្តភាព ការសម្តែងសិល្បៈ និងជូនអំណោយដ៏មានអត្ថន័យជូនដល់កុមារ។ អ្នកស្រី ឡេកីមស្វៀង ប្រធានសមាគមសហព័ន្ធនារីឃុំធើយឡាយ ឱ្យដឹង៖ "តាមរយៈការតភ្ជាប់និងការចលនាប្រភពធនធានក្នុងសង្គម សមាគមបានចាត់តាំងជូនអំណោយ ១២៥ ចំណែក ដែលមាននំនិងគោមដល់កូនៗរបស់សមាជិកសមាគម និងនារីដែលមានជីវភាពខ្វះខាត សរុបថវិកា ២០ លានដុង។ កម្មវិធី “បុណ្យសែនព្រះខែប្រកបដោយក្តីស្រឡាញ់” មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយដល់កុមារក្នុងឱកាសបុណ្យសែនព្រះខែប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយស្មារតីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងការចែករំលែករបស់សហគមន៍ ព្រមទាំងផ្តល់កម្លាំងចិត្តដល់កុមារឱ្យបន្តខិតខំរៀនសូត្រ និងតស៊ូឈានឡើងក្នុងជីវិត"។

យុវជនឃុំញូយ៉ា រួមដំណើរជាមួយកុមារដែលមានជីវភាពខ្វះខាត ដើម្បីនាំមកនូវរដូវបុណ្យសែនព្រះខែប្រកបដោយភាពសប្បាយរីករាយនិងកក់ក្តៅ។
ស្របក្នុងបរិយាកាសដ៏សប្បាយរីករាយ និងកក់ក្តៅនៃបុណ្យសែនព្រះខែ សាខាសម្ព័ន្ធយុវជនភូមិមណ្ឌល ៣ ឃុំញូយ៉ា បានចាត់តាំងកម្មវិធី "បុណ្យសែនព្រះខែសម្រាប់កុមារ - គោមបំភ្លឺក្តីប្រាថ្នា" ដោយជូនគោមចំនួន ៦០ ដែលសមាជិកសាខាសម្ព័ន្ធយុវជនបានធ្វើដោយផ្ទាល់ដៃ រួមជាមួយនឹងអំណោយ ១២០ ចំណែកជូនដល់កុមារដែលមានជីវភាពខ្វះខាតលើភូមិឋានភូមិ។ កុមារជាច្រើនបាននិយាយដោយក្តីរីករាយ ខណៈដែលកំពុងកាន់អំណោយមាននំ គោម និងកាតាប បានឱ្យដឹង៖ "ប៉ុន្មានឆ្នាំមកនេះ ពួកកូនតែងទទួលបានអំណោយបុណ្យសែនព្រះខែ ប៉ុន្តែឆ្នាំនេះពិសេសជាងមុន ព្រោះបានទទួលកាតាប និងគោមដ៏ស្រស់ស្អាតទៀត"។ ទោះបីអំណោយទាំងនេះមានតម្លៃខុសៗគ្នាក៏ដោយ ប៉ុន្តែសុទ្ធតែមានគោលបំណងយ៉ាងជាក់ស្ដែងមួយ គឺជួយឱ្យកុមារដែលមានជីវភាពខ្វះខាតទទួលបានបុណ្យសែនព្រះខែប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅ និងមានលក្ខណៈកាន់តែល្អប្រសើរសម្រាប់ទៅសាលានិងរៀនសូត្រ។
ជាមួយនឹងកម្មវិធីសិល្បៈដ៏ពិសេសនិងសម្បូរបែប បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ស្រស់ស្អាតក្នុងវ័យកុមារ និងផ្ដល់ជាកម្លាំងចិត្តឱ្យកុមារដែលមានជីវភាពខ្វះខាត បន្តដំណើរទៅសាលារៀនដោយភាពរីករាយ និងមានការតាំងចិត្តខិតខំរៀនសូត្រ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ។ រដូវបុណ្យសែនព្រះខែ មិនត្រឹមតែកើតឡើងពីពន្លឺគោម និងរសជាតិផ្អែមឆ្ងាញ់នៃនំក្នុងរាត្រីបុណ្យសែនព្រះខែប៉ុណ្ណោះទេ ថែមទាំងកើតចេញពីការចែករំលែក និងការរួមដំណើររបស់សហគមន៍។ នៅពេលសហគមន៍រួមគ្នាយកចិត្តទុកដាក់ និងផ្តល់ក្តីស្រឡាញ់ដល់កុមារ រាល់រដូវបុណ្យសែនព្រះខែនឹងកាន់តែពោរពេញដោយភាពរីករាយ កក់ក្តៅនិងក្ដីស្រឡាញ់៕
ថាញវ៉ាង - ពេជ្រសឿន