គណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង បានសហការជាមួយផ្នែកវិទ្យាសាស្រ្តអន្តរផ្នែកនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្ត (សាកលវិទ្យាល័យជាតិក្រុងហូជីមិញ) រៀបចំកម្មវិធីពិភាក្សាបើកដំណើរការគម្រោង “បង្កើនសមត្ថភាព ស្វ័យការពារខ្លួនសម្រាប់ក្មេងស្រីជាជនជាតិខ្មែរ ដែលប្រឈមនឹងបញ្ហារៀបការមិនទាន់គ្រប់អាយុ អំពើហិង្សា ការរំលោភបំពាន ចាប់ជំរិតនិងការជួញដូរក្មេងស្រី” ឆ្នាំ២០២៤។
ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់យុវតីសិស្សនៅទីរួមខេត្តទិញបៀង។
ក្នុងកិច្ចពិភាក្សា អ្នកតំណាងទាំងឡាយបានលើកឡើងអំពីបញ្ហាផ្សេងៗពាក់ព័ន្ធដល់ស្ថានភាពកុមារទទួលរងអំពើហិង្សា ធ្វើទុក្ខបុកម្នេញវាយដំ; បៀតបៀនរាងកាយ និងសុខភាព; ប្រមាថកិត្តិយសនិងសេចក្ដីថ្លៃថ្នូរ រហូតដល់ទង្វើដោយមានចេតនាផ្សេងទៀតដែលបង្ករបួសរាងកាយនិងស្មារតីរបស់កុមារ។ ទន្ទឹមនឹងនោះ សង្កត់ធ្ងន់តួនាទីគ្រប់ថ្នាក់ គ្រប់ផ្នែក ភូមិភាគនិងទូទាំងសង្គមក្នុងការផ្ដល់ជូនព័ត៌មាន ផ្សព្វផ្សាយច្បាប់ស្ដីពីការពារ ថែទាំ និងអប់រំកុមារ ដើម្បីបំពាក់បំប៉នដល់អាណាព្យាបាលនូវចំណេះដឹងនិងបំណិនចំពោះបញ្ហារៀបការមិនទាន់គ្រប់អាយុ អំពើហិង្សា ការរំលោភបំពាន ចាប់ជំរិត និងការជួញដូរកុមារ ដើម្បីចាត់វិធានការដោះស្រាយសមស្រប។
គម្រោងត្រូវបានឧបត្ថម្ភដោយមូលនិធិកាណាដា សម្រាប់គំនិតច្នៃប្រតិដ្ឋភូមិភាគ (CFLI) ចំណុះក្រសួងការបរទេសកាណាដា ដោយមានសកម្មភាពដូចខាងក្រោម៖ ហ្វឹកហាត់ជូនគ្រូបង្រៀន កម្មាភិបាលភូមិភាគ អាណាព្យាបាលសិស្ស អ្នកមានប្រជាប្រិយក្នុងសហគមន៍ចំនួន ១០០ នាក់; ហ្វឹកហាត់យុវតីសិស្សអនុវិទ្យាល័យជនជាតិខ្មែរ ៤០០ នាក់ បំប៉នចំណេះដឹងនិងបំណិនប្រទះឃើញ ធ្វើអន្តរគមន៍បានទាន់ពេល បង្កើនសមត្ថភាពស្វ័យការពារខ្លួននិងទប់ទល់នឹងស្ថានភាពគ្រោះថ្នាក់ បញ្ហាប្រឈមនៃសង្គម មានដូច៖ រៀបការមិនទាន់គ្រប់អាយុ អំពើហិង្សាគ្រួសារ ការរំលោភបំពាន ចាប់ជំរិតនិងការជួញដូរកុមារ។
ស្របក្នុងឱកាសនេះ មជ្ឈមណ្ឌលការងារសង្គមយុវជន មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ដហូជីមិញ បានជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន ៦៦ ដល់ក្មេងស្រីជនជាតិខ្មែរដែលមានស្ថានភាពលំបាក៕
យោង៖ កាសែតអាងយ៉ាង-ថាច់ធី