ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/11/2024 - 15:07

តម្លៃ​ពាណិជ្ជ​កម្ម​កម្ពុជា-វៀត​ណាម សម្រេច​ជិត ៦ ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៩​ខែ 

យោង​តាម​របាយ​ការណ៍​របស់​អគ្គ​នា​យក​ដ្ឋាន​គយ​និង​រដ្ឋា​ករ​កម្ពុជា (GDCE) តម្លៃ​ពា​ណិជ្ជ​កម្ម​កម្ពុជា - វៀត​ណាម ក្នុង​រយៈ​ពេល ៩ ខែ​ដើម ឆ្នាំ​២០២៤ សម្រេច ៥,៨១ ពាន់​លាន​ដុល្លារ​កើន ២១,៩% បើ​ធៀប​នឹង​កម្រិត ៤,៧៧ ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល​ដូចគ្នា​នៃ​ឆ្នាំ​២០២៣ (YoY)។

 ​​  រូប​ជា​ឧទាហរណ៍។

របាយ​ការណ៍​បង្ហាញ​ថា កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​កាន់​ប្រ​ទេស​វៀត​ណាម​សម្រេច​២,៧២ ពាន់​លាន​ដុល្លារ កើន ៣៣,៨% បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ខណៈ​ពេល​នាំ​ចូល​ទំ​និញ​ពី​វៀត​ណាម​សម្រេច ៣,០៩ ពាន់​លាន​ដុល្លារ កើន​១៣% (YoY)។ វៀត​ណាម​ជា​ទី​ផ្សារ​នាំ​ចេញ​ដ៏​ធំ​លំ​ដាប់​ទី​ពីរ​របស់​កម្ពុជា សំ​ខាន់ គឺ​វត្ថុ​ធាតុ​ដើម​បម្រើ​ផ្នែក​ឧស្សា​ហកម្ម​កែ​ច្នៃ​កសិ​ផល មាន​ដូច​ជា៖ អង្ករ កៅ​ស៊ូ គ្រាប់​ស្វាយ​ចន្ទី ដំ​ឡូង​មី ពោត ចេក ស្វាយ​និង​បារី។ ជា​មួយ​គ្នា​នោះ ទំ​និញ​កម្ពុជា​នាំ​ចូល​ពី​ប្រ​ទេស​វៀត​ណាម រួម​មាន៖ សម្ភារៈ​សំ​ណង់ គ្រឿង​ចក្រ ប្រេង​ឥន្ធនៈ គ្រឿង​អគ្គិសនី និង​គ្រឿង​អេឡិច​ត្រូនិក ជី ចំណី​សត្វ បន្លែ ផ្លែ ឈើ។

លោក​ប៉ែន​សុវិ​ជាតិ រដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រ​សួង​ពាណិជ្ជ​កម្ម​កម្ពុជា ឱ្យ​ដឹង៖ កំណើន​តម្លៃ​ពាណិជ្ជ​កម្ម​កម្ពុជា-វៀត​ណាម ឆ្លុះ​បញ្ចាំង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៃ​ប្រ​ទេស​ទាំង​ពីរ​នា​ពេល​កន្លង ដើម្បី​សម្រេច​បាន​ទិស​ដៅ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី។ ក្រៅ​ពី​ទំ​នាក់​ទំនង​ពាណិជ្ជ​កម្ម វៀត​ណាម​ក៏​ជា​ប្រ​ទេស​មួយ​ក្នុង​ចំណោម​ប្រ​ទេស​ដែល​មាន​គម្រោង​វិនិយោគ​ជា​ច្រើន​នៅ​កម្ពុជា ដោយ​មាន​គម្រោង​វិនិយោគ​កំ​ពុង​ដំ​ណើរ​ការ​ចំ​នួន ២០៨ សរុប​ទុន​ចុះ​បញ្ជី ២,៩១ ពាន់​លាន​ដុល្លារ។ ក្នុង​ពេល​នោះ កម្ពុជា​មាន​គម្រោង​ វិនិយោគ​នៅ​វៀត​ណាម​ចំ​នួន ៣៥ សរុប​ទុន​ចុះ​បញ្ជី ៧៥,៧៦ ពាន់​លាន​ដុល្លារ៕

យោង៖ mekongasean.vn - មុនី

ចែករំលែកអត្ថបទ