ផ្ទៃដីដាំពោតនៅស្រុកភឿកឡុង ខេត្តបាកលីវ មានការកើនឡើងជាលំដាប់ ពីព្រោះនេះជាដំណាំងាយដាំ ងាយលក់ ចំណាយដើមទុនតិច ហើយរកបានប្រាក់ចំណេញខ្ពស់។
ទម្រង់ដាំពោតជួយកសិករស្រុកភឿកឡុង រកបានប្រាក់ចំណូលលំនឹង។
យោងតាមកសិករដាំពោតនៅឃុំវិញភូដុង វិញភូតីនិងហឹងភូនៃស្រុកភឿកឡុង ប្រាក់ចំណាយសម្រាប់ការដាំពោតក្នុង ១ កុងប្រមាណ ៥,៥ លានដុង។ ក្រោយពីដាំបានជាង ២ ខែគឺប្រមូលផល ដូច្នេះ ក្នុងមួយឆ្នាំអាចដាំបានពី ៣-៤ រដូវ។ បើប្រៀបធៀបនឹងប្រភេទដំណាំផ្សេងៗ ពោតដំណើបងាយដាំងាយលក់ ច្រកចេញមានភាពលំនឹងបង្គួរ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ម៉្លោះហើយ មានកសិករជាច្រើនមិនរារែកក្នុងការបង្វែរផ្ទៃដីផលិតស្រូវពុំសូវមានប្រសិទ្ធភាព ងាកមកដាំដំណាំពោតវិញ។ ម្យ៉ាងទៀត ដំណាំពោតបន្ទាប់ពីប្រមូលផលផ្លែ ដើមវាលក់ឱ្យមាមីងធ្វើជាចំណីសម្រាប់គោ ក្របី។ ផ្តើមពីនោះ មានគ្រួសារខ្មែរជាច្រើន ដាំពោតរកបានប្រាក់ចំណូលលំនឹង មានជីវភាពធូរធារ។
កសិករស្រុកភឿកឡុង កំពុងប្រមូលផលពោត។
បងស្រី ឡឹមហ៊ុងភឿង នៅឃុំវិញភូដុង ឱ្យដឹង៖ “អាស្រ័យបានរដ្ឋអំណាចចលនា ខ្ញុំមិនរារែកក្នុងការបង្វែរផ្ទៃដីផលិតស្រូវពុំសូវបានផល ងាកមកដាំពោតដំណើបសមស្របនឹងលក្ខណៈសេដ្ឋកិច្ចគ្រួសារ ទើបជីវភាពគ្រួសារខ្ញុំបានលំនឹង។ ឥឡូវ មាមីងដាំពោតនៅទីនេះភាគច្រើនមានជីវភាពធូរធារ”។ ចំណែកលោកឡឹមជីដាក នៅភូមិមី ១ ឃុំវិញភូដុង កំពុងប្រមូលផលពោតដំណើប ៤ កុង ថ្លៃលក់ពី ៣០.០០០-៣៥.០០០ ដុង/(១៤ផ្លែ) យោងទៅតាមផ្លែតូចធំ រកបានប្រាក់ចំណេញខ្ពស់បង្គួរ។ លោកដាក ឱ្យដឹង៖ “ឆ្នាំនេះ អាកាសធាតុអំណោយផល ទើបដំណាំពោតលូតលាស់ល្អ ផ្លែធំ ដើមខ្លះមានផ្លែពី ២-៤ ផ្លែ ផ្តល់ទិន្នផលខ្ពស់។ ជាមួយនឹងផ្ទៃដីដាំពោត ៤ កុង ប្រមូលផលបានជិត ៤ តោនលក់បានជាង ៤០ លានដុង បន្ទាប់ពីទូទាត់នៅចំណេញបានជាង ២០ លានដុង។ បើប្រៀបធៀបនឹងប្រភេទដំណាំផ្សេងៗ ដំណាំពោតចំណាយពេលតិច គ្រាន់តែថែទាំបានល្អ ស្រោចស្រពទឹកនិងដាក់ជីគ្រប់គ្រាន់ពោតលូតលាស់ល្អ។ ដំណាំពោតពុំសូវមានជំងឺនិងសត្វល្អិតបំផ្លាញ ភាកច្រើនគឺដង្កូវចោះដើម ដង្កូវស៊ីផ្លែ គ្រាន់តែពិនិត្យទៀងទាត់បាញ់ថ្នាំកម្ចាត់សត្វល្អិតចំពេលត្រឹមត្រូវ ម៉្លោះហើយការចំណាយលើការវិនិយោគក៏មិនខ្ពស់ប៉ុន្មាន។ នេះជាឆ្នាំ ទី ៤ ដែលខ្ញុំដាំពោត រកបានប្រាក់ចំណេញសរុបជិត ១០០ លានដុង”។
យោងតាមប្រសាសន៍លោក ត្រឹងវ៉ាន់ឡីម អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកភឿកឡុង ដើម្បីបង្កើនតម្លៃលើផ្ទៃដីផលិតតែមួយ ប៉ុន្មានឆ្នាំកន្លង ស្រុកមានផែនការអភិវឌ្ឍលម្អិតសម្រាប់អនុតំបន់នីមួយៗ។ ដោយឡែកនៅឃុំវិញភូដុង ជាតំបន់ដីទំនាប ផលិតស្រូវពុំសូវបានផល ឃុំក៏ចលនាមាមីងងាកមកដាំដំណាំរួមផ្សំ ក្នុងនោះ មាមីងបានជ្រើសរើសដាំដំណាំពោតជាចម្បង។ ដំណាក់កាលដំបូងក្នុងការផ្លាស់ប្តូរផលិតកម្ម ស្រុកក៏បានឧបត្ថម្ភ ៥០% លើថ្លៃពូជ និងសម្ភារៈកសិកម្ម ជួយណែនាំនិងផ្ទេរវិទ្យាសាស្ត្រ បច្ចេកទេស វិនិយោគកសាងស្ថានីយបូមទឹក ដើម្បីធានាប្រភពទឹកស្រោចស្រពគ្រប់គ្រាន់។ល។ ទន្ទឹមនឹងនោះ ជំរុញការចងសម្ព័ន្ធផលិតកសិកម្មរវាងកសិករជាមួយសហករណ៍និងអាជីវកម្ម ដើម្បីមាមីងកសិករ សំខាន់គឺមាមីងខ្មែរបានស្ងប់អារម្មណ៍ក្នុងការបង្កបង្កើនផល៕
លីធាន-មុនី