រយៈពេលកន្លង ការងារគិតគូរដល់ជីវភាពសមាជិក ឧបត្ថម្ភកសិករអភិវឌ្ឍការផលិត តែងបានសមាគមកសិករគ្រប់លំដាប់ថ្នាក់របស់ឃុំលីវទូ ទីក្រុងកឹងធើ យកចិត្តទុកដាក់ពិសេស។ តាមរយៈនោះ បានបង្កជាកម្លាំងជំរុញ ដើម្បីសមាជិកឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។

អ្នកមីងយឿងថាញធ្វី នៅភូមិតាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ
កំពុងថែទាំហ្វូងជ្រូករបស់គ្រួសារ។
ជារៀងរាល់ឆ្នាំ សមាគមកសិករឃុំបានផ្សព្វផ្សាយកម្មវិធីជាក់ស្តែងជាច្រើន ដូចជា៖ ឧបត្ថម្ភទុន ចែករំលែកបទពិសោធន៍ក្នុងការផលិត អាស្រ័យហេតុនេះ ជីវភាពរបស់សមាជិកកសិករលើភូមិឋានឃុំមានការរីកចម្រើន បង្កើតបានទម្រង់សេដ្ឋកិច្ចជាច្រើនមានប្រសិទ្ធភាព ផ្តល់ប្រាក់ចំណូលខ្ពស់។ ជាក់ស្តែងដូច គ្រួសារលោកថាច់សីន នៅភូមិផ្តៅពេន ឃុំលីវទូ ពីមុនគ្រួសារគាត់ជួបការលំបាកណាស់ ឆ្នាំ២០០០ បានសមាគមកសិករឃុំ បង្កលក្ខណៈបង្ខិតជិតប្រភពទុនធនាគារគោលនយោបាយសង្គម គាត់វិនិយោគលើការចិញ្ចឹមគោទឹកដោះ ប៉ុន្តែទម្រង់នេះពុំសូវមានប្រសិទ្ធភាព ទើបគាត់ចិញ្ចឹមគោបង្កាត់ស៊ីនវិញចំនួន ២ក្បាល។ អាស្រ័យខ្នះខ្នែងចូលរួមវគ្គហ្វឹកហ្វឺនអំពីបច្ចេកទេសចិញ្ចឹមគោ ទើបហ្វូងគោរបស់គាត់ធំធាត់ល្អ ហើយរៀងរាល់ឆ្នាំគោកើតកូនបាន២ក្បាល។ បន្ទាប់ពីលក់ជាច្រើនលើក បច្ចុប្បន្នគ្រួសារគាត់មានគោចំនួន៧ក្បាល។ សង្កេតឃើញការចិញ្ចឹមគោមិនអាចរកប្រាក់ចំណូលគ្រប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនិងគិតគូរឱ្យកូនរៀនសូត្រ ម៉្លោះហើយ នៅឆ្នាំ២០១៩ គាត់ទិញជ្រូកមេ៣ក្បាលមកចិញ្ចឹម។ លោកថាច់សីន ឱ្យដឹង៖ “ជារៀងរាល់ឆ្នាំជ្រូកមេ៣ក្បាលកើតកូនបាន២ល្បាស់ មួយល្បាស់ពី៨-១០ក្បាល ចិញ្ចឹមប្រមាណ៤ខែគឺលក់មួយក្បាលទម្ងន់១០០គីឡូក្រាម ដោយតម្លៃពី៥៥.០០០-៧០.០០០ដុងក្នុងមួយគីឡូក្រាម”។ ជាមួយនឹងប្រភពចំណូលពីទម្រង់ចិញ្ចឹមគោនិងជ្រូក បន្ទាប់ពីទូទាត់រួច គាត់នៅចំណេញជាង២០០លានដុងក្នុងមួយឆ្នាំ ទើបជីវភាពគ្រួសារគាត់បានធូរធារ”។
ចំណែកគ្រួសារអ្នកមីង យឿងថាញធ្វី នៅភូមិតាអ៊ុង ឃុំលីវទូ ក៏ឈានឡើងធូរធារពីប្រភពទុនបុលធនាគារគោលនយោបាយសង្គម មីងធ្វី ឱ្យដឹង៖ “កាលពីឆ្នាំ១៩៩៦ ពេលរៀបការរួច ហើយចេញនៅដោយឡែក ចាប់ផ្ដើមពីបាតដៃទទេប្រភពចំណូលសំខាន់បានមកពីរបរកាត់ដេរ។ ឆ្នាំ២០០៦ បានសមាគមកសិករឃុំបង្កលក្ខណៈបុលទុនពីធនាគារគោលនយោបាយសង្គម៣០លានដុង ជាមួយនឹងដើមទុននេះ ខ្ញុំសម្រេចចិត្តចិញ្ចឹមជ្រូក”។ ដំបូង ដោយសារពុំទាន់មានបទពិសោធន៍ គាត់ចិញ្ចឹមជ្រូកមេតែ២ក្បាល ក្រោយមកអាស្រ័យបានស្វែងយល់ពីរបៀបចិញ្ចឹមតាមរយៈកាសែត ទូរទស្សន៍ ទើបទម្រង់ចិញ្ចឹមជ្រូករបស់គាត់មានប្រសិទ្ធភាពបន្តិចម្តងៗ ហើយហ្វូងជ្រូកកើនឡើងជាលំដាប់។ អ្នកមីងធ្វី ឱ្យដឹង៖ “រៀងរាល់ឆ្នាំ ជ្រូកមេ៣ក្បាលកើតកូនបាន២ល្បាស់ មួយល្បាស់ពី៨-១០ក្បាល ចំនួនកូនជ្រូកនេះខ្ញុំលក់ខ្លះ ហើយនៅមួយចំនួនខ្ញុំទុកចិញ្ចឹមលក់ជាជ្រូកសាច់ ក្នុងមួយឆ្នាំខ្ញុំលក់៦លើក មួយលើកៗប្រមាណពី ១០-២០ក្បាល មួយក្បាលទម្ងន់ប្រមាណ១០០គីឡូក្រាម លក់ដោយតម្លៃពី៦០.០០០-៧០.០០០ ដុងក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ន គ្រួសារខ្ញុំចិញ្ចឹមជ្រូកមេ៩ក្បាល ជ្រូកសាច់៦០ក្បាល ក្រោយពីទូទាត់គ្រួសារខ្ញុំនៅចំណេញប្រមាណជាង២០០លានដុងក្នុងមួយឆ្នាំ”។
“ប្រភពទុនបុលអាទិភាពរបស់ធនាគារគោលនយោបាយសង្គម តែងរួមដំណើរជាមួយសមាជិកកសិករលើភូមិឋានឃុំ ជាជំហានៗបង្កើតបានការងារធ្វើ បង្កលក្ខណៈអភិវឌ្ឍទម្រង់សេដ្ឋកិច្ច ដែលមានប្រសិទ្ធភាព។ ដើម្បីពង្រីកប្រសិទ្ធភាពជាងទៀត នៅពេលខាងមុខ សមាគមនឹងបង្កើនកិច្ចសហការជាមួយផ្នែកជំនាញរៀបចំបើកវគ្គហ្វឹកហ្វឺនវិទ្យាសាស្ត្រ - បច្ចេកទេសជឿនលឿនដល់សមាជិក; ជំរុញប្រភពទុនអាទិភាពដើម្បីសមាជិកកសិករ សំខាន់គឺសមាជិកដែលមានជីវភាពក្រីក្រ ជួបលំបាកខាងដើមទុនមានលក្ខណៈអនុវត្តនិងពង្រីកវិសាលភាពទម្រង់ដែលមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូល ឈានឡើងធ្វើមានស្របច្បាប់” សមមិត្តង្វៀងវុាំងតឹម អនុប្រធានសមាគមកសិករឃុំលីវទូ បានឱ្យដឹងដូច្នេះ៕
អត្ថបទនិងរូបថត៖ ថាញវ៉ាង-មុនី