មិនត្រឹមតែខិតខំប្រឹងប្រែងពលកម្មផលិត អភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ នារីខ្មែរនៅឃុំមីទូ ទីក្រុងកឹងធើ នៅទាំងសកម្មចូលរួមគាំទ្រចលនាកសាងជនបទថ្មី ដោយសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគអនុវត្តសម្រេចលក្ខឋានកសាងជនបទថ្មី ។

អ្នកមីងយ័ញធីហ្លួង (ខាងស្តាំ) នៅភូមិតាមសុខC១ ឃុំមីទូ ទីក្រុងកឹងធើ
រួមចំណែកកសាងជនបទថ្មីនៅភូមិភាគ។
រយៈពេលកន្លង ជាមួយទិសស្លោក “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” តាមរយៈសកម្មភាពជាក់ស្ដែង នារីខ្មែរនៅឃុំមីទូ តែងពង្រីកតួនាទីរបស់ខ្លួនដោយសកម្មភាពជាក់ស្តែង រួមកម្លាំងជាមួយរដ្ឋអំណាចភូមិភាគកសាងភូមិស្រុកកាន់តែរីកចម្រើន។ ផ្ដើមពីការចូលរួមកម្លាំងពលកម្ម គាំទ្រនិងចលនាថវិកា កសាងសំណង់ជនបទ; ចលនាប្រជាជនបរិច្ចាគដីកសាងសំណង់និងគម្រោងនានា ដើម្បីផលប្រយោជន៍រួមរបស់ភូមិភាគ។
ចែករំលែកអំពីការងារនាពេលកន្លង អ្នកមីងយ័ញធីហ្លួង ជាគ្រួសារគំរូក្នុងចលនាកសាងជនបទថ្មីនៅភូមិតាមសុខ C1 ឃុំមីទូ ឱ្យដឹង៖ “ដើម្បីរួមជាមួយរដ្ឋអំណាចភូមិភាគសម្រេចលក្ខឋានក្នុងការកសាងជនបទថ្មី ប៉ុន្មានឆ្នាំកន្លង ខ្ញុំបានចលនាប្រជាជនបរិច្ចាគដីប្រមាណជាង៤០០ម៉ែត្រ; ចលនាប្រាក់បាន៧០០លានដុង ដើម្បីកសាងស្ពានជំនួន៤និងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ៣០ដើម; ដាំផ្កាម្ជុល១០០ដើមនិងដើមពុំសែន៨០០ដើម នៅសងខាងផ្លូវលើភូមិឋានឃុំ”។
មិនត្រឹមតែអ្នកមីងហ្លួងទេ នារីខ្មែរជាច្រើននាក់ទៀតក៏បានចូលរួមគាំទ្រចលនានេះដែរ។ តួយ៉ាងដូចជាបងស្រីយ័ញធីធូយ៉ាង នៅភូមិតាមសុខ A ឃុំមីទូ ឱ្យដឹង៖ “ចូលរួមគាំទ្រចលនាកសាងជនបទថ្មីឆ្នាំ ២០២៤ ខ្ញុំចលនាបានកម្លាំងពលកម្ម ២៥ ថ្ងៃ និងទឹកប្រាក់ជាង ១ ពាន់លានដុង កសាងស្ពានបាន១និងផ្លូវដានជនបទ ១ ហើយដំឡើងអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យបានចំនួន៦២ ថវិកាសរុបប្រមាណជាង ៩០លានដុង”។ ចំណែកអ្នកមីងឡឹមធីង៉ុកម៉ាយ នៅភូមិតាមសុខ B១ ឃុំមីទូ ដើម្បីរួមជាមួយរដ្ឋអំណាចកសាងជនបទថ្មី គាត់ចលនាសប្បុសជននឹងមាមីងនៅភូមិភាគរួមចំណែកជាទឹកប្រាក់បានប្រមាណ ២ ពាន់លានដុង ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ៦៤ដើម; កសាងស្ពានជនបទចំនួន១២; កាប់ឆ្ការ ធ្វើរបងនិងដាំផ្កាតាមដងផ្លូវជនបទរួមចំណែកបង្កើតទេសភាពបៃតង-ជ្រះ-ស្អាត។
សមមិត្តវ៉មិញឡឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំមីទូ ឱ្យដឹង៖ “អាចឃើញថា ការងារជាក់ស្តែងរបស់នារីខ្មែរក្នុងឃុំបានរួមចំណែកយ៉ាងសំខាន់ក្នុងចលនាកសាងជនបទថ្មីរបស់ភូមិភាគ។ សង្ឃឹមថា នាពេលខាងមុខនារីខ្មែរនឹងពង្រីកបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរដ្ឋអំណាចក្នុងការកសាងភូមិស្រុកមីទូកាន់តែរីកចម្រើន”។
ជាមួយនឹងការរួមចំណែកទាំងនេះ នារីខ្មែរកាន់តែបញ្ជាក់ពីជំហរតួនាទីរបស់ខ្លួនក្នុងចលនាកសាងជនបទថ្មី រួមចំណែកជាមួយរដ្ឋអំណាចអនុវត្តជោគជ័យនូវភាគកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងរក្សារឹងមាំសន្តិសុខការពារមាតុភូមិនៅភូមិភាគ៕
ថាញវ៉ាង-ទីទុយ