ជាច្រើនឆ្នាំមកនេះ ដោយការយកចិត្តទុកដាក់និងវិនិយោគរបស់បក្ស រដ្ឋ និងកិច្ចចង្អុលការជិតដិតរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំញ៉ូយ៉ា ទីក្រុងកឹងធើ កម្មវិធីនិងគោលនយោបាយសម្រាប់តំបន់ដែលមានប្រជាជនខ្មែររស់នៅកុះករ បានផ្សព្វផ្សាយអនុវត្តទាន់ពេលនិងមានប្រសិទ្ធភាព។ ឆ្លងតាមរយៈនោះ បានរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន ទិដ្ឋភាពជនបទកាន់តែស្រស់បំព្រង។

ដងផ្លូវនៅឃុំញ៉ូយ៉ា ទីក្រុងកឹងធើ បានវិនិយោគកសាងនិងកែលម្អ ជួយឱ្យប្រជាជននៅ
ភូមិភាគធ្វើដំណើរទៅមកបានងាយស្រួល។
ក្នុងដំណើរបំពេញការងារលើភូមិឋានឃុំញ៉ូយ៉ា ទីក្រុងកឹងធើ យើងខ្ញុំឃើញច្បាស់ពីការផ្លាស់ប្តូរនៅជនបទក្រីក្រ តំបន់ដែលមានប្រជាជនខ្មែររស់នៅកុះករ។ ទីនេះបានផ្លាស់ប្ដូរជាមួយនឹងផ្ទះធំទូលាយ ផ្លូវថ្នល់ សាលារៀន និងដំណាក់សុខាភិបាលបានវិនិយោគសាងសង់យ៉ាងរឹងមាំ ជួយឱ្យមាមីងធ្វើដំណើរ ជួញដូរនិងសិស្សានុសិស្សទៅសាលារៀនបានងាយស្រួល។ និយាយពីការផ្លាស់ប្តូរនៅស្រុកកំណើត លោកឡឹមសុភា នៅភូមិព្រែកឈ្វេង ឃុំញ៉ូយ៉ា បានឱ្យដឹង៖ “កាលពីមុន ជីវភាពរបស់មាមីងនៅជួបការលំបាក កូនចៅទៅសាលារៀនត្រូវដើរកាត់ភក់ក្នុងរដូវវស្សា ប៉ុន្តែក្នុងអំឡុងពេល១០ឆ្នាំមកនេះ ដោយបានរដ្ឋអំណាចយកចិត្តទុកដាក់ វិនិយោគកសាងផ្លូវ ទើបការធ្វើដំណើរមានភាពងាយស្រួល ជីវភាពរបស់មាមីងបានប្រសើរជាងមុន”។ តាមប្រសាសន៍សមមិត្ត ត្រឹងក្វឹកហ៊ឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំញ៉ូយ៉ា ក្នុងឆ្នាំ២០២៥ ឃុំបានថ្នាក់លើវិនិយោគសាងសង់ និងកែលម្អផ្លូវដានចំនួន២ នៅភូមិកឹងឌឿក និងភូមិព្រែកឈ្វេងប្រវែង២.២៥០ម៉ែត្រ គិតជាទឹកប្រាក់ជាង៤ ពាន់លានដុង និងពង្រីកផ្លូវដាននៅភូមិភូហ្វា ប្រវែងជាង៨០០ម៉ែត្រ ដោយសរុបថវិកា១០ពាន់លានដុង។ល។
ទន្ទឹមនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ គោលនយោបាយឧបត្ថម្ភប្រជាជនអភិវឌ្ឍផលិតបានយកចិត្តទុកដាក់និងអនុវត្តមានប្រសិទ្ធភាពផងដែរ។ ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលឈានឡើងធូរធារដោយទុនពីធនាគារគោលនយោបាយ លោកថាច់សឿន នៅភូមិបឹង ឃុំញ៉ូយ៉ា ឱ្យដឹង៖ “ពីមុនស្ថានភាពគ្រួសារលំបាក មានដីបន្តិចចន្តួច ក្រៅពីផ្ទៃដីដាំចម្ការ២កុងដែលឪពុកម្តាយចែកឱ្យប្តីប្រពន្ធខ្ញុំ ដើរធ្វើការឈ្នួលរកចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ជីវភាព។ ឆ្នាំ២០១០ ដោយបានរដ្ឋអំណាចឧទ្ទេសនាមបុលទុន ខ្ញុំក៏វិនិយោគលើការចិញ្ចឹមគោមេ”។ ដោយការខ្នះខ្នែងព្យាយាមថែទាំ រៀនសូត្របទពិសោធន៍ ពីការចិញ្ចឹមតាមរយៈកាសែត ទូរទស្សន៍និងមាមីងក្នុងភូមិ ទើបហ្វូងគោគាត់ឆាប់ធំធាត់ល្អ។ ដោយឃើញទម្រង់ចិញ្ចឹមគោមានប្រសិទ្ធភាពនិងមិនសូវបង់កម្លាំងថែទាំ ឆ្នាំ២០១៥ លោកសឿន បានបុលបន្ថែម៣០លានដុង ដើម្បីពង្រីកទំហំចិញ្ចឹម។ លោកសឿន ឱ្យដឹង៖ “ ក្នុងមួយឆ្នាំៗ គោកើតកូនបាន៤ក្បាល តាំងពីចិញ្ចឹមមកខ្ញុំលក់បានប្រហែល១០ក្បាល ដោយឡែកឆ្នាំ២០១៩ ខ្ញុំលក់៧ក្បាល រកបានប្រាក់ចំណូលជាង១០០លានដុង។ ការចិញ្ចឹមគោបានជួយជីវភាពគ្រួសារខ្ញុំឱ្យប្រសើរឡើង ចាកផុតពីភាពក្រីក្រ”។
សមមិត្ត ត្រឹងក្វឹកហ៊ឹង - ប្រធានគណៈកម្មាធិការប្រជាជនឃុំញ៉ូយ៉ា ឱ្យដឹង៖ “អស់រយៈពេលជាច្រើនឆ្នាំផ្សព្វផ្សាយទាន់ពេលនិងមានប្រសិទ្ធភាពពីគោលនយោបាយរបស់បក្សនិងរដ្ឋ ជីវភាពរបស់ប្រជាជននៅលើភូមិឋានឃុំបានផ្លាស់ប្តូរយ៉ាងច្បាស់។ ទិដ្ឋភាពជនបទមានភាពរីកចម្រើន ដងផ្លូវដីកាលពីមុនឥឡូវបានចាក់បេតុង ផ្ទះថ្មីៗសាងសង់យ៉ាងសមរម្យមួយថ្ងៃកាន់តែច្រើនឡើង។ សម្រេចបានលទ្ធផលខាងលើគឺ ជាការបញ្ជាក់ពីគោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស រដ្ឋ កិច្ចចង្អុលការរបស់រដ្ឋអំណាច ជាពិសេស គឺការខិតខំឈានឡើងរបស់ប្រជាជននៅភូមិភាគ”៕
អត្ថបទនិងរូបថត៖ ថាញវ៉ាង-មេងលី