ជារៀងរាល់ឆ្នាំ ឱ្យតែដល់វិស្សមកាលកូនចៅជនរួមជាតិខ្មែរតែងមកវត្តរៀនអក្សរខ្មែរ។ រដូវវិស្សមកាលពិតជាមានអត្ថន័យ ព្រោះប្អូនៗមិនត្រឹមតែបានព្រះសង្ឃបង្រៀនអក្សរប៉ុណ្ណោះទេ នៅទាំងមានកន្លែងសម្រាប់លេងកម្សាន្តទៀតផង។ ការបង្រៀនអក្សរខ្មែរនៅវត្តកើតចេញពីទឹកព្រះទ័យរបស់ព្រះសង្ឃក្នុងការរួមចំណែកអភិរក្សភាសា និងអក្សរសាស្ត្ររបស់ជនជាតិ។

ព្រះតេជគុណ ហ្វិញតាយ បង្រៀនអក្សរខ្មែរថ្នាក់ទី៣ដល់សិស្ស
ដែលមករៀនក្នុងវត្តសំរោង។
តាំងពីដើមដល់បច្ចុប្បន្ន ការរៀនអក្សរខ្មែរនៅតាមវត្តអារាមភាគច្រើនអាស្រ័យព្រះសង្ឃទទួលរ៉ាប់រង ហើយព្រះសង្ឃដែលបង្រៀនសុទ្ធតែបានបញ្ចប់ថ្នាក់បាលីរង និងយល់ជ្រៅជ្រះពីភាសាខ្មែរ។ តួយ៉ាងដូច៖ ព្រះតេជគុណថាច់ហៀង គង់នៅវត្តសេរីមុនីសង្កែ ឃុំទ្រឿងខាញ់ ទីក្រុងកឹងធើ។ ព្រះតេជគុណហៀង រៀនចប់ថ្នាក់បាលីរង ហើយបានព្រះចៅអធិការប្រគល់ភារកិច្ចបង្រៀនភាសាខ្មែរថ្នាក់ទី១ដល់ប្អូនៗ និងវិន័យថ្នាក់ត្រីដល់ព្រះសង្ឃក្នុងវត្ត។ សម្រាប់ព្រះតេជគុណ ហៀង ការបង្រៀនភាសាខ្មែរគឺជាក្តីរីករាយ ព្រោះមិនត្រឹមតែជួយឱ្យកូនចៅខ្មែរចេះអាន និងចេះសរសេរភាសាកំណើត ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សភាសា និងអក្សរសាស្ត្ររបស់ជនជាតិផងដែរ។ ព្រះតេជគុណហៀង មានថេរៈដីកា៖ “អាត្មាបួសហើយ រៀនអក្សរខ្មែរនិងបាលី ដោយសារមាមីងពុទ្ធបរិស័ទទំនុកបម្រុង ដូច្នេះនៅពេលដែលព្រះចៅអធិការប្រគល់ភារកិច្ចបង្រៀនព្រះសង្ឃក្នុងវត្ត និងបង្រៀនអក្សរខ្មែរដល់ប្អូនៗសិស្សានុសិស្ស គឺអាត្មាកាន់តែខិតខំអានសៀវភៅ និងកាសែតខ្មែរបន្ថែមទៀត ដើម្បីរកវិធីសាស្រ្តបង្រៀនសិស្សឱ្យងាយយល់ និងងាយចងចាំ។ ក្នុងម៉ោងរៀន អាត្មាតែងបង្កបរិយាកាសរីករាយដើម្បីប្អូនៗរៀនសូត្រ ពេលដែលប្អូនៗណាអាននិងសរសេរពូកែគឺអាត្មាផ្តល់រង្វាន់បន្ថែម ដូច្នេះនរណាក៏ចូលចិត្តមកវត្តរៀនដែរ ហើយបានស្គាល់មិត្តភក្តិបន្ថែមផង”។ ព្រះតេជគុណហៀង មានថេរៈដីកា៖ វិស្សមកាលឆ្នាំនេះ មានសិស្សចំនួន ១១៥ នាក់ ចូលរៀនតាំងពីថ្នាក់ទី១ដល់ទី៣។ ក្រៅពីបង្រៀនអក្សរខ្មែរ អាត្មាក៏បានបង្រៀននូវទំនៀមទម្លាប់ របៀបលើកដៃសំពះនិងឥរិយាបទក្នុងគ្រួសារ និងសហគមន៍។ បន្ទាប់ពីសិក្សាអស់រយៈពេលជាង ២ ខែ វត្តបានរៀបចំប្រឡងបិទវគ្គ និងប្រកាសលទ្ធផល ជូនរង្វាន់ ដើម្បីលើកទឹកចិត្តដល់ប្អូនៗដែលមកវត្តរៀនក្នុងឱកាសវិស្សមកាល។
ទទួលបន្ទុកបង្ហាត់បង្រៀនអក្សរខ្មែរអស់រយៈពេល ៤ ឆ្នាំដល់កូនចៅជនរួមជាតិនៅវត្តសំរោង សង្កាត់សុកត្រាំង ព្រះតេជគុណ ហ្វិញតាយ តែងបានប្អូនៗសិស្សានុសិស្សគោរពស្រឡាញ់។ ប្អូនឌិញហាម៉ាយឌិញ បានឱ្យដឹង៖ “ពួកប្អូនពិតជាចូលចិត្តការបង្រៀនរបស់ព្រះតេជគុណណាស់ ព្រោះការបង្រៀនរបស់ព្រះអង្គងាយយល់ និងងាយចងចាំ ដូច្នេះឥឡូវប្អូនចេះអាន និងសរសេរអក្សរខ្មែរបានយ៉ាងស្ទាត់។ ឆ្នាំនេះ ពេលដែលចាប់ផ្តើមចូលរៀនដំបូង ព្រះអង្គបានឱ្យឯកសណ្ឋានអាវយឺត សៀវភៅ និងប៊ិក បើរៀនពូកែថែមទាំងទទួលបានរង្វាន់ជាទឹកប្រាក់ទៀតផង”។
ដោយការស្រឡាញ់ចូលចិត្តរៀនអក្សរខ្មែររបស់សិស្ស បានជំរុញទឹកចិត្តដល់ព្រះតេជគុណ ហ្វិញតាយ ខំប្រឹងសិក្សាស្រាវជ្រាវសៀវភៅបន្ថែមដើម្បីបង្រៀនឱ្យកាន់តែល្អ។ ព្រះតេជគុណ តាយ មានថេរៈដីកា៖ “អាត្មាមិនមែនជាគ្រូបង្រៀនទេ ប៉ុន្តែមកពីទឹកចិត្តរបស់អាត្មាចង់ឱ្យកូនចៅខ្មែរ ចេះនិយាយ និងសរសេរអក្សររបស់ជនជាតិ ទើបអាត្មាភាពព្យាយាមឈរថ្នាក់បង្រៀនជាប្រចាំ។ ដើម្បីជំរុញទឹកចិត្តប្អូនៗរៀនសូត្រដល់ចុងវគ្គសិក្សា ព្រះសង្ឃនឹងរៀបចំការប្រឡងប្រកាសលទ្ធផលនិងជូនរង្វាន់។ ចំពោះរង្វាន់វិញ ក្រៅពីទឹកប្រាក់ ១ លានដុង ក៏មានសៀវភៅ និងប៊ិកផងដែរ ដូច្នេះថ្នាក់រៀនបានទាក់ទាញប្អូនៗជាច្រើនមករៀនជារៀងរាល់ឆ្នាំ។ ក្រៅពីនោះ ព្រះអង្គក៏បាននាំប្អូនៗទៅទស្សនាវត្តខ្មែរល្បីៗមួយចំនួនក្នុងទីក្រុង ដើម្បីប្អូនៗមានរដូវវិស្សមកាលមួយប្រកបដោយអត្ថន័យ ដោយបានរៀនអក្សរខ្មែរផងនិងបានដើរកម្សាន្តផង”៕
យ្វីអាញ-ប្រែសម្រួល៖ មេងលី