ចូលរួមគាំទ្រចលនាប្រឡងប្រណាំង “រួមគ្នាបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម” លើទូទាំងប្រទេសក្នុងឆ្នាំ ២០២៥ ដែលលោកនាយករដ្ឋមន្ត្រី បានបំផុសចលនាទូទាំងប្រព័ន្ធនយោបាយនៃទីក្រុងកឹងធើ បានយកចិត្តទុកដាក់ចូលរួមនិងកៀរគរប្រភពធនធាន ដើម្បីផ្សព្វផ្សាយអនុវត្ត។ តាមរយៈនោះ មានគ្រួសារជាច្រើនដែលមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រ និងគ្រួសារក្បែរក្រ ទទួលបានការឧបត្ថម្ភសាងសង់ថ្មីនិងជួសជុលផ្ទះ ដើម្បីមានកន្លែងរស់នៅសមរម្យ ធានាបាននូវលក្ខណៈចាំបាច់សម្រាប់ការរស់នៅប្រកបដោយស្ថិរភាពនិងលើកកម្ពស់ជីវភាព។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ រួមជាមួយអ្នកតំណាងទាំងឡាយបានចូលរួមពិធីបើកការដ្ឋានសាងសង់ផ្ទះដើម្បីអនុវត្ត
ចលនាប្រឡងប្រណាំង“រួមគ្នាបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម” នៅសង្កាត់ភឿកថើយ
ទីក្រុងកឹងធើ កាលពីខែមីនា ឆ្នាំ ២០២៥។
លទ្ធផលគួរឱ្យកត់សម្គាល់ពេលចាប់ផ្តើមអនុវត្តចលនានេះ ភូមិភាគនានានៅទីក្រុងកឹងធើ បានពិនិត្យនិងកំណត់ថា មានផ្ទះចំនួន ១១.៤៦២ ខ្នងដែលសាងសង់និងជួសជុល។ ក្នុងនោះរួមមានផ្ទះ៖ ១.៨៦០ ខ្នងសម្រាប់អ្នកមានសគុណចំពោះបដិវត្តន៍ និងសាច់ញាតិយុទ្ធជនពលី; ៩.១៣២ ខ្នងសម្រាប់គ្រួសារក្រ និងក្បែរក្រ; ៤៧០ ខ្នងសម្រាប់គ្រួសារក្រដែលត្រូវឧបត្ថម្ភសង់លំនៅឋានតាមកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
ជាក់ស្តែង៖ ទីក្រុងកឹងធើ (ចាស់) សរុបតម្រូវការឧបត្ថម្ភបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមគឺ ១.០៦៦ ខ្នង រួមមានសាងសង់ថ្មី ៨៥៥ ខ្នង និងជួសជុល ២១១ ខ្នង។ មកដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៥ បានបញ្ចប់ការឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះទាំងអស់។ ខេត្តហូវយ៉ាង (ចាស់) សរុបតម្រូវការឧបត្ថម្ភបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមគឺ ១.៤៧៩ ខ្នង រួមមានសាងសង់ថ្មី ៨៣៣ ខ្នង និងជួសជុល ៦៤៦ ខ្នង។ មកដល់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ បានបញ្ចប់ការឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះទាំងអស់។ មកដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ ខេត្តសុកត្រាំង (ចាស់) ក៏បានបញ្ចប់ការសាងសង់ និងជួសជុលផ្ទះចំនួន ៨.៩១៧/៨.៩១៧ ខ្នង សម្រេច១០០% ផែនការ (លើសផែនការមុន ៣ ខែធៀបនឹងទិសដៅដែលបានកំណត់) ជាមួយនឹងថវិកាសរុបជាង ៤៦៣ ពាន់លានដុង។
ដើម្បីអនុវត្តការសាងសង់និងជួសជុលផ្ទះ ទីក្រុងកឹងធើ បានកៀរគរថវិកាសរុបជាង ៦៥១,១៣៣ ពាន់លានដុង និងកម្លាំងពលកម្មឥតគិតថ្លៃចំនួន ៥៨.៤៨៩ ថ្ងៃ។ ក្នុងនោះ ថវិកាជំនួយពីថវិកាមជ្ឈិមគឺ ៥៨៥,១១២ ពាន់លានដុង ថវិកាពីការសន្សំសំចៃ ៥% គឺ ៧៨,៩៥៨ ពាន់លានដុង ថវិកាភូមិភាគគឺ ២,០៦ ពាន់លានដុង ការរួមចំណែកពីគ្រួសារទាំងឡាយគឺ ៤៦,៥៨៦ ពាន់លានដុង ថវិកាកៀរគរក្នុងសង្គមដោយគណៈចង្អុលការមជ្ឈិមគឺ ៦២,៥៨ ពាន់លានដុងនិងថវិកាដែលភូមិភាគកៀរគរគឺ ៧៥,៨៣៧ ពាន់លានដុង។
ក្រៅពីនេះ រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង និងអង្គការជាសមាជិកនានា ក៏បានកៀរគរពីប្រភព “មូលនិធិដើម្បីអ្នកក្រ” ដើម្បីជួសជុល សាងសង់និងប្រគល់ផ្ទះមហាសាមគ្គីចំនួន ៨.៧៨៤ ខ្នងជូនគ្រួសារក្រ និងគ្រួសារក្បែរក្រ ដោយថវិកាជាង ៤៣៩ ពាន់លានដុង រួមចំណែកលើកកម្ពស់គុណភាពជីវភាព និងបន្ថយភាពក្រីក្រដោយចីរភាព។
យោងតាមប្រសាសន៍ លោកឡាទ្រុងគី នាយករងមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ បានអនុវត្តដំណោះស្រាយជាច្រើនដើម្បីរួមគ្នាបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម។ ក្នុងដំណើរការអនុវត្តបានកត់សម្គាល់នូវទម្រង់ល្អៗនិងវិធីសាស្រ្តច្នៃប្រតិដ្ឋជាច្រើន រួមចំណែកដ៏សំខាន់ទៅក្នុងលទ្ធផលរួមរបស់ភូមិភាគ។ ភូមិភាគនានាបានកៀរគរការរួមចំណែកពីសហគមន៍អាជីវកម្ម អង្គការ បុគ្គល កងកម្លាំងប្រដាប់អាវុធ សមាជិកសហជីព សមាជិកសមាគម យុវជន និងប្រជាជនដោយស្មារតី “អ្នកណាមានអ្វីរួមចំណែកនោះ។ អ្នកណាមានកម្លាំងចូលរួមកម្លាំង។ អ្នកណាមានទ្រព្យចូលរួមទ្រព្យ។ អ្នកណាមានច្រើនចូលរួមច្រើន។ អ្នកណាមានតិចចូលរួមតិច”។ តាមរយៈនោះ បានសាយភាយទូលំទូលាយនូវកម្មវិធីបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមក្នុងទូទាំងទីក្រុង ដើម្បីគ្មាននរណាម្នាក់ទុកចោលនៅក្រោយគេ។

គ្រួសារប្រជាជននៅសង្កាត់ភឿកថើយ បានសមត្ថកិច្ចទីក្រុងកឹងធើ ឧបត្ថម្ភថវិកាដើម្បីសាងសង់ថ្មី
និងជួសជុលផ្ទះ។ រូបថតកាលពីខែមីនា ឆ្នាំ ២០២៥។
ប្រព័ន្ធនយោបាយទាំងមូលចូលរួមសម្រេចបានលទ្ធផលដូចខាងលើនេះ គឺដោយសារទីក្រុងកឹងធើ បានអនុវត្តចលនាប្រឡងប្រណាំងយ៉ាងប្ដូរផ្ដាច់ ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់។ ជាមួយស្មារតីគាំទ្រយ៉ាងខ្លាំងក្លាចំពោះចលនាប្រឡងប្រណាំងទូទាំងប្រទេស “រួមគ្នាបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម” គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធនយោបាយទាំងមូលរបស់ទីក្រុងបានចូលរួមយ៉ាងប្ដូរផ្ដាច់ សកម្មភាពព្រមៗគ្នា អស់ពីចិត្តពីថ្លើមនិងប្រកបដោយការទទួលខុសត្រូវ។
មុននិងក្រោយការបញ្ចូលព្រំប្រទល់រដ្ឋបាលគ្រប់ថ្នាក់និងគ្រប់ផ្នែករបស់ទីក្រុងកឹងធើ បានកំណត់ច្បាស់ ការឧបត្ថម្ភសង់លំនៅឋានដល់អ្នកមានសគុណចំពោះបដិវត្តន៍ គ្រួសារជនជាតិភាគតិចក្រីក្រនិងក្បែរក្រ គឺជាភារកិច្ចនយោបាយផង និងមានអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅផង។ បានបង្ហាញពីការទទួលខុសត្រូវនិងគុណធម៌ “តបស្នងសងគុណ” “ស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯង” រួមចំណែកនាំមកនូវផ្ទះដ៏កក់ក្តៅដល់អ្នកមានសគុណ អ្នកក្រ ជាមួយនឹងទិសស្លោក “មិនទុកនរណាម្នាក់នៅក្រោយគេ”។
លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចែករំលែក៖ “មើលដំណើរការបញ្ចប់កម្មវិធីបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមនៅទីក្រុងកឹងធើ លទ្ធផលមិនត្រឹមតែជាតួលេខនៃចំនួនផ្ទះដែលបានសាងសង់ថ្មី ឬជួសជុលប៉ុណ្ណោះទេ ថែមទាំងជាអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅ និងជាកម្លាំងនៃសាមគ្គីភាពដែលបានសាយភាយ។ ភាពជោគជ័យនៃចលនាប្រឡងប្រណាំងនេះ គឺបានមកពីកិច្ចសហការស៊ីចង្វាក់គ្នារវាងគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ភូមិភាគ ជាពិសេសគឺស្មារតីសាមគ្គី ស្រុះចិត្តគំនិត និងការរួមកម្លាំងនៃប្រព័ន្ធនបាលនយោបាយទាំងមូល និងរបស់ប្រជាជនក្នុងទីក្រុង។ ទន្ទឹមនឹងនោះ គណៈចង្អុលការទីក្រុងបានចូលរួមយ៉ាងប្ដូរផ្ដាច់ ដឹកនាំដោយការផ្តោតអារម្មណ៍ខ្ពស់ កៀរគរការចូលរួមពីសហគមន៍អាជីវកម្ម និងប្រជាជនទាំងអស់។ ទីក្រុងពិតជាគោរពចំពោះការគាំទ្ររបស់សហគមន៍ មិនត្រឹមតែដោយសម្ភារៈប៉ុណ្ណោះទេ ថែមទាំងដោយស្មារតី ការទទួលខុសត្រូវ និងមនោសញ្ចេតនាផង... នេះគឺជាភស្តុតាងដ៏រស់រវើកសម្រាប់ប្រពៃណី “ផឹកទឹកនឹកដល់ប្រភព” “ការអាណិតស្រឡាញ់គ្នា” “ជួយគ្នាក្នុងគ្រាក្រ” ដែលជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិវៀតណាមតាំងពីយូរលង់មក”។
កម្មវិធី “រួមគ្នាបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម” គឺជាការដឹងគុណចំពោះអ្នកមានសគុណ ជាអំណោយដ៏មានអត្ថន័យ និងតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅ ជាមួយនឹងស្មារតីតបស្នងសងគុណ និងជាកម្លាំងជំរុញ “មានផ្ទះនៅកក់ក្តៅ ” ដើម្បីឱ្យគ្រួសារក្រនិងក្បែរក្រលំនឹងជីវភាព និងឈានឡើងចាកភាពក្រីក្រដោយចីរភាព។
អត្ថបទនិងរូបថត៖ ខាញ់ទ្រុង - បកប្រែ៖ សុផន