ព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា គណៈការងាររណសិរ្សភូមិញ៉ី ឃុំតឹងថាញ់ ទីក្រុងកឹងធើ បានចាត់តាំង “ទិវាវប្បធម៌វៀតណាម ផ្សារភ្ជាប់នឹងទិវាបុណ្យមហាសាមគ្គីទូទាំងជនជាតិ និងសប្តាហ៍វប្បធម៌ - មហាសាមគ្គី ឆ្នាំ ២០២៦”។ អញ្ជើញចូលរួមមានសមមិត្ត ង្វៀងធៀងញើង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ព្រមទាំងតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹងថាញ់ និងកម្មាភិបាល ប្រជាជនភូមិញ៉ីយ៉ាងច្រើនកុះករ។

ឈុតសិល្បៈអបអរសាទរទិវាបុណ្យ។
ក្នុងទិវាបុណ្យ បណ្តាប្រតិភូនិងប្រជាជនបានរួមគ្នារំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រ ៩៦ឆ្នាំនៃការបង្កើតនិងរីកចម្រើននៃរណសិរ្សឯកភាពជាតិវៀតណាម - ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០ - ១៨/១១/២០២៦) ក៏ដូចជាអត្ថន័យដ៏ឧត្ដុង្គឧត្ដមនៃទិវាវប្បធម៌វៀតណាម។ ទន្ទឹមនឹងនោះ ភូមិញ៉ីបានបូកសរុបបណ្តោះអាសន្នរយៈពេល ១ ឆ្នាំអនុវត្តបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ ឆ្នាំ ២០២៦ និងដាក់ចេញទិសដៅសំខាន់ៗសម្រាប់ឆ្នាំ ២០២៧។
ភូមិញ៉ីបច្ចុប្បន្នមាន ៥៧១ គ្រួសារ ដោយមានប្រជាជនចំនួន ២.៣៤៣ នាក់ មានផ្ទៃដីធម្មជាតិ ៣៤៦,៩ ហិកតា (ក្នុងនោះ ដីស្រែ ១០៥ ហិកតា និងដីដាំបន្លែបង្ការ ២០ ហិកតា)។ ឆ្នាំ ២០២៦ គណៈការងាររណសិរ្សនិងគណៈប្រជាជនភូមិបានពង្រីកយ៉ាងល្អនូវតួនាទីប្រមូលផ្តុំផែនមហាសាមគ្គី ចលនាប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំយ៉ាងសកម្ម អនុវត្តបច្ចេកវិទ្យាជឿនលឿនទៅក្នុងការផលិត និងបង្កើនប្រាក់ចំណូល។ មកដល់ពេលនេះ ទូទាំងភូមិនៅមានគ្រួសារក្រីក្រត្រឹមតែ ១២ គ្រួសារ (ស្មើនឹងអត្រា ២,០៩%) និងគ្រួសារក្បែរក្រ ១២ គ្រួសារ (ស្មើនឹងអត្រា ២,០៩%); អត្រាគ្រួសារប្រើប្រាស់អគ្គិសនីនិងទឹកស្អាតសម្រេចបាន ៩៨,៤២%; មាន ៥៥០ គ្រួសារបានចុះឈ្មោះកសាងគ្រួសារវប្បធម៌ សម្រេច ៩៨,៧៧%។ ការងារសុខុមាលភាពសង្គមបានអនុវត្តព្រមៗគ្នា បើកចំហនិងតម្លាភាព។ អាស្រ័យហេតុនោះ ភូមិញ៉ីបានចលនាមូលនិធិ “ដើម្បីអ្នកក្រ” បានជាង ៥,៤ លានដុង; ទទួលនិងប្រគល់អំណោយគ្រឿងឧបភោគបរិភោគចំនួន ២២៣ ចំណែក ជាមួយតម្លៃសរុប ៤១ លានដុង ដើម្បីឧបត្ថម្ភទាន់ពេលដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងគ្រួសារដែលមានស្ថានភាពលំបាក។

គណៈចាត់តាំងជូនអាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រសង្វាតរៀនសូត្រលើភូមិឋានឃុំ។
ថ្លែងចង្អុលការក្នុងទិវាបុណ្យ សមមិត្ត ង្វៀងធីកេវលិញ លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំតឹងថាញ់ បានស្ងើចសរសើរចំពោះលទ្ធផលវិជ្ជមានដែលកម្មាភិបាលនិងប្រជាជនភូមិញ៉ីរួមគ្នាសម្រេចបាន។ សមមិត្តបានសំណូមពរគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស និងអង្គការមហាជនភូមិភាគក្នុងពេលខាងមុខបន្តជ្រួតជ្រាបស៊ីជម្រៅនូវបណ្តាគោលនយោបាយរបស់បក្ស រក្សាខ្ជាប់និងពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ; ជំរុញខ្លាំងបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិផ្សារភ្ជាប់ការកសាងជនបទថ្មី ជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារបន្ថយភាពក្រីក្រចីរភាព យកចិត្តទុកដាក់ហ្មត់ចត់ដល់ជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន; ទន្ទឹមនឹងនោះ រក្សាខ្ជាប់ការការពារប្រទេស - សន្តិសុខ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមចាប់ពីមូលដ្ឋាន។
ស្របឱកាសនេះ ឃុំតឹងថាញ់បានប្រកាសសេចក្តីសម្រេចបង្កើតក្លិបរាំវង់ រួមចំណែកអភិរក្សនិងផ្សព្វផ្សាយភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ គណៈចាត់តាំងបានប្រគល់ផ្ទះមហាសាមគ្គីចំនួន ៥ ខ្នង និងអំណោយចំនួន ៥០ ចំណែកជូនគ្រួសារក្រីក្រ អាហារូបករណ៍ចំនួន ១០ ចំណែកជូនសិស្សក្រីក្រជម្នះការលំបាកខិតខំរៀនសូត្រ; ទន្ទឹមនឹងនោះ ស្ងើចសរសើរនិងផ្តល់ប័ណ្ណសរសើរដល់បុគ្គលចំនួន ៦០ រូបដែលមានស្នាដៃឆ្នើមក្នុងការអនុវត្ត កសាងជនបទថ្មីលើភូមិឋានឃុំតឹងថាញ់។

សមមិត្ត ង្វៀងធៀងញើង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ព្រមទាំងថ្នាក់ដឹកនាំឃុំតឹងថាញ់ ជូនអំណោយដល់គ្រួសារក្រីក្រ។
ទិវាបុណ្យមិនត្រឹមតែជាឱកាសស្ងើចសរសើរលទ្ធផលសម្រេចបានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងចំណងសាមគ្គីភាពអ្នកភូមិផងរបងជាមួយគ្នា បំផុសការទទួលខុសត្រូវរបស់សហគមន៍ បន្តពូនជ្រុំកម្លាំងមហាសាមគ្គីក្នុងដំណើរការកសាងស្រុកកំណើតតឹងថាញ់ឱ្យមានភាពសម្បូណ៌សប្បាយនិងប្រកបដោយមនោសញ្ចេតនា៕
យ្វីអាញ - ថាច់ធី