ក្នុងឱកាសសន្និបាតផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញទូទាំងប្រទេស (ទាំង៣ថ្នាក់) របស់គណៈចង្អុលការជាតិបង្ការ ទប់ស្កាត់ជំងឺCOVID -19 នៅព្រឹកថ្ងៃទី ៣ ខែតុលា ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម បានសង្កត់ធ្ងន់៖ យើងត្រូវមានដំណោះស្រាយយ៉ាងច្បាស់លាស់ អនុវត្តយ៉ាងម៉ឺងម៉ាត់ ដាច់ខាតត្រូវរក្សាសុវត្ថិភាព មិនទុកឱ្យជំងឺផ្ទុះឡើង។ នេះជាភារកិច្ចនយោបាយ។
ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម ថ្លែងការណ៍ក្នុងអង្គសន្និបាត។
ឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់មូលហេតុ ២ យ៉ាង នាំឱ្យមានហានិភ័យនៃការឆ្លងរាលដាលធំបំផុតសព្វថ្ងៃ នោះគឺអ្នកឆ្លងដែនចូលវៀតណាម និងប្រភពជំងឺនៅក្នុងសហគមន៍។
តាមរបាយការណ៍របស់ភូមិភាគនានា លទ្ធផលនៃការឃ្លាំមើល ត្រួតពិនិត្យរបស់ក្រសួងសុខាភិបាល ក្រសួងនគរបាល បានឱ្យដឹង៖ រយៈពេលកន្លង ជាក់ស្ដែងគឺមានអ្នកឆ្លងដែនស្របច្បាប់ (ក្នុងនោះ មានអ្នកឯកទេស ពលករមានជំនាញបច្ចេកទេសខ្ពស់ជាជនបរទេស ប្រជាជនវៀតណាមមកពីតំបន់ជំងឺរាលដាល) មិនទាន់មានការគ្រប់គ្រងម៉ត់ចត់បន្ទាប់ពីដាក់ឱ្យនៅដោយឡែកចំនួន ១៤ ថ្ងៃ ជាក់ស្ដែងគឺមានអ្នកកើតជំងឺនៅថ្ងៃទី ២០ បន្ទាប់ពីឆ្លងដែនចូលមក។ ហេតុនេះ ឧបនាយករដ្ឋមន្រ្តី សំណូមពរដល់ក្រសួង ស្ថាប័ន និងភូមិភាគនានា ត្រូវគ្រប់គ្រងអ្នកឆ្លងដែនឱ្យបានម៉ត់ចត់ យ៉ាងហោចណាស់ ក្នុងអំឡុងពេល ២៨ ថ្ងៃ គិតទាំង ១៤ ថ្ងៃដាក់ឱ្យនៅដោយឡែក និង ១៤ ថ្ងៃពិនិត្យតាមដានសុខភាព។
អ្នកឆ្លងដែនចូលមកត្រូវជូនដំណឹងពីសុខភាព ជាចាំបាច់តាមប្រព័ន្ធអនឡាញ និងធ្វើបច្ចុប្បន្នភាពពីសុខភាពរបស់ខ្លួនតិចបំផុតម្ដងក្នុងមួយថ្ងៃ។
“រដ្ឋអំណាចមូលដ្ឋានដាច់ខាតមិនត្រូវអនុញ្ញាតឱ្យជនបរទេសឆ្លងដែន ដែលមិនមែនជាអ្នកឯកទេស ពលករមានជំនាញបច្ចេកទេសខ្ពស់ មិនមែនជាពលកររបស់អាជីវកម្មដែលមានតម្រូវការ” ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះ។
គ្រប់ភូមិភាគត្រូវក្ដាប់ឱ្យច្បាស់ ថាតើក្នុងមួយថ្ងៃលើភូមិសាស្រ្តមានមនុស្សប៉ុន្មាននាក់ឆ្លងដែនចូលមក គប្បីធ្វើបច្ចុប្បន្នភាពពីសុខភាព ការស្នាក់នៅជាប្រចាំ។
គ្រប់សណ្ឋាគារ មូលដ្ឋានស្នាក់នៅសម្រាប់អ្នកដែលដាក់ឱ្យនៅដោយឡែក គប្បីអនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្ដីណែនាំពីការបង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល ធ្វើបច្ចុប្បន្នភាពព័ត៌មាន ប្រចាំថ្ងៃស្ដីពីការអនុវត្តនូវវិធានការធានាសុវត្ថិភាព បង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាល។
ចំពោះការប្រទះឃើញ បង្ការ ទប់ស្កាត់ជំងឺឆ្លងរាលដាលក្នុងសហគមន៍ ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា តួនាទីរបស់ប្រជាជនគឺសំខាន់ណាស់។
មុននេះ នៅថ្ងៃទី ១៧ ខែមេសា ក្នុងកិច្ចប្រជុំផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញរបស់គណៈចង្អុលការជាតិបង្ការ ទប់ស្កាត់ជំងឺCOVID-19 ជាមួយនឹងភូមិភាគទាំង ៦៣ ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់៖ យើងត្រូវគ្រប់គ្រងជំងឺឆ្លងរាលដាលឱ្យបានឈានដល់ការរស់នៅសុវត្ថិភាព ជំរុញការរៀបរយសណ្ដាប់ធ្នាប់ស្ថិរភាពសង្គម៕
យោងតាម៖ (Chinhphu.vn) ប្រែសម្រួល៖ ពេជ្រសឿន