សុកត្រាំងជាខេត្តវាលទំនាបជាប់មាត់សមុទ្រ ដោយមានឆ្នេរសមុទ្រប្រវែង៧២គីឡូម៉ែត្រ និងជាប់មាត់ទន្លេហូវប្រវែង៥០គីឡូម៉ែត្រ មាន៣ជនជាតិគឺ កិញ-ខ្មែរ-ចិនរស់នៅ ម្ល៉ោះហើយមានសក្តានុភាពជាច្រើនដើម្បីអភិវឌ្ឍទេសចរណ៍។
កំពង់ផែកប៉ាល់ល្បឿនលឿនត្រឹងដេ ទៅកោះកូងដាវ បើកដំណើរការបានទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសុកត្រាំងរឹតតែច្រើន។
បច្ចុប្បន្ន ទូទាំងខេត្តសុកត្រាំង មានកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិ៨កន្លែង ថ្នាក់ខេត្ត៣៦កន្លែង រមណីយដ្ឋានទេសចរណ៍៤កន្លែង និងកន្លែងលក់ទំនិញគុណភាពខ្ពស់ បម្រើភ្ញៀវទេសចរចំនួន៤។ រមណីយដ្ឋានទេសចរណ៍ខាងផ្លូវចិត្ត មានដូច៖ វត្តមហាទប់ វត្តស្រឡូង វត្តឃ្លាំង វត្តឌឹកស៊ាក វត្តក្វាងអឹមលិញតឺ (ផឹកហុក២)។ល។ សុកត្រាំង ជាភូមិភាគ ល្បីរន្ទឺអំពីពិធីបុណ្យផ្សេងៗ មានដូច៖ បុណ្យអកអំបុក ប្រណាំងទូក-ង ពិធីបុណ្យងិញអុង បុណ្យជ្រោយរំចេក បុណ្យធាក់គងជាដើម។ ទន្ទឹមនឹងនោះ ខេត្តសុកត្រាំងនៅទាំងមានកន្លែងទេសចរណ៍ឆ្នេរខ្សាច់ម៉-អ នៅស្រុកត្រឹងដេ និងឆ្នេរខ្សាច់ហូប៊ែ នៅឃុំវិញហាយ ទីរួមខេត្តវិញចូវ។ គម្រោងរោងចក្រវាយោអគ្គិសនីនៅឡាយហ្វា កំពុងដំណើរការសាងសង់ អនាគតគឺជាគោលដៅទាក់ទាញភ្ញៀវទេសចរ។ ជាពិសេស តាំងពីមានជើងកប៉ាល់ល្បឿនលឿនត្រឹងដេឆ្ពោះទៅកោះកូងដាវ បានបើកដំណើរការកាលពីខែកក្កដា ឆ្នាំ២០១៧ បាននិងកំពុងទាក់ទាញ ជើងទេសចរណ៍មកកាន់ខេត្តសុកត្រាំងកាន់តែច្រើនឡើង។
បុណ្យអកអំបុក ប្រណាំងទូក-ងរបស់ជនរួមជាតិខ្មែរ បានទាក់ទាញភ្ញៀវទេសចរមកទស្សនាច្រើនកុះករ។
លោកង៉ោង៉ុកលិញ នាយកក្រុមហ៊ុនទេសចរណ៍បាស្វៀង ឲ្យដឹង៖ “ក្រុមហ៊ុនបានបង្កើតជើងទេសចរណ៍ជាច្រើនមកកាន់ខេត្តសុកត្រាំង មានទាំងភ្ញៀវទេសចរនៅភាគខាងជើង ភូមិភាគកណ្តាល និងភ្ញៀវបរទេសទៀតផង។ ភ្ញៀវទេសចរដែលមកទស្សនាខេត្តសុកត្រាំងភាគច្រើនតែងពេញចិត្ត ពីព្រោះមានរមណីយដ្ឋានទេសចរណ៍ដ៏ប្រណីតច្រើនកន្លែង ហើយសន្តិសុខសណ្តាប់ធ្នាប់បានធានាទៀត។ ជាក់ស្ដែងគឺជើងទេសចរណ៍ក្នុងឱកាសបុណ្យអកអំបុក ប្រណាំងទូក-ង បានទាក់ទាញភ្ញៀវទេសចរបរទេសច្រើនកុះករ។ ក្រៅពីនោះ មុខអាហារដែល ជាផលិតផលពិសេសរបស់សុកត្រាំង ដូចជា៖ នំបង្គាដាយតឹម នំបញ្ចុកទឹកសម្ល នំប៉ៀជាដើម។ ក៏បានរួមចំណែកទាក់ទាញភ្ញៀវទេសចរផងដែរ”។ លោកឡឹមសុើងហៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយតឹម ឲ្យដឹង៖ “ឆ្នាំ២០១៨ ខេត្តបានដោះស្រាយដាច់ស្រេចបញ្ហាលក់ដូរបំពានចិញ្ចើមថ្នល់ ដើម្បីរក្សាសោភណភាពបរិវេណវត្តស្រឡូងឡើងវិញ។ ខេត្តក៏បានកសាងចំណតរថយន្ត កន្លែងលក់ដូរប្រមូលផ្តុំជូនគ្រួសារប្រជាជនលក់ដូរផលិតផលពិសេសរបស់ភូមិភាគ។ ទន្ទឹម នឹងនោះ វត្តក៏បានជួសជុលព្រះវិហារឡើងវិញ ក្រាលឥដ្ឋទីធ្លា កសាងសួនផ្កាជាដើម ម្ល៉ោះហើយកាន់តែទាក់ភ្ញៀវទេសចររឹតតែច្រើនឡើង។ បច្ចុប្បន្ន ក្នុងមួយថ្ងៃវត្តស្រឡូងមានភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសមកទស្សនាមធ្យមភាគប្រមាណ ១.២០០លើកនាក់”។
លោកត្រឹងមិញលី នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ ឲ្យដឹង៖ “បច្ចុប្បន្ន ពេលមកកាន់ខេត្តសុកត្រាំង ក្រៅពីទស្សនាភ្លក់រសជាតិមុខអាហារពិសេសរបស់ភូមិភាគ ភ្ញៀវទេសចរនៅទាំងបានទស្សនាកម្មវិធីសិល្បៈរបស់ជនជាតិទាំង៣ កិញ-ខ្មែរ-ចិន នៅតាមភោជនីយដ្ឋានពេលមានតម្រូវការ។ ក្រៅពីនោះ នៅតាមវត្តអារាមមួយចំនួន មានដូច៖ វត្តមហាទប់ វត្តស្រឡូង ក៏មានវង់ភ្លេងពិណពាទ្យ ភ្លេងប្រពៃណីរបស់ជនរួមជាតិខ្មែរ ប្រគំកំដរអារម្មណ៍ភ្ញៀវទេសចរផងដែរ។ ដើម្បីញុាំងវិស័យទេសចរណ៍រីកចម្រើន និងក្លាយជាផ្នែកសេដ្ឋកិច្ចសំខាន់ ខេត្តសុកត្រាំងកំពុងផ្សព្វផ្សាយអនុវត្តនូវគម្រោងអភិវឌ្ឍទេសចរណ៍ជាច្រើន កសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលប្រភពធនធានមនុស្សបម្រើសេវាទេសចរណ៍។ល។”៕
យ្វីអាញ់-វិមាន