ការប្រគំតន្រ្តី សរសេរអក្ខរាវិចិត្រ។ល។ នៅសួនច្បារបេននិញកេវ សម្រាប់បម្រើជូនភ្ញៀវទេសចរ គឺសកម្មភាពថ្មីមួយ អាស្រ័យមជ្ឈមណ្ឌលអភិវឌ្ឍទេសចរណ៍ក្រុងកឹងធើរៀបចំឡើង។ បរិយាកាសសម្តែងសិល្បៈតាមដងវិថី គឺការរួមបញ្ចូលរវាងសិល្បករនិងទស្សនិកជន ជាចំណុចសំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ។
ស្មេរអក្សរ សរសេរអក្ខរាវិចិត្រជូនភ្ញៀវទេសចរ។
រយៈពេលជាង១ខែកន្លង រាត្រីថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ នៅមណ្ឌលក្បែរស្ពានថ្មើរជើង គេឃើញមានភ្ញៀវទេសចរឈរជិតជុំល្វែងសរសេរអក្ខរាវិចិត្រ ដើម្បីសុំនូវអក្សរដែលមានអត្ថន័យជាមង្គលនិងស្តាប់នូវចង្វាក់ភ្លេងដ៏លន្លង់លន្លោច។ កម្មវិធីតន្រ្តីអាស្រ័យសមាជិករបស់ក្លឹបជក់ចិត្តនឹងហ្គីតាសម្តែង។ ជាមួយនឹងឧបករណ៍ភ្លេងហ្គីតា ស្គរ cajon វីយ៉ូឡុង ខ្លុយ។ល។ ត្រូវបានតន្រ្តីករទាំងឡាយប្រគំឡើងយ៉ាងថ្នឹកហាក់ដូចជាចាំស្ទាត់ក្នុងចិត្តអីចឹង។ ដោយសារការជក់ចិត្តផ្ដិតអារម្មណ៍នឹងសិល្បៈ មានទស្សនិកជនជាច្រើនបានច្រៀងជាមួយនឹងសិល្បករ។ ទោះបីការសម្តែងនេះ គ្មានឆាកគ្មានភ្លើងពណ៌ក៏ពិតមែន ប៉ុន្តែកម្លាំងទាក់ទាញនៃកម្មវិធីសិល្បៈគឺខ្លាំងក្លាណាស់។ លោកង្វៀន តូហ្វាងវ៉ាន់ ភ្ញៀវទេសចរមកពីក្រុងហាយផុង ឲ្យដឹង៖ “តន្រ្តីករទាំងឡាយប្រគំភ្លេងយ៉ាងពីរោះរណ្តំ!” ចំណែកលោកខាង្វៀន ជាសិល្បករម្នាក់មកពីក្រុងហូជីមិញ ចែករំលែក៖ ថ្វីបើកម្មវិធីនេះមានទ្រង់ទ្រាយមិនធំដូចកម្មវិធីសិល្បៈនៅសង្កាត់ថ្មើរជើងង្វៀនហ្វែ ក្រុងហូជីមិញក៏ដោយ ប៉ុន្តែការសម្តែងមានភាពស៊ីចង្វាក់ដូច្នេះគឺចាំបាច់ខ្លាំងណាស់។ លោកខាង្វៀន ឲ្យដឹង៖ “សិល្បករមានកន្លែងសម្តែងតាមចំណង់ចិត្ត រីឯភ្ញៀវទេសចរវិញក៏បានបម្រើផងដែរ”។
នៅល្វែងសរសេរអក្ខរាវិចិត្រ ថ្វីបើមាន”ស្មេរអក្សរ”វ័យក្មេង មកពីក្លឹបអក្ខរាវិចិត្រកឹងធើ ប្រមាណ៥-៧នាក់ ប៉ុន្តែអ្នកទាំងអស់គ្នាតែងមមាញឹកជាមួយការសរសេរអក្សរជូនភ្ញៀវស្ទើរតែគ្មានពេលសម្រាក។ មានភ្ញៀវទេសចរជាច្រើនបានសុំឲ្យសរសេរអក្សរដែលមានអត្ថន័យបួងសួងនូវលាភនិងសំណាង អ្នកខ្លះទៀតក៏សុំអក្សរតែ២ពាក្យគឺ” កឹងធើ”ប៉ុណ្ណោះ ដើម្បីកត់សម្គាល់នូវដំណើរទេសចរមួយប្រកបដោយភាពរីករាយ។ បងង្វៀនហ៊ឺវធើ សមាជិកក្លឹបអក្ខរាវិចិត្រ ចែករំលែកថា ភ្ញៀវទេសចរបរទេសតែងមានចំណាប់អារម្មណ៍ជាមួយនឹងលក្ខណៈអក្ខរាវិចិត្រខ្លាំងណាស់។ ម្យា៉ងទៀតមានសមាជិកក្នុងក្លឹបមួយចំនួនអាចសន្ទនាជាភាសាបរទេស ហើយយល់ច្បាស់អំពីក្តីបំណងរបស់ភ្ញៀវបានជាខណៈពេលទទួលយកអក្សរភ្ញៀវទេសចរក៏សម្តែងនូវការរីករាយយ៉ាងខ្លាំង។
បន្ទាប់កម្មវិធីសិល្បៈប្រពៃណីនៅបេននិញកេវ នារាត្រីថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ ក្រុងកឹងធើថែមទាំងមានកម្មវិធីសិល្បៈតាមដងវិថីសម្រាប់បម្រើភ្ញៀវទេសចរ។ ការខិតខំទាំងនោះ មិនត្រឹមតែជាទិសដៅញាំុងឲ្យមានភាពលេចធ្លោផ្នែកទេសចរណ៍នៅកឹងធើប៉ុណ្ណោះទេ នៅទាំងបង្កឲ្យមានការចំណាប់អារម្មណ៍ចំពោះភ្ញៀវ ខណៈពេលមកទស្សនានៅបេននិញកេវថែមទៀត។ ទន្ទឹមនឹងនោះ កម្មវិធីទាំងនេះ ជាការបង្ហាញឲ្យឃើញអំពីជីវភាពវប្បធម៌សិល្បៈយ៉ាងរស់រវើកនិងសម្បូរបែបនៅក្រុងកឹងធើទៀតផង។
ប្រការគួរឲ្យកត់សម្គាល់ គឺសកម្មភាពនេះត្រូវបានក្លឹបជក់ចិត្តនឹងហ្គីតា ក្លឹបអក្ខរាវិចិត្រកឹងធើ ធ្វើសង្គមូបនីយកម្ម ចំណាយថវិការៀបចំសម្តែងដោយខ្លួនឯង។ យោងតាមមជ្ឈមណ្ឌលអភិវឌ្ឍទេសចរណ៍កឹងធើ កម្មវិធីសម្តែងសិល្បៈតាមដងវិថីនឹងត្រូវបានជ្រើសរើសធ្វើពិសោធន៍រហូតដល់ដាច់ខែមិថុនា ឆ្នាំ២០១៨។ ក្រោយមកនឹងដកបទពិសោធន៍ កែសម្រួលឲ្យសមស្របជាមួយនឹងភាពជាក់ស្តែង រួចបើកសកម្មភាពជាផ្លូវការចាប់ពីខែកក្កដា ឆ្នាំ២០១៨ អមដោយទម្រង់សិល្បៈយ៉ាងសម្បូរបែបផ្សេងៗទៀត៕
ដាំងហ្វិញ – សេរី