ការចូលរួមរាំច្រៀងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាបរិយាកាសសប្បាយរីករាយមួយ ដោយមិនអាចខ្វះបានរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង។
ការហាត់សមរបស់ក្រុមរាំវត្តព្រែកពិន្ទង ដើម្បីបម្រើក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិនៅពេលខាងមុខ។
ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ជនរួមជាតិខ្មែរនៅតាមភូមិស្រុក តែងលៃលក ពេលវេលាចូលរួមលេងល្បែងប្រជាប្រិយ ដូចជា ទាញព្រ័ត្រ វាយឆ្នាំង លោតបាវ បេតង់ បាល់ទាត់ បាល់ទះជាដើម។ ទន្ទឹមនឹងនោះ សកម្មភាពសម្ដែងសិល្បៈរបស់ក្រុមសិល្បៈជំនាញនិងមិនជំនាញ ក៏ប្រព្រឹត្តទៅយ៉ាងពុះពោរនៅពេលរាត្រី ទាកទាញ់ជនរួមជាតិចូលរួមទស្សនាយ៉ាងកុះករ។ ពិសេស នៅតាមវត្តអារាមមួយចំនួនបង្កើតជាក្រុមរាំ សំដៅបង្កជាសួនកម្សាន្តសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត។ ជាក់ស្ដែងដូច វត្តព្រែកពិន្ទង នៅឃុំភូម៉ី ស្រុកម៉ីទូ បានបង្កើតក្រុមរាំមួយក្រុម សម្រាប់សម្ដែងបម្រើមហាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ព្រះតេជគុណឡឹមញ៉ាង ព្រះចៅអធិការវត្តព្រែកពិន្ទង ពិតឲ្យដឹងៈ “គណៈកម្មការវត្ត ក្រៅពីចាត់ចែងលេងល្បែងប្រជាប្រិយ ថែមទាំងបង្កើតក្រុមរាំដើម្បីសម្ដែងបម្រើក្នុងឱកាសបុណ្យទានក្នុងវត្ត។ សមាជិកក្រុមរាំនេះ សុទ្ធសឹងជាកូនចៅមាមីងពុទ្ធបរិស័ទចំណុះជើងវត្ត។ មុននឹងសម្ដែងប្អូនៗ ហាត់សមបានប្រហែលមួយខែ។ វត្តបង្កើតក្រុមរាំនេះឡើង សំដៅបង្កជាសួនកម្សាន្តក្នុងឱកាសថ្ងៃបុណ្យប្រពៃណី និងដើម្បីឲ្យប្អូនៗកាន់តែយល់ដឹងពីអត្តសញ្ញាណជាតិ”។
លោកអ៊ំតាំងហឿហាញ់ សមាជិកគណៈចាត់តាំងក្រុមសិល្បៈ បានឲ្យដឹងៈ “ឆ្នាំនេះ ការប្រឡងសិល្បៈបានរៀបចំមានរបៀបរៀបរយជាង គឺគណៈចាត់តាំងមានការឲ្យពិន្ទុដោយផ្ទាល់ ដើម្បីជូនរង្វាន់ចំពោះសិល្បករមិនជំនាញដែលមានសំឡេងពីរោះៗ និងប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីសមស្រប”។ ប្អូនត្រឹងធីគឹមទៀង អាយុ១១ឆ្នាំ នៅភូមិព្រែកពិន្ទង ឲ្យដឹងៈ “ប្អូនចូលរួមក្នុងក្រុមរាំរបស់វត្តបាន២ឆ្នាំ ប្អូនចូលចិត្តរាំចង្វាក់រាំវង់ សារាវ៉ាន់ តាលុង ម៉ាឌីហ្សុន”។
តាមប្រសាសន៍លោកលីបិញកាង ប្រធានគណៈជនជាតិខេត្តសុកត្រាំង វិស័យវប្បធម៌សិល្បៈរបស់ជនរួមជាតិខ្មែរ តែងបានខេត្តយកចិត្តទុកដាក់គិតគូរ។ ក្នុងឱកាសថ្ងៃបុណ្យទាន ជាពិសេស គឺចូលឆ្នាំថ្មីប្រពៃណីខ្មែរតែម្ដង ក្រុមសិល្បៈជំនាញមិនអាចឆ្លើយតបតម្រូវការរបស់មាមីងគ្រប់ភូមិស្រុក និងតាមវត្តអារាមឡើយ ម្ល៉ោះហើយមានការបង្កើតជាក្រុមរាំដោយឡែកនៅតាមវត្តអារាមរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការរបស់មាមីងជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គណៈជនជាតិធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត សហការជាមួយគណៈ ផ្នែក ដែលពាក់ព័ន្ធ ចាត់ចែងសម្ដែងសិល្បៈនៅវត្តបឹងទន្សា ឃុំវៀងអាង ស្រុកត្រឹងដេនិង ធ្វើការផ្សាយបន្តផ្ទាល់តាមរយៈស្ថានីយវិទ្យុទូរទស្សន៍សុកត្រាំង “៕
ត្រឿងផល-ពេជ្រសឿន