សាលាចំណេះទូទៅជនជាតិអន្តេវាសិកកម្រិតអនុវិទ្យាល័យស្រុកអាងបៀង ឋិតនៅភូមិបៃចើ ឃុំដុងថាយ ស្រុកអាងបៀង (គៀងយ៉ាង) បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាឆ្នាំសិក្សា២០១៦–២០១៧។ សាលារៀនដាក់ឲ្យប្រើប្រាស់ បានជួយឲ្យសិស្សានុសិស្សជនជាតិភាគតិច (សំខាន់គឺជនជាតិខ្មែរ) នៅស្រុកចំនួន៤ចំណុះតំបន់អ៊ូមិញថឿង មានលក្ខណសម្បត្តិទៅសាលារៀនសូត្របានល្អ។
សាលាចំណេះទូទៅជនជាតិអន្តេវាសិកកម្រិតអនុវិទ្យាល័យស្រុកអាងបៀង។
តាមប្រសាសន៍របស់លោកគ្រូ ហ្វិញវុាំងតៀង នាយកសាលាចំណេះទូទៅជនជាតិអន្តេវាសិកកម្រិតអនុវិទ្យាល័យអាងបៀង ក្នុងឆ្នាំសិក្សាដំបូងសាលាបានជម្រើសសិស្សចាប់ពីថ្នាក់ទី៦,៧និងទី៨សរុប១៨៧នាក់ (គ្មានសិស្សថ្នាក់ទី៩) មកពីស្រុកចំនួន៤ចំណុះតំបន់អ៊ូមិញថឿង។ សាលារៀនបានផ្សព្វផ្សាយព្រមៗគ្នា នូវវិធានការសម្រាប់លើកកម្ពស់គុណភាពអប់រំឲ្យបានគ្រប់ជ្រុងជ្រោយនៅគ្រប់កម្រិត ជាពិសេសចំពោះការអប់រំជនជាតិ អប់រំតំបន់លំបាក។ បញ្ចប់ឆ្នាំសិក្សា២០១៦–២០១៧ កម្មាភិបាលគ្រូបង្រៀនបំពេញល្អភារកិច្ចដែលបានប្រគល់ជូន មានស្មារតីទទួលខុសត្រូវខ្ពស់សមូហភាពសាមគ្គីឯកភាពខ្ពស់ ខ្នះខ្នែងផ្លាស់ប្តូរថ្មីក្នុងសាលារៀន។ អនុវត្តបានល្អនូវការបំផុសចលនាប្រឡងប្រណាំង” កសាងសាលារៀនស្និទ្ធស្នាល សិស្សសកម្ម” បូកសរុបឆ្នាំសិក្សាមានសិស្សជាប់ និទ្ទេសគ្រាន់បើ ពូកែ៦៩%។
សាលារៀនអនុវត្តរបបគោលនយោបាយអាទិភាពចំពោះសិស្ស ឋិតក្នុងក្របខ័ណ្ឌគោលនយោបាយសង្គម សិស្សានុសិស្សជនជាតិភាគតិច សិស្សតំបន់សេដ្ឋកិច្ចលំបាកពិសេស យោងតាមសារាចរអន្តរក្រសួងលេខ១០៩រវាងក្រសួងហិរញ្ញវត្ថុនិងក្រសួងអប់រំនិងបណ្តុះបណ្តាល មានដូច៖ ទិញបណ្ណធានារ៉ាប់រងសុខាភិបាលជូនសិស្សរបស់សាលាទាំង១០០%; សិស្សបានទទួលអាហារូបករណ៍ស្មើ៨០%នៃបៀវត្សរ៍មូលដ្ឋាន។ អនុវត្តការផ្គត់ផ្គង់អតុល្យភាពនៃអាហារូបករណ៍ជូនសិស្សានុសិស្សទាន់ពេល និងអាទិភាពជាច្រើនទៀត។ ឆ្នាំសិក្សា២០១៧-២០១៨ សាលាបានអនុវត្តការផ្សព្វផ្សាយជម្រើសសិស្សថ្មី សម្រាប់ថ្នាក់ទី៦និងទទួលសិស្សរៀនបន្តថ្នាក់ទី៧,៨; សព្វថ្ងៃសាលាបើកបង្រៀនចំនួន៨ថ្នាក់ សរុបសិស្សចាប់ពីថ្នាក់ទី៦ដល់ទី៩ចំនួន២៣៣នាក់។
ប្អូនយ័ញមិញភូ សិស្សរៀនថ្នាក់ទី៦/១ ឲ្យដឹង៖ ផ្ទះប្អូននៅឃុំដុងថាញ់ ស្រុកអាងមិញ ប្រសិនបើគ្មានសាលារៀនថ្មីនេះទេ ប្រហែលជាឥឡូវនេះ ប្អូនត្រូវឈប់រៀនទៅតាមឪពុកម្តាយធ្វើការឈ្នួលនៅឯដុងណាយដែរហើយ។ បានចូលរៀនក្នុងសាលាអន្តេវាសិករៀងរាល់ថ្ងៃ ក្រៅពីស្រស់ស្រូបអាហារ៣ពេល ថែមទាំងមានកន្លែងដេក នៅជ្រះស្អាតនិងមានទីធ្លាលេងកម្សាន្តក្នុងមណ្ឌលសាលា បានបង្កកម្លាំងចិត្តឲ្យប្អូនកាន់តែខិតខំរៀនសូត្រថែមទៀត។ ចំណែកប្អូនយ័ញធីសុខុម ផ្ទះនៅឃុំមិញទ្វឹង ស្រុកអ៊ូមិញថឿង យល់ឃើញថា បរិស្ថានរៀនសូត្រនៅទីនេះល្អណាស់ ងាយស្រួលតាំងពីរៀនសូត្រនិងហូបចុក។ ប្អូនសុខុម ឲ្យដឹង៖ ខណៈពេលចូលរៀនសាលាអន្តេវាសិកដំបូងប្អូននឹកផ្ទះខ្លាំងណាស់ ប៉ុន្តែអាស្រ័យបានជួយលើកទឹកចិត្តពីសំណាក់លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិទើបឥឡូវនេះ ប្អូនមិនសូវនឹកផ្ទះដូចពីមុនទៀតទេ៕
ឡេស៊ាង-សេរី