ទោះបីមានជីវភាពរស់នៅផ្សេងគ្នា ម្នាក់គិតគូរការងារផ្ទះសម្បែង ចង្ក្រានឆ្នាំង; ម្នាក់ទៀតរត់ ម៉ូតូឌុបចិញ្ចឹមជីវិត ប៉ុន្តែពួកគាត់មានចំណូលចិត្តដូចគ្នា នោះគឺផ្សព្វផ្សាយនូវខ្លឹមសារនៃចង្វាក់រាំខ្មែរ។ នោះគឺ សិល្បការិនី ដាវធីរៀង អាយុ៥៨ឆ្នាំ និងសិល្បករលីថា អាយុ៥៤ឆ្នាំ ស្នាក់នៅភូមិធើយហ្វាB ទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើដូចគ្នា។
សិល្បករលីថានិងសិល្បការិនីដាវធីរៀង ណែនាំទស្សនិកជនរាំរបាំខ្មែរក្នុងកម្មវិធីសម្រស់និទាឃរដូវចម្ការស្រែ។
ក្នុងឱកាសកម្មវិធី "សម្រស់និទាឃរដូវចម្ការស្រែ" បានប្រព្រឹត្តឡើងនៅសារមន្ទីរក្រុងកឹងធើ កាលពីប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំតេតង្វៀនដាង បណ្តាឈុតសម្តែងរបស់សិល្បករលីថា សិល្បការិនីដាវធីរៀងបានទាក់ទាញទស្សនិកជនគ្រប់មជ្ឈដ្ឋាន។ តាមរយៈសាច់ភ្លេងពិណពាទ្យប្រគំតាមលំនាំបទរាំវង់ រាំក្បាច់សារវ៉ាន់ ឡាំលាវ។ល។ ត្រូវបានសិល្បករ-ការិនីទាំងពីររូបសម្តែងប្រកបដោយភាពទន់ភ្លន់និងគួរជាទីចាប់អារម្មណ៍។ ដំបូងសិល្បករ-ការិនីទាំងពីរបានអញ្ជើញទស្សនិកជនឡើងរាំជាមួយអ្នកណាក៏មានការក្រែងរអែង ប៉ុន្តែដោយភាពស្និទ្ធស្នាល និងអស់ពីចិត្តណែនាំរបស់ពួកគាត់ទាំងពីរក៏បាន"ទាក់ទាញ" ទស្សនិកជនរាប់សិប នាក់ឡើងរាំលើឆាក។ សម្លឹងមើលសិស្ស និស្សិតហាក់មានភាពថ្មីថ្មោង និងចូលចិត្តចំពោះកាយវិការរាំបោះជើង កាច់ក្បាច់ប្រកបដោយលក្ខណពិសេសនៃសិល្បៈរបាំរបស់ជនជាតិខ្មែរ អាចស្មានក្នុងចិត្តបានថាសិល្បករលីថានិងសិល្បការិនីដាវធីរៀង ពិតជាទទួលបានជោគជ័យនៅពេលសម្តែងបង្ហាញវប្បធម៌ប្រវេណីរបស់ជនជាតិខ្លួនជាមួយនឹងទស្សនិកជន។ សិល្បករលីថា ឲ្យដឹង៖ លោកត្រេកអរណាស់នៅពេលសម្លឹងឃើញទស្សនិកជនសប្បាយរីករាយ ពេលឃើញបងប្អូនរបស់លោកសម្តែង។ មុននេះរូបគាត់ទាំងពីរនាក់ធ្លាប់ណែនាំនិស្សិតមហាវិទ្យាល័យតីដូសម្តែងក្នុងឱកាសទិវាកេរដំណែវប្បធម៌វៀតណាមថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ អាស្រ័យដោយសារមន្ទីរក្រុងកឹងធើរៀបចំ ជាពិសេសសម្តែងក្នុងព្រឹត្តិការណ៍សប្តាហ៍វប្បធម៌-ទេសចរណ៍វាលរាបទន្លេគឺវឡុង នៅហាណូយ (ចាប់ពីថ្ងៃ១៦រហូតដល់ថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៥)។ សិល្បការិនីដាវធីរៀង នៅពេលរាំរបាំខ្មែរម្តងៗ មានទស្សនិកជនទស្សនាកម្សាន្តរាប់ពាន់នាក់ ក្នុងនោះ មានទស្សនិកជនបរទេសច្រើនកុះករ។ ពិសេស គឺមានទស្សនិកជនបរទេសជាច្រើន បានឡើងរាំលើឆាកជាមួយនឹងយើងខ្ញុំផងដែរ។ ដើមឡើយនៅមានការអល់អែក ប៉ុន្តែយូរៗទៅក៏ថ្នឹកឡើងច្រៀងរាំជាមួយគ្នាលើឆាក"សិល្បការិនីដាវធីរៀង ឲ្យដឹងដូច្នេះ ។
សិល្បករ-ការិនីជនជាតិខ្មែរទាំងពីររូបនេះ ពួកគាត់មិននឹកស្មានថា អាចនឹងឈរលើឆាកដ៏ធំ ដើម្បីសម្តែងសិល្បៈជនជាតិបម្រើទស្សនិកជន ហើយទទួលបានការគាំទ្រពីសំណាក់អ្នករាល់គ្នានោះទេ។ ពីព្រោះរយៈពេលប៉ុនា្មនឆ្នាំកន្លង សិល្បករលីថានិងសិល្បការិនីដាវធីរៀង គ្រាន់តែបង្ហាត់របាំដល់កូនចៅខ្មែរនៅក្នុងវត្តសេតុត្តរ ស្រុកកើ-ដ និងសម្តែងក្នុង ឱកាសពិធីបុណ្យប្រពៃណីខ្មែរផ្សេងៗនៅភូមិភាគប៉ុណ្ណោះ។ សិល្បករលីថា ឲ្យដឹង៖ "គ្មានអ្វីសប្បាយជាងនៅពេលវប្បធម៌ជនជាតិខ្លួន បានទស្សនិកជនគ្រប់មជ្ឈដ្ឋានពេញនិយមទទួលស្គាល់ទេ"។ ស្នេហាសិល្បៈប្រពៃណីខ្មែររបស់សិល្បករលីថា សិល្បការិនីដាវធីរៀង ពិតជាមិនអាចសាបរលាប។ ពួកគាត់ឲ្យដឹង៖ សព្វថ្ងៃមាមីងអញ្ជើញទៅសម្តែងនៅទីណា ពួកគាត់ទៅទាំងអស់ មិនគិតពីប្រាក់កម្រៃទេ ពីព្រោះបានផ្គាប់នឹងចំណូលចិត្តផង បានផ្សព្វផ្សាយលក្ខណៈវប្បធម៌ជនជាតិខ្មែរផង។ ចែករំលែកពីបំណងប្រាថ្នារបស់ខ្លួន សិល្បការិនីដាវធីរៀង ឲ្យដឹង៖ "បំណង របស់ខ្ញុំគឺចង់ឲ្យប្អូនៗក្នុងភូមិស្រុកព្រមរៀនច្រៀងរាំខ្មែរ យើងខ្ញុំបង្រៀនមិនគិតបៀវត្សរ៍ រយៈពេលយូរប៉ុន្មានក៏បាន។ រូបខ្ញុំមានវ័យចំណាស់ ហើយត្រូវមានយុវវ័យជំនាន់ក្រោយស្នងបន្តទើបបាន"៕
ឌាំងហ្វិញ-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។