លោកយ័ញសែម នៅមណ្ឌល១ សង្កាត់ IV ក្រុងវីថាញ់ ខេត្តហូវយ៉ាង មិនត្រឹមតែជាអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ប៉ុណ្ណោះទេ លោកនៅទាំងត្រៀមជាស្រេចជួយគ្រួសារដែលជួបការលំបាក ឈានឡើងចាកផុតពីភាពក្រីក្រ។
លោកយ័ញសែមខ្នះខ្នែងបវារណាមាមីងរួមវិភាគទាន កសាងព្រះវិហារវត្តពោធិរង្សី។
យើងខ្ញុំណាត់ពេលជាច្រើនលើកទើបបានជួបលោកយ័ញសែម ប្រធានគណៈកម្មការវត្តពោធិរង្សី មណ្ឌល១ សង្កាត់ IV ក្រុងវីថាញ់។ ជួបលោកចួនពេលលោកកំពុងរៀបក្តារពុម្ពកសាងព្រះវិហារ។ ទោះបីឋិតក្នុងជន្មាយុជាង៧០ឆ្នាំក៏ដោយ ប៉ុន្តែសុខភាពរបស់លោកនៅមាំមួន។ លោកយ័ញសែមសំណេះសំណាល៖ "នៅមានកម្លាំងពលំដរាបណាខ្ញុំនឹងនៅតែជួយធ្វើការងារវត្តដរាបនោះ ឃើញវត្តអារាមមានសោភណភាព ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ កសាងបានព្រះវិហារនេះទៀត វត្តនឹងមានភាពសមរម្យហើយ"។ តាមប្រសាសន៍របស់លោកយ័ញសែម ព្រះវិហារវត្តពោធិរង្សីត្រូវបានកសាងយូរឆ្នាំមកហើយ ប៉ុន្តែមិនបានជួសជុលដូច្នេះ សំណង់នេះមានភាពទ្រុឌទ្រោម នាំឲ្យជះឥទ្ធិពលដល់ការធ្វើបុណ្យសុន្ទរ៍ទាន និងការបួសរៀនរបស់ព្រះសង្ឃនៅទីនេះ។ ឃើញដូច្នោះ លោកពិគ្រោះជាមួយនឹងព្រះសង្ឃបវារណាពុទ្ធបរិស័ទនិងសប្បុរសជនក្នុងនិងក្រៅខេត្តដើម្បីរួមវិភាគទានកសាង។ លោកយ័ញសែម ឲ្យដឹងបន្ថែម៖ "មកទល់បច្ចុប្បន្ន គណៈកម្មការយើងខ្ញុំចលនាមាមីងរួមវិភាគទានទើបតែបានជាង១០២លានដុងប៉ុណ្ណោះ ប៉ុន្តែតាមគ្រោងការកសាងព្រះវិហារសរុបថវិកាដល់ទៅ៣ពាន់លានដុង សំណង់នេះកសាងក្នុងរយៈពេល៣ឆ្នាំទើបសម្រេចរួចរាល់។ ដោយសារថវិកាស្តួចស្តើង គណៈកម្មការយើងខ្ញុំនឹងបន្តការបវារណាមាមីងរួមវិភាគទាន បានប៉ុនណាកសាងប៉ុណ្ណឹងលុះត្រាតែសម្រេចរួចរាល់"។
លោកយ័ញសែម លើកដៃចង្អុលទៅសាលាថ្មីមួយខ្នងមានភាពសមរម្យ ជាសមិទ្ធផលដែលបានធ្វើបុណ្យសម្ពោធនៅឆ្នាំ២០១៤កន្លង។ លោករៀបរាប់៖ "សាលាថ្មីនេះ គណៈកម្មការយើងខ្ញុំបវារណាមាមីងរួមវិភាគទានកសាងរយៈពេល៣ឆ្នាំទើបសម្រេចរួចរាល់។ សព្វថ្ងៃសំណង់នេះ បង្កលក្ខណៈងាយស្រួលឲ្យព្រះសង្ឃគង់នៅនិងរៀនសូត្រ"។
មិនត្រឹមតែបវារណាកសាងវត្តប៉ុណ្ណោះទេ លោកយ័ញសែម នៅទាំងណែនាំមាមីងនៅមណ្ឌល១ ពីរបៀបធ្វើការរកស៊ីដើម្បីចាកផុតពីភាពក្រីក្រ។ ជាច្រើនឆ្នាំកន្លង លោកបានណែនាំគ្រួសារប្រជាជនជាង១០គ្រួសារ ពីរបៀបធ្វើការរកស៊ីឈានឡើងចាកផុតពីភាពក្រីក្រ។ គ្រួសារអ្នកមីងធីកឹម នៅមណ្ឌល១ សង្កាត់IV គ្មានដីផលិតកម្ម ពីមុននេះដើម្បីគិតគូរជីវភាពប្រចាំថ្ងៃ គ្រួសារអ្នកមីងប្រកបរបរធ្វើការឈ្នួលមិនទៀងទាត់ ហេតុដូច្នោះ ជីវភាពគ្រួសារនៅខ្វះមុខខ្វះក្រោយ។ ឃើញដូច្នោះ លោកយ័ញសែមចលនាគ្រួសារអ្នកមីងឆ្លៀតយកផ្ទៃដីនៅជុំវិញផ្ទះ ដើម្បីចិញ្ចឹមទាលំដាប់នោះ គ្រួសារអ្នកមីងក៏អនុវត្តតាម។ ក្នុងមួយឆ្នាំអ្នកមីងចិញ្ចឹមទាបាន៣លើក ក្នុងមួយលើកៗចិញ្ចឹមបានជិត១០០ក្បាល បន្ទាប់ពីគិតចំណូលចំណាយរួចនៅចំណេញបានប្រមាណ៥លានដុង ផ្តើមពីនោះ ជីវភាពគ្រួសារអ្នកមីងបានធូរធារជាងមុនច្រើន។ អ្នកមីងកឹម ឲ្យដឹង៖ "កាលមុនដោយសារជីវភាពលំបាកពេក ម៉្លោះហើយខ្វះការគិតគូរក្នុងការការរកទទួលទាន អាស្រ័យបានពូសែមជួយណែនាំបង្ហាញផ្លូវ រកស៊ីម៉្លោះហើយគ្រួសារខ្ញុំមានជីវភាពធូរធារបានដូចសព្វថ្ងៃ។ គ្រួសារ ខ្ញុំសូមអរគុណគាត់ជាអនេក "។
លោកយ័ញសែម នៅទាំងជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចភូមិភាគនិងប្រជាជនក្នុងការផ្សព្វផ្សាយបណ្តាគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ដើម្បីបង្កលក្ខណសម្បត្តិលើកស្ទួយជីវភាពមាមីងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង៕
ញ៉ឹកតឹង(កាសែតហូវយ៉ាង)-មុនី