ដោយមិនមានថវិកាច្រើនសម្រាប់ជួយអ្នកជួបការលំបាកដោយផ្ទាល់ ព្រះតេជព្រះគុណ ថាច់តម្រា ព្រះចៅអធិការវត្តបូគាមឫក្សកាលបូព្រឹក (សង់ច្រវាចាស់) ស្ថិតនៅឃុំវិញស្វឹង ខេត្តវិញឡុង បានជ្រើសរើសវិធីភ្ជាប់ទំនាក់ទំនងជាមួយសប្បុរសជន ដើម្បីរួមចំណែកជួយដល់អ្នកមានជីវភាពខ្វះខាត។ ចាប់ពីអ្នកជំងឺ គ្រួសារក្រីក្រ រហូតដល់សិស្សានុសិស្សជួបការលំបាក រាល់ករណីទាំងនេះតែងបានព្រះអង្គយកព្រះទ័យទុកដាក់ ហើយក្លាយជាស្ពានតភ្ជាប់ដើម្បីសហគមន៍រួមគ្នាចែករំលែក។

ព្រះតេជព្រះគុណ ថាច់តម្រា និងលោកថាច់វណ្ណី សមាជិកគណៈកម្មការវត្តសង់ច្រវាចាស់ កំពុងពិភាក្សាអំពីការរៀបចំកែលម្អវត្តនិងការយកចិត្តទុកដាក់ចំពោះពុទ្ធបរិស័ទដែលមានជីវភាពលំបាក។
ឆ្នាំ២០១២ បន្ទាប់ពីទទួលតួនាទីព្រះចៅអធិការវត្តសង់ច្រវាចាស់ ព្រះតេជព្រះគុណ ថាច់តម្រា បានចាប់ផ្តើមកិច្ចការជាបន្តបន្ទាប់ក្នុងការកៀរគរប្រភពធនធាន ដើម្បីជួសជុលនិងកែលម្អព្រះវិហារ សមណកុដិ សាលារៀន ព្រមទាំងកសាងរបងវត្តប្រវែងជិត ១.០០០ ម៉ែត្រ។ ក្នុងដំណើរការកសាង ព្រះអង្គបានយកព្រះទ័យទុកដាក់រក្សាលក្ខណៈពិសេសនៃស្ថាបត្យកម្មវត្តព្រះពុទ្ធសាសនាខ្មែរ រួមចំណែកក្នុងការអភិរក្សតម្លៃវប្បធម៌និងជំនឿសាសនាប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ក្រៅពីទីកន្លែងសម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទាន វត្តសង់ច្រវាចាស់ ក៏បានក្លាយជាទីកន្លែងជួបជុំនិងភ្ជាប់ទំនាក់ទំនងរបស់មាមីងពុទ្ធបរិស័ទក្នុងភូមិស្រុក។ តាមរយៈសកម្មភាពនៃការប្រជុំជីវភាពសាសនាក្នុងវត្ត ព្រះតេជព្រះគុណ ថាច់តម្រា បានស្វែងយល់ពីស្ថានភាពជីវភាពរបស់គ្រួសារនីមួយៗ។ នៅពេលឃើញបរិស័ទណាជួបការលំបាក ព្រះអង្គចុះទៅសួរសុខទុក្ខដោយផ្ទាល់ ស្វែងយល់ពីតម្រូវការ ហើយបន្ទាប់មកក៏កៀរគរសប្បុរសជននិងពុទ្ធបរិស័ទឱ្យចូលរួមជួយឧបត្ថម្ភ។ តាមការលើកឡើងរបស់ព្រះអង្គ ដើម្បីអាចកៀរគរបាននូវប្រភពធនធានពីសង្គម ជំហានដំបូងគឺត្រូវកសាងជំនឿទុកចិត្ត។ ដូច្នេះ រាល់ករណីត្រូវបានស្វែងយល់ច្បាស់លាស់ ហើយជំនួយត្រូវបានផ្តល់ជូនដល់អ្នកទទួលនិងស្ថានភាពជាក់ស្តែង។ វិធីនេះធ្វើឱ្យអ្នកចូលរួមឧបត្ថម្ភមានភាពជឿជាក់ ហើយធានាថាអ្នកទទួលបានឃើញច្បាស់ពីការយកចិត្តទុកដាក់ដោយស្មោះស្ម័គ្ររបស់សហគមន៍។
ជារៀងរាល់ឆ្នាំ ព្រះអង្គបានកៀរគរសប្បុរសជន ពុទ្ធបរិស័ទ ព្រមទាំងអង្គការនិងបុគ្គលនានាផ្តល់អំណោយជាង ៥០០ ចំណែកជូនគ្រួសារក្រីក្រ គ្រួសារជួបការលំបាក និងសិស្សានុសិស្សនៅក្នុងភូមិភាគ។ ពិសេស ព្រះអង្គបានយកព្រះទ័យទុកដាក់ចំពោះអ្នកជំងឺ ដែលត្រូវការជំនួយថវិកាសម្រាប់ព្យាបាលជំងឺ។ ជាក់ស្ដែងដូចជា អ្នកមីងថាច់ធីអឹង និងថាច់ធីខឿន គឺជាករណីដែលព្រះអង្គបានយកព្រះទ័យទុកដាក់ និងជួយឧបត្ថម្ភថវិកាសម្រាប់ព្យាបាលជំងឺ។ ក្នុងនោះ អ្នកមីងខឿន មានជំងឺមហារីក ខណៈដែលគ្រួសារមានជីវភាពលំបាក។ បន្ទាប់ពីដឹងពីស្ថានភាព ព្រះអង្គបានចុះទៅសួរសុខទុក្ខ លើកទឹកចិត្ត ស្វែងយល់ពីតម្រូវការព្យាបាល ហើយកៀរគរសប្បុរសជនជួយឧបត្ថម្ភថវិកាជិត ២០ លានដុង។ ការជំនួយទាន់ពេលនេះ បានជួយឱ្យគ្រួសាររបស់អ្នកមីង មានលទ្ធភាពបន្ថែមក្នុងការបន្តព្យាបាលជំងឺ។ ព្រះតេជព្រះគុណ ថាច់តម្រា មានថេរដីកា៖ "ចាប់តាំងពីទទួលតួនាទីជាព្រះចៅអធិការវត្តមក អាត្មាតែងអំពាវនាវឱ្យមាមីងពុទ្ធបរិស័ទសាមគ្គីគ្នា ខិតខំប្រកបការងាររកទទួលទាន ដើម្បីឈានទៅរកជីវភាពល្អប្រសើរ។ ដោយសារមានការជ្រះថ្លានិងជឿជាក់ ទើបសប្បុរសជនតែងដាក់ក្ដីជំនឿនិងសហការចូលរួមចែករំលែក។ នៅពេលមានករណីលំបាកត្រូវការជំនួយ អាត្មាតែងកៀរគរអំពាវនាវគ្រប់គ្នាចូលរួមជួយឧបត្ថម្ភ"។
លោកថាច់វណ្ណី សមាជិកគណៈកម្មការវត្តសង់ច្រវាចាស់ បានឱ្យដឹង ចំណុចគួរឱ្យកោតសរសើររបស់ព្រះតេជព្រះគុណ ថាច់តម្រា គឺទោះបីព្រះអង្គមិនមានថវិកាច្រើនក៏ដោយ ប៉ុន្តែមានព្រះទ័យសប្បុរសនិងមានសមត្ថភាពផ្សារភ្ជាប់សាមគ្គីភាពក្នុងសហគមន៍។ តាមរយៈការភ្ជាប់ទំនាក់ទំនងនេះ ព្រះអង្គបានកៀរគរសាងសង់ផ្ទះមេត្តាធម៌ចំនួន ២ ខ្នង ជូនគ្រួសារក្រីក្រដោយផ្ទះនីមួយៗមានតម្លៃប្រមាណ ៦០ លានដុង។ ថ្មីៗនេះ ព្រះអង្គបានកៀរគរសប្បុរសជនផ្តល់អំណោយជូនដល់សិស្សខ្មែរចំនួន ៥០ នាក់ ដោយសិស្សម្នាក់ៗទទួលបានអំណោយមួយចំណែកមានតម្លៃ ៧០០.០០០ដុង។ មិនត្រឹមតែជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ នៅក្នុងសកម្មភាពជួបជុំនិងសកម្មភាពសាសនាក្នុងវត្ត ព្រះអង្គតែងអប់រំនិងលើកទឹកចិត្តមាមីងពុទ្ធបរិស័ទឱ្យមានការសាមគ្គីគ្នា ខិតខំប្រកបរបររកស៊ី រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងភូមិស្រុក ព្រមទាំងគោរពនិងអនុវត្តតាមគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។
តាមរយៈអំណោយរាប់រយចំណែក ផ្ទះមេត្តាធម៌ រហូតដល់ការចែករំលែកនិងជួយអ្នកជំងឺនិងសិស្សដែលជួបការលំបាក ព្រះតេជព្រះគុណ ថាច់តម្រា កំពុងសាងស្ពានតភ្ជាប់នៃទឹកចិត្តមេត្តាធម៌បន្ថែមទៀតនៅក្នុងសហគមន៍។ នៅពីក្រោយជំនួយទាំងអស់នេះ មិនមែនមានតម្លៃត្រឹមតែជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការយកចិត្តទុកដាក់និងការលើកទឹកចិត្ត ដើម្បីឱ្យអ្នកដែលជួបការលំបាកកាន់តែមានទំនុកចិត្ត និងផ្ដល់ជាកម្លាំងចិត្តបន្ថែមក្នុងការជម្នះការលំបាក និងខិតខំឈានឡើងក្នុងជីវភាព៕
ពេជ្រ សឿន