06/10/2026 - 05:52

ភាព​កក់​ក្តៅ​នៃ​ផ្ទះ​ឧប​ការ​គុណ​ 

អនុ​វត្ត​ផែន​ការ​លេខ ៤១៤/​KH-​UBND ចុះ​ថ្ងៃ​ទី ៣ ខែ​កញ្ញា ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំ​ពី​ការ​ឧបត្ថម្ភ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម ជូន​កូន​បង្កើត​របស់​អ្នក​ចូល​រួម​សកម្ម​ភាព​ត​ស៊ូ​ក្នុង​សម័យ​សង្គ្រាម រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជាតិ​ពុល​គី​មី មក​ដល់​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ទី​ក្រុង​បាន​ឧបត្ថម្ភ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​បាន ១២៥ ខ្នង នៅ​តាម​ឃុំ សង្កាត់​ចំ​នួន ៤៧។ លំ​នៅ​ឋាន​ទាំង​នេះ បាន​សាង​សង់​ឡើង​ផ្តើម​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ព្រម​ជា​មួយ​ការ​ព្រួត​ដៃ​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ និង​ប្រ​ជា​ជន រួម​ចំ​ណែក​ជួយ​គ្រួ​សារ​ទាំង​នេះ​លំ​នឹង​ជីវ​ភាព។

តឹង​ថាញ់ ប្រ​គល់​ផ្ទះ​ដល់​គ្រួ​សារ​បង​ស្រី ង៉ោ​ធី​ហ្វិញ​លៀង។

តាម​ប្រ​សាសន៍​ឧត្តម​សេនីយ៍​ត្រី​ ង្វៀង​មិញ​ត្រេវ មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​៩ រយៈ​ពេល​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​ត្រឹម​តែ ១០ ថ្ងៃ​ប៉ុណ្ណោះ ក៏​សាង​សង់​និង​ជួស​ជុល​បាន​ផ្ទះ ១២៥ ខ្នង ក្នុង​នោះ​សង់​ថ្មី ៦៥ ខ្នង ជួស​ជុល ៦០ ខ្នង គិត​ជា​ទឹក​ប្រាក់​សរុប ៩,៥ ពាន់​លាន​ដុង។ ខាង​ក្រោយ​តួ​លេខ​ទាំង​នោះ គឺ​ជា​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​គណៈ ផ្នែក​គ្រប់​ថ្នាក់ បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុ​វត្ត​គោល​នយោ​បាយ “តប​ស្នង​សង​គុណ” និង “ផឹក​ទឹក​នឹក​ប្រ​ភព”។ ដើម្បី​ធា​នា​សន្ទុះ​ដំ​ណើរ​ការ​កម្ម​វិធី​បាន​កៀរ​គរ ប្រ​មាណ ១.៥០០ នាក់ ចូល​រួម​កម្លាំង​ពល​កម្ម។ ដោយ​ឡែក​យោធ​ភូមិ​ភាគ ៩ បាន​កៀគរ​កម្មា​ភិ​បាល យុទ្ធ​ជន ៣០០ នាក់​ចំ​ណុះ​កង​ពល​ធំ ៣៣០ កង​ពល​តូច​ព័ត៌​មាន ២៩ និង​កង​ពល​តូច​កាំ​ភ្លើង​ធំ​ការ​ពារ​ដែន​អា​កាស ២២៦ សហ​ការ​ជា​មួយ​កង​កម្លាំង​នៅ​ភូមិ​ភាគ​ចូល​រួម​សាង​សង់​ដោយ​ផ្ទាល់។ ទោះ​បី​អា​កាស​ធាតុ​មិន​ប្រ​ក្រ​តី តែ​កម្មា​ភិ​បាល យុទ្ធ​ជន​តែង​ជម្នះ​ការ​លំ​បាក ឆ្លៀត​ពេល​រួម​ជា​មួយ​កង​កម្លាំង​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ។ ទា​ហាន​មិន​ត្រឹម​តែ​រួម​កម្លាំង​សាង​សង់​ជញ្ជាំង​ដំ​បូល​ផ្ទះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​មក​នូវ​ការ​ចែក​រំលែក និង​ស្មារតី​កង​ទ័ព - ប្រ​ជា​ជន​ដ៏​កក់​ក្តៅ​ទៀត​ផង។

នៅ​ឃុំ​តឹង​ថាញ់ គ្រាន់​តែ​ផ្តុំ​កម្លាំង​សាង​សង់​ក្នុង​អំ​ឡុង​ពេល ១១ ថ្ងៃ ផ្ទះ​របស់​បង​ស្រី ង៉ោ​ធី​ហ្វិញ​លៀង នៅ​ភូមិ​កៃ​ឌឿង ក៏​បាន​សម្រេច​រួច​រាល់។ ផ្ទះ​មាន​ផ្ទៃ​ក្រ​ឡា​៤៣,២ ម៉ែត្រ​កា​រ៉េ រចនា​សម្ព័ន្ធ​កម្រិត ៤ ថវិកា​សរុប ១០០ លាន​ដុង។ ផ្ទះ​អា​ស្រ័យ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ នគរ​បាល​ឃុំ សម្ព័ន្ធ​យុវ​ជន គណៈ ផ្នែក អង្គ​ការ​មហា​ជន និង​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ រួម​កម្លាំង​ពល​កម្ម​ចំ​នួន ២១៣ ថ្ងៃ។ រស់​នៅ​ក្នុង​ផ្ទះ​ថ្មី បង​ស្រី​លៀង ឱ្យ​ដឹង​ដោយ​ក្តី​រំភើប៖ “ផ្ទះ​ឥដ្ឋ​ធំ​ទូ​លាយ ស្អាត ឥ​ឡូវ​នេះ​ភ្លៀង​ធំ​ខ្ញុំ​ក៏​មិន​ខ្លាច​ភ្លៀង​ស្រក់​ទៀត។ នេះ​ជា​ផ្ទះ​ដែល​ខ្ញុំ​មិន​ហ៊ាន​ស្រ​មៃ​សោះ​។ ខ្ញុំ​មាន​ក្តី​ត្រេក​អរ និង​ដឹង​គុណ​រដ្ឋ​ដែល​បាន​ជួយ​ឱ្យ​ខ្ញុំ​មាន​កន្លែង​នៅ​លំ​នឹង”។ ចំ​ណែក អ្នក​មីង ឡេ​ធី​ង៉ុក​ក្វៀង នៅ​ភូមិ​សម​លើង ឃុំ​មី​ហឿង ជា​កូន​បង្កើត​របស់​អ្នក​ចូល​រួម​សកម្ម​ភា​ពត​ស៊ូ​ក្នុង​សម័យ​សង្គ្រាម រង​ផល​ប៉ះ​ពាល់​ជាតិ​ពុល​គី​មី មិន​អាច​លាក់​នូវ​ក្តី​រីក​រាយ​ពេល​ទទួល​ផ្ទះ​ថ្មី។ មីង​ក្វៀង ឱ្យ​ដឹង៖ “ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ដែល​បាន​មក​ជួយ​សង់​ផ្ទះ។ មាន​ផ្ទះ​ថ្មី រដ្ឋ​អំ​ណាច​ក៏​មក​ជូន​អំ​ណោយ និង​សម្ភារៈ​ប្រើ​ប្រាស់​ទៀត​ផង ខ្ញុំ​មាន​សេច​ក្តី​ត្រេក​អរ រីក​រាយ​ណាស់។ ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ខិត​ខំ​រក​ស៊ី ដើម្បី​ជីវ​ភាព​ប្រ​សើរ​ជាង​ទៀត”។

ផ្ទះ​មួយ​ខ្នងៗ​ដែល​សម្រេច​រួច​រាល់ គឺ​ជា​លទ្ធ​ផល​នៃ​ការ​រួប​រួម​ទាំង​កម្លាំង​កាយ​ទាំង​កម្លាំង​ចិត្ត​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម និង​ប្រ​ជា​ជន។ តាម​រយៈ​នោះ បង្ហាញ​ពី​សីល​ធម៌ “ផឹក​ទឹក​នឹក​ប្រ​ភព” និង “តប​ស្នង​សង​គុណ” បន្ត​ផ្សព្វ​ផ្សាយ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង។ ផ្ទះ​ឧប​ការ​គុណ​ទាំង​នេះ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន “មាន​កន្លែង​រស់​នៅ​ស្រួល​បួល” ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ទី​បង្អែក​បន្ថែម​ដើម្បី​គ្រួ​សា​រទាំង​នេះ កាន់​តែ​មាន​ទំនុក​ចិត្ត​ក្នុង​ពល​កម្ម លំ​នឹង​ជីវ​ភាព៕

 យ្វី​អាញ - វិមាន​

ចែករំលែកអត្ថបទ