ជាមួយស្មារតីស្រឡាញ់រាប់អានគ្នាទៅវិញទៅមកពង្រីកប្រពៃណីសាមគ្គីភាពរបស់ជនជាតិ ប៉ុន្មានឆ្នាំកន្លង បណ្តាគណៈ ផ្នែក អង្គការមហាជនឃុំនិងប្រជាជន តែងយកចិត្តទុកដាក់ដល់ជីវភាពរបស់ជនរួមជាតិខ្មែរ ពិសេសគ្រួសារដែលមានការលំបាកអំពីលំនៅឋាននៅភូមិបេ១ ឃុំតឹងឡុង ទីក្រុងកឹងធើ។ ផ្ទះដែលបានសាងសង់ឡើង មិនត្រឹមតែជួយឱ្យប្រជាជនមានទីលំនៅស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនុកចិត្ត កម្លាំងចលករដើម្បីឱ្យគ្រួសារទាំងឡាយខិតខំឈានឡើងក្នុងជីវភាព។

កម្មាភិបាលឃុំសួរសុខទុក្ខគ្រួសារបងស្រីស៊ើងធីប៉ិចឡង (ទីពីររាប់ពីស្តាំ)
នៅភូមិបេ ១ ឃុំតឹងឡុង។
ជាច្រើនឆ្នាំកន្លង បក្សនិងរដ្ឋតែងដាក់ចេញនូវគោលការណ៍ គោលនយោបាយជាច្រើន ស្តីពីការវិនិយោគអភិវឌ្ឍផលិត លើកកម្ពស់ជីវភាពរបស់ជនជាតិភាគតិច ដូចជា៖ គោលនយោបាយជំនួយអភិវឌ្ឍន៍ផលិត និងបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច ជួយដោះស្រាយដីលំនៅឋាន ដីផលិត និងដោះស្រាយការងារធ្វើជូនជនជាតិភាគតិចក្រីក្រ ជីវភាពនៅជួបការលំបាក; គ្រួសារក្រីក្រទទួលបានការឧបត្ថម្ភសាងសង់ផ្ទះ; ជំនួយដោយផ្ទាល់ដល់ប្រជាជនក្រីក្រនៅតំបន់លំបាកពិសេស គោលនយោបាយឱ្យបុលទុនដើម្បីអភិវឌ្ឍការផលិត ជំនួយលើការចំណាយសិក្សាជូនសិស្ស និងនិស្សិត ឧបត្ថម្ភធានារ៉ាប់រងសុខាភិបាលជាដើម។ ចាប់ពីកម្មវិធី និងគោលនយោបាយទាំងនោះ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ជនជាតិភាគតិច នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចដ៏ធំធេង និងធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។ នៅភូមិបេ ១ បងស្រីស៊ើងធីប៉ិចឡង គឺជាគ្រួសារដែលមានការលំបាក គ្មានដីផលិត ជីវភាពរស់នៅពឹងផ្អែកលើធ្វើការឈ្នួលនិងលក់ឆ្នោត។ ប្តីរបស់គាត់ឈឺជាប្រចាំ ដូច្នេះ ការដែលមានផ្ទះសម្បែងត្រឹមត្រូវ មិនមែនជាការងាយឡើយ។ ហេតុនេះ នៅពេលដែលទទួលបានការជំនួយសាងសង់ផ្ទះ គ្រួសារគាត់ពិតជាសប្បាយរីករាយជាខ្លាំង។ តាមបងស្រី ការជំនួយនេះមិនត្រឹមតែជួយឱ្យគ្រួសារមានផ្ទះសម្បែងរឹងមាំប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចិត្តដើម្បីលំនឹងជីវភាព និងជាជំហានឆ្លងកាត់ការលំបាក។ បងស្រីស៊ើងធីប៉ិចឡង ឱ្យដឹង៖ “គ្រួសារគ្មានដីផលិត មានតែដីបន្តិចបន្តួចដើម្បីសាងសង់ផ្ទះ ដូច្នេះជីវភាពនៅមានការលំបាកច្រើន។ ក្នុងឆ្នាំ២០២៣ គ្រួសារខ្ញុំទទួលបានថវិកាជំនួយ ៦០ លានដុង ដើម្បីសង់ផ្ទះនិងបានខ្ចីបន្ថែមពីញាតិមិត្ត ទើបគ្រួសារមានលក្ខណៈសាងសង់បានផ្ទះរឹងមាំជាងមុន។ មានផ្ទះនៅលំនឹង គ្រួសារខ្ញុំសប្បាយរីករាយណាស់ កាត់បន្ថយការព្រួយបារម្ភពីរឿងភ្លៀងខ្យល់ និងមានកម្លាំងចិត្តដើម្បីខិតខំរកស៊ី លំនឹងជីវភាព។ បច្ចុប្បន្ន ខ្ញុំលក់ឆ្នោតក្នុងមួយថ្ងៃបាន ១០០ សន្លឹក គ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយកូនៗដែលទៅធ្វើការស្រុកឆ្ងាយ យូរៗក៏ផ្ញើប្រាក់ពី ២-៣ លានដុងដើម្បីចិញ្ចឹមចៅៗរៀនសូត្រ”។
ផ្តើមពីការព្រួតដៃពីប្រជាជន ការជំនួយលំនៅឋានសម្រាប់គ្រួសារមានការលំបាកក៏ទទួលបានកិច្ចសហការពីគណៈការងាររណសិរ្សភូមិ។ បងស្រី តូធីម៉ាយធី អនុលេខាសាខាបក្ស និងជាប្រធានគណៈការងាររណសិរ្សភូមិបេ ១ ឱ្យដឹង៖ “ការជំនួយលំនៅឋានសម្រាប់គ្រួសារក្រីក្រ មិនត្រឹមតែជួយឱ្យប្រជាជនមានលំនៅឋានស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតបាននូវភាពសាមគ្គីគ្នាក្នុងសហគមន៍ទៀតផង។ គណៈការងាររណសិរ្សភូមិ បានចលនាមាមីងព្រួតដៃគ្នា រួមចំណែកដើម្បីឱ្យផ្ទះទាំងនោះបានសាងសង់សម្រេចរួចរាល់ឆាប់ៗ ធានានូវភាពជាក់ស្តែងនិងចំមុខសញ្ញា”។
អាស្រ័យគោលនយោបាយ និងការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគមកដល់ពេលនេះ នៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករក្នុងឃុំតឹងឡុង កំពុងផ្លាស់ប្តូរជាលំដាប់ ផ្ទះទ្រុឌទ្រោមពីមុនត្រូវបានជំនួសដោយផ្ទះថ្មី។ មិនត្រឹមតែជីវភាពសេដ្ឋកិច្ចបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះទេ ជនរួមជាតិខ្មែរនៅតាមភូមិស្រុកនៅទាំងលើកកម្ពស់ស្មារតីសាមគ្គីទូទាំងជនជាតិ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី ព្រួតដៃគ្នាកសាងភូមិស្រុកឱ្យកាន់តែល្អប្រសើរ៕
ដាលីន