22/07/2026 - 22:23

បី​រដូវ​វិស្សម​កាល​តាម​រៀន​ឧប​ករណ៍​ឃឹម​ 

អស់​រយៈ​ពេល ៣ រដូវ​វិស្សម​កាល​ជាប់ៗគ្នា កុមារី ថាច់​ធី​ច័ន្ទ​សុភា បាន​ធ្វើ​ដំ​ណើរ​ជិត ៤ គី​ឡូ​ម៉ែត្រ​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ទៅ​រៀន​ឧប​ករណ៍​ឃឹម ដែល​សិល្ប​ករ​ភ្លេង​បុរាណ ថាច់​ធារ​សិរី បើក​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ​នៅ​ផ្ទះ​របស់​គាត់ ឋិត​នៅ​ភូមិ​លិច​ក្ដី ឃុំ​ទីវ​កឹង ខេត្ត​វិញ​ឡុង។ ដំ​ណើរ​ការ​នេះ មិន​ត្រឹម​តែ​ជួយ​ឱ្យ​កុមារី​រូប​នេះ សម្រេច​ក្តី​ប្រាថ្នា​បាន​រៀន​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​និង​បន្ត​លើក​ស្ទួយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​ជាតិ​ទៀង​ផង។

កុមារី ថាច់​ធី​ច័ន្ទ​សុភា ជា​មួយ​នឹង​ឧប​ករណ៍​ឃឹម ដែល​ប្អូន​ស្រ​ឡាញ់​ចូល​ចិត្ត​ក្នុង​វង់​តន្ត្រី​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ។

រៀង​រាល់​ពេល​ល្ងាច ចាប់​ពី​ម៉ោង ៥ ដល់​ម៉ោង ៧ យប់ ផ្ទះ​របស់​លោក ថាច់​ធារ​សិរី តែង​លាន់​ឮ​សូរ​សំ​ឡេង​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ ក្នុង​នោះ​មាន​សំ​ឡេង​ឃឹម។ ចាប់​តាំង​ពី​ឆ្នាំ ២០២៤ រៀង​រាល់​រដូវ​វិស្សម​កាល គាត់​បាន​បើក​ថ្នាក់​បង្រៀន​ភ្លេង​ដោយ​ឥត​គិត​ថ្លៃ​ដល់​យុវ​ជន​ក្នុង​ភូមិ​ភាគ ដោយ​គោល​បំ​ណង​ដើម្បី​ឱ្យ​បទ​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​មាន​អ្នក​ស្នង​បន្ត។ ថ្នាក់​រៀន​តន្រ្តី​នេះ បាន​ទាក់​ទាញ​សិស្ស​ប្រ​មា​ណ​ជិត ១០ នាក់​មក​ចូល​រៀន ក្នុង​នោះ សុភា ជា​អ្នក​រៀន​យ៉ាង​ខ្ជាប់​ខ្ជួន​បំ​ផុត។

ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ប្អូន ចាប់​តាំង​ពី​ពេល​ទៅ​តាម​ឪ​ពុក​ម្តាយ​ចូល​រួម​ពិ​ធី​បុណ្យ​មួយ​នៅ​វត្ត។ ពេល​វង់​ភ្លេង​បុរាណ​ចាប់​ផ្តើម​ប្រ​គំ សំឡេង​ឃឹម​ដ៏​ពីរោះ​ស្រ​ទន់​និង​លន្លង់​លន្លោច ធ្វើ​ឱ្យ​សុភា​លង់​អា​រម្មណ៍។  សុភា រៀប​រាប់​ឱ្យ​ដឹង៖ "ប្អូន​ចូល​ចិត្ត​ស្តាប់​បទ​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ។ ឥ​ឡូវ​នេះ បាន​រៀន​និង​បាន​ចូល​រួម​ប្រ​គំ ប្អូន​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង។ ប្អូន​នឹង​ខិត​ខំ​រៀន​ឱ្យ​បាន​ល្អ ដើម្បី​រួម​ចំ​ណែក​ថែ​រក្សា​និង​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ"។

ដើម្បី​បំ​ពេញ​ក្តី​ស្រ​ឡាញ់​របស់​កូន ឪ​ពុក​របស់​សុភា​ក៏​បាន​ចល​នា​ដោយ​លំ​បាក​ផង​ដែរ។ នៅ​ថ្ងៃ​ចុះ​ឈ្មោះ​ដំ​បូង កឺមាន​តែ​សុភា​ម្នាក់​ប៉ុណ្ណោះ ខណៈ​ដែល​ថ្នាក់​រៀន​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​សិស្ស​ពី ៥-៦ នាក់ ទើប​អាច​ដំ​ណើរ​ការ​បាន។ មិន​ចង់​ឱ្យ​កូន​ខក​ខាន​ឱ​កាស​នេះ លោ​កថាច់​ថៀង ឪ​ពុក​របស់​សុភា បាន​ទៅ​ដល់​គ្រួ​សារ​នីមួយៗ​ក្នុង​ភូមិ ដើម្បី​ចលនា​ឱ្យ​យុវ​ជន​មក​ចូល​រួម​រៀន​ជា​មួយ​។ "ខ្ញុំ​គិត​ថា បើ​ក្មេង​ៗ​មិន​បាន​រៀន​ទេ ថ្ងៃ​ក្រោយ​នឹង​កាន់​តែ​តិច​អ្នក​ចេះ​លេង​ភ្លេង​ប្រ​ពៃ​ណី។ សង្កេត​ឃើញ​កូន​ស្រ​ឡាញ់​ការ​រៀន ខ្ញុំ​ក៏​ខិត​ខំ​ព្យា​យាម​បង្ក​លក្ខណៈ ហើយ​ក៏​បាន​ចលនា​ឱ្យ​ក្មេងៗ​ផ្សេង​ទៀត​មក​រៀន​ជា​មួយ​គ្នា ម្យ៉ាង​ទៅ​ថ្ងៃ​អនា​គត​នឹង​មាន​អ្នក​បន្ត​ថែ​រក្សា​និង​ស្នង​មរ​តក​សិល្បៈ​ប្រ​ពៃ​ណី​នេះ" - លោក ថាច់​ថៀង បាន​រំលឹក​ឡើង​ដូច្នេះ។

ដោយ​ការ​ចលនា​របស់​បង​ទៀង ថ្នាក់​បង្រៀន​ភ្លេង​ប្រ​ពៃ​ណី​ក៏​បាន​បើក​ដំ​ណើរ​ការ។ អស់​រយៈ​ពេល​បី​រដូវ​វិស្សម​កាល​ជាប់ៗ​គ្នា មិន​ថា​ភ្លៀង​ក្តៅ សុភា​តែង​ទៅ​រៀន​ជា​ប្រ​ចាំ។ បន្ទាប់​ពី​ខិត​ខំ​ហ្វឹក​ហាត់ សុភា​អាច​លេង​បទ​ភ្លេង​ប្រ​ពៃ​ណី​បាន​ចំ​នួន ១៤ បទ ហើយ​បទ​ដែល​ប្អូន​ចូល​ចិត្ត​ជាង​គេ​គឺ​បទ "ចាប​ពូក"។ អនុ​ស្សាវ​រីយ៍​ដែល​មិន​អាច​បំ​ភ្លេច​បាន គឺ​លើក​ដំ​បូង​ដែល​សុភា​បាន​ចូល​រួម​សម្តែង​ក្នុង​ពិ​ធី​បុណ្យ​មួយ​របស់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ។ "ពេល​ឃើញ​កូន​អង្គុយ​ក្នុង​វង់​ភ្លេង​ត្រៀម​ប្រ​គំ មាន​ទឹក​មុខ​ដូច​ភិត​ភ័យ ខ្ញុំ​ឈរ​មើល​ពី​ខាង​ក្រៅ​ក៏​ព្រួយ​បា​រម្ភ​តាម​ដែរ។ លុះ​ពេល​បទ​ភ្លេង​បាន​បញ្ចប់ កូន​បាន​ងាក​មក​មើល​ខ្ញុំ​ដោយ​ស្នាម​ញ​ញឹម ខ្ញុំ​ក៏​ទះ​ដៃ​លើក​ទឹក​ចិត្ត​កូន។ នៅ​ពេល​នោះ ទើប​ខ្ញុំ​មាន​អា​រម្មណ៍​ធូរ​ស្រាល​ពិត​ប្រា​កដ" - លោក​ថាច់​ថៀង បាន​រំលឹក​ឡើង​ទាំង​ក្ដី​រំភើប​ដូច្នេះ។

ចាប់​តាំង​ពី​ការស​ម្តែង​លើក​ដំ​បូង​នោះ​មក សុភា​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ រហូត​មក​ដល់​ពេល​នេះ សុភា​ចូល​រួម​សម្តែង​ក្នុង​ពិ​ធី​បុណ្យ​បាន​ចំ​នួន ៤ លើក រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​លក្ខណៈ​ផូរ​ផង់​នៃ​វង់​ភ្លេង​ប្រ​ពៃ​ណី។ តាម​ការ​បញ្ជាក់​របស់​សិល្ប​ករ​ភ្លេង​បុរាណ ថាច់​ធារ​សិរី ការ​បង្រៀន​ភ្លេង​ប្រ​ពៃ​ណី មិន​មែន​គ្រាន់​តែ​បង្រៀន​ឱ្យ​ចេះ​លេង​ឧប​ករណ៍​ភ្លេង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ផ្ទេរ​សេច​ក្តី​ស្រ​ឡាញ់​ចំ​ពោះ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ទៅ​កាន់​បច្ឆា​ជន។ លោក ថាច់​ធារ​​សិរី​ មាន​ប្រ​សាសន៍៖ "អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​បំ​ផុត គឺ​មាន​យុវ​ជន​កាន់​តែ​ច្រើន​មក​រៀន។ ដរាប​ណា​នៅ​តែ​មាន​អ្នក​រៀន នោះ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ នឹង​នៅ​តែ​បាន​ថែ​រក្សា​និង​បន្ត​ស្ថិត​ស្ថេរ​ជា​និ​រន្តន៍"។

លោក​ស្រី ង្វៀង​ភឿង​ធ្វី ប្រ​ធាន​ការិយា​ល័យ​វប្ប​ធម៌ - សង្គម​ឃុំ​ទីវ​កឹង បាន​ឱ្យ​ដឹង​ថា ការ​ដែល​សិល្ប​ករ​ភ្លេង​បុរាណ ស្ម័គ្រ​ចិត្ត​បើក​ថ្នាក់​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ គឺ​ជា​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ និង​ជាក់​ស្តែង​ក្នុង​ការ​អភិ​រក្ស​និង​លើក​កម្ពស់​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​ជាតិ​ភាគ​តិច។ លោក​ស្រី មាន​ប្រ​សាសន៍៖ "ការ​អភិ​រក្ស​វប្ប​ធម៌ មិន​មែន​គ្រាន់​តែ​ជា​ការ​រក្សា​ទុក​តម្លៃ​ប្រ​ពៃ​ណី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់​ជាង​នេះ គឺ​ការ​បន្ត​ផ្ទេរ​មរតក​វប្ប​ធម៌​ទៅ​កាន់​យុវ​ជន​ជំ​នាន់​ក្រោយ។ នៅ​ពេល​យុវ​ជន​ស្រ​ឡាញ់​និង​មាន​មោទ​នភាព​ចំ​ពោះ​វប្ប​ធម៌​របស់​ជន​ជាតិ​ខ្លួន នោះ​មរ​តក​វប្ប​ធម៌​នឹង​បន្ត​មាន​ជីវិត​យ៉ាង​រឹង​មាំ​នៅ​ក្នុង​សហ​គមន៍"។

រៀង​រាល់​ពេល​ល្ងាច សំ​ឡេង​ឃឹម​បាន​បន្លឺ​ឡើង​ពី​រោះ​រងំ​នៅ​ក្នុង​ផ្ទះ​របស់​លោក ថាច់​ធារ​សិរី ស្ថិត​នៅ​ភូមិ​លិច​ក្ដី។ ក្នុង​ចំ​ណោម​សិស្ស​ដែល​កំ​ពុង​ផ្ចង់​អា​រម្មណ៍​ហ្វឹក​ហាត់ សុភា​នៅ​តែ​អង្គុយ​លេង​ភ្លេង​យ៉ាង​ស្ងប់​ស្ងាត់ និង​រក្សា​ចង្វាក់​ភ្លេង​ដូច​ដែល​ប្អូន​បាន​ប្រ​គំ​សព្វ​ដង​កន្លង​មក​អស់​រយៈ​ពេល​បី​រដូវ​វិស្សម​កាល។ សំ​ឡេង​តន្ត្រី​ដ៏​ពីរោះ​ទាំង​នោះ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ក្តី​ស្រ​មៃ​របស់​ក្មេង​ស្រី​ម្នាក់​នេះ​ឆ្ពោះ​ទៅ​មុខ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បន្ត​ចរន្ត​វប្ប​ធម៌​ខ្មែរ​តាម​រយៈ​ក្តី​ស្រ​ឡាញ់​និង​ការ​ប្តេជ្ញា​ចិត្ត​របស់​យុវ​ជន​ជំ​នាន់​ក្រោយ៕

ពេជ្រ​សឿន​

ចែករំលែកអត្ថបទ