(អ.ឡ) - នាព្រឹកថ្ងៃទី១១ ខែកញ្ញា នៅសាលប្រជុំគណៈកម្មាធិការបក្សទីក្រុងកឹងធើ ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាលទី១១ អាណត្តិកាល ២០២៦-២០៣១ បានចាត់តាំងសម័យប្រជុំលើកទី៦ (សម័យប្រជុំប្រធានបទ)។

អ្នកតំណាងទាំងឡាយចូលរួមសម័យប្រជុំ ធ្វើពិធីគោរពទង់ជាតិ។
លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង រួមជាមួយអនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ធ្វើជាអធិបតីនៃកិច្ចប្រជុំ។
លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង; លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង; លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនិងស្ថាប័ននានារបស់ទីក្រុង បានអញ្ជើញចូលរួមសម័យប្រជុំ។

ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថតៈ ទ្វីខ្វេ

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងសុន្ទរកថាបើកសម័យប្រជុំ។
តាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងនឹងពិនិត្យ ពិភាក្សានិងសម្រេចលើគោលការណ៍សំខាន់ៗជាច្រើន ដើម្បីធ្វើជាមូលដ្ឋានសម្រាប់រៀបចំអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅទូទាំងទីក្រុង។ ក្នុងនោះ រួមមានការកែសម្រួលនិងបំពេញបន្ថែមផែនការវិនិយោគរដ្ឋរយៈពេលមធ្យម; ការកែសម្រួលនិងបំពេញបន្ថែមផែនការវិនិយោគរដ្ឋ ឆ្នាំ២០២៦ ពីប្រភពថវិកាភូមិភាគ; អនុម័តបញ្ជីតំបន់ដីគ្រោងនឹងអនុវត្តគម្រោងគំរូ តាមសេចក្តីសម្រេចចិត្តលេខ ១៧១/២០២៤/ QH15 ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋសភា ស្តីពីការអនុវត្តគម្រោងគំរូ លំនៅឋានពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងទទួលកម្មសិទ្ធិប្រើប្រាស់ដី ឬមានកម្មសិទ្ធិប្រើប្រាស់រួចហើយ; ព្រមទាំងធ្វើវិសោធនកម្មសេចក្តីកំណត់អំពីលក្ខខណ្ឌ វិសាលភាព កម្រិតជំនួយនិងការប្រើប្រាស់ថវិកាជំនួយក្នុងការការពារដីផលិតស្រូវ។

ទិដ្ឋភាពនៃសម័យប្រជុំលើកទី៦ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាលទី១១ អាណត្តិកាល ២០២៦-២០៣១។

តំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង ចូលរួមសម័យប្រជុំ។
ក្រុមប្រឹក្សាប្រជាជនទីក្រុងក៏ពិនិត្យ ពិភាក្សា និងសម្រេចលើការបែងចែកគ្រោងថវិកាចំណាយប្រចាំឆ្នាំរបស់ថវិការដ្ឋ ដើម្បីអនុវត្តកម្មវិធីទិសដៅជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៦ និងកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ព្រមទាំងសេចក្តីកំណត់លក្ខខណ្ឌ លក្ខណៈវិនិច្ឆ័យ កម្រិតបែងចែកទុនពីថវិកាមជ្ឈិម និងអត្រាទុនបដិភាគថវិកាភូមិភាគ អនុវត្តកម្មវិធីទិសដៅជាតិស្តីពីការអភិវឌ្ឍវប្បធម៌។
ទន្ទឹមនឹងនោះ ធ្វើការពិនិត្យ ពិភាក្សា និងសម្រេចដាក់ចេញខ្លឹមសារ កម្រិតចំណាយថវិកាដើម្បីធានាដល់សកម្មភាពឃ្លាំមើល ធ្វើបដិវាទកម្មសង្គមរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គមនានារបស់ទីក្រុង ឃុំ សង្កាត់; កំណត់ពីរបបប្រាក់ឧបត្ថម្ភសម្រាប់អ្នកបំពេញភារកិច្ចទទួលជួបប្រជាជន ដោះស្រាយពាក្យបណ្តឹង ចោទប្រកាន់ សំណើ និងផ្តល់មតិយោបល់របស់ប្រជាជនលើភូមិឋានទីក្រុង។
នៅក្នុងសម័យប្រជុំ ក្រុមប្រឹក្សាប្រជាជនទីក្រុង នឹងអនុវត្តដំណើរការបោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ អាណត្តិកាល ២០២៦-២០៣១៕
ទ្វីខ្វេ - ពេជ្រសឿន