នារសៀលថ្ងៃទី ៦ ខែកក្កដា នៅវត្តអង្គររាជបូរី (វត្តអង្គ) សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង មន្ទីរជនជាតិនិងសាសនាខេត្ត សហការជាមួយគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត និងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ចាត់តាំងកិច្ចប្រជុំណែនាំបណ្តាព្រះចៅអធិការ និងគណៈកម្មការវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរនានា ចំណុះបណ្តុំទី ១ អនុវត្តបែបបទរៀបចំ ពង្រឹងអង្គការគណៈកម្មការវត្តតាមបទប្បញ្ញត្តិ។

ព្រះឧបជ្ឈាយ៍ ព្រះកត្តិបណ្ឌិត ថាច់ សុខសាន្ត មានថេរដីការដោះដូរយោបល់ជាមួយព្រះចៅអធិការនានា និងតំណាងគណៈកម្មការវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ នៅក្នុងកិច្ចប្រជុំ។
ចូលរួមក្នុងកិច្ចប្រជុំមានព្រះឧបជ្ឈាយ៍ ព្រះកត្តិបណ្ឌិត ថាច់ សុខសាន្ត ប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមខេត្តវិញឡុង; តំណាងមន្ទីរជនជាតិនិងសាសនា សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រមទាំងព្រះចៅអធិការ និងតំណាងគណៈកម្មការវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរនានាក្នុងភូមិភាគ។

តំណាងមន្ទីរជនជាតិនិងសាសនា ណែនាំអនុវត្តបែបបទ ពង្រឹងអង្គការគណៈកម្មការវត្ត។
នៅក្នុងកិច្ចប្រជុំ តំណាងមន្ទីរជនជាតិនិងសាសនា បានផ្សព្វផ្សាយនូវបទប្បញ្ញត្តិនៃច្បាប់ដែលពាក់ព័ន្ធនឹងការបង្កើត និងពង្រឹងអង្គការគណៈកម្មការវត្ត; ទន្ទឹមនឹងនោះ បានណែនាំជាក់ស្តែងអំពីលំដាប់លំដោយ បែបបទ សមាសភាពឯកសារ និងជាជំហានចាត់តាំងផ្សព្វផ្សាយនៅតាមមូលដ្ឋានវត្តអារាមនីមួយៗ។ តំណាងទាំងឡាយក៏បានដោះដូរ ពិភាក្សា និងមានការបកស្រាយរាល់ការលំបាក ជំពាក់ជំពិនក្នុងដំណើរការអនុវត្ត សំដៅធានាឱ្យការពង្រឹងអង្គការគណៈកម្មការវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ និងសមស្របតាមធម្មនុញ្ញនៃសមាគមព្រះពុទ្ធសាសនាវៀតណាម។
តាមការណែនាំ គណៈកម្មការវត្តនីមួយៗមានសមាជិកចាប់ពី ៦ ដល់ ១៥ អង្គនិងរូប។ ក្នុងនោះ ប្រធានគណៈកម្មការគឺព្រះចៅអធិការវត្ត; មានអនុប្រធាន ២ អង្គនិងរូប រួមមានព្រះពហុស្សូតមួយអង្គ និងព្រះសង្ឃមួយអង្គ; ចំណែកមុខតំណែងដែលនៅសេសសល់រួមមាន លេខា ហិរញ្ញឹក អ្នកត្រួតពិនិត្យ និងសមាជិកនានា។ ការពង្រឹងអង្គារគណៈកម្មការ គឺសំដៅជួយដល់មូលដ្ឋានព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ឆាប់បង្ហើយឯកសារ ពង្រឹងអង្គការចាត់តាំង និងលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ចាត់ចែងរាល់សកម្មភាពពុទ្ធសាសនា ឆ្លើយតបតាមតម្រូវការក្នុងដំណាក់កាលថ្មី។
កិច្ចប្រជុំបានប្រព្រឹត្តឡើងដោយម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ ឆ្លុះបញ្ចាំងពីការសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ច និងបណ្តាអង្គការព្រះពុទ្ធសាសនា ក្នុងការផ្សព្វផ្សាយអនុវត្តបទប្បញ្ញត្តិរបស់រដ្ឋអំពីជំនឿនិងសាសនា នៅលើភូមិសាស្រ្តខេត្ត៕
ទីទុយ -មេងលី