30/06/2026 - 21:10

ឃោស​នា​ផ្សព្វ​ផ្សាយ​ច្បាប់ ដាស់​ស្មារតី​ទទួល​ការ​ខុស​ត្រូវ​របស់​យុវ​ជន​ 

សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ ទើប​សហ​ការ​ជា​មួយ​នឹង​គណៈ​បញ្ជា​ការ​ប៉ូលិស​សមុទ្រ​តំ​បន់​៤ នគរ​បាល​ទី​ក្រុង​កឹង​ធើ និង​មហា​វិទ្យា​ល័យ​បច្ចេក​ទេស​-បច្ចេក​វិទ្យា​កឹង​ធើ ចាត់​តាំង​ឃោស​នា​ផ្សព្វ​ផ្សាយ​អំ​ពី​សមុទ្រ កោះ កម្លាំង​ប៉ូលិស​សមុទ្រ​និង​ការ​ងារ​បង្ការ ទប់​ស្កាត់​គ្រឿង​ញៀន​ជ្រៀត​ចូល​ក្នុង​ស្រទាប់​យុវ​វ័យ។ វគ្គ​ផ្សព្វ​ផ្សាយ​បន្ត​ដាស់​ស្មារតី​ទទួល​ការ​ខុស​ត្រូវ​របស់​ប្រ​ជា​ពល​រដ្ឋ និង​ស្មារតី​ការ​ពារ​មា​តុ​ភូមិ​ក្នុង​សម្ព័ន្ធ​យុវ​ជន និង​យុវ​ជន។

និស្សិត​ស្វែង​យល់​ពី​ផល​ប៉ះ​ពាល់​ដ៏​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​តាម​រយៈ​ឯក​សារ​ផ្សព្វ​ផ្សាយ។

ចំ​ពោះ​យុវ​ជន​ជា​ច្រើន​រស់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​និយាយ​រួម និង​ទី​ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក រូប​ភាព​សមុទ្រ​និង​កោះ​ហាក់​បី​ដូច​ជា​ឆ្ងាយ​បន្តិច​បើ​គិត​តាម​ភូមិ​សាស្ត្រ ប៉ុន្តែ​តាម​រយៈ​ខ្សែ​ភាព​យន្ត​ឯក​សារ និង​ផែ​នទី​ដែល​ពោរ​ពេញ​ដោយ​ដង្ហើម​នៃ​មហាស​មុទ្រ រួម​នឹង​ការ​បក​ស្រាយ​របស់​លោក​វរ​សេ​នីយ៍​ឯក​បម្រុង ឡេ​វ៉ាំង​ខាញ់ ប្រ​ធាន​ការិយា​ល័យ​បង្ការ បង្ក្រាប​បទ​ល្មើស ចំ​ណុះ​គណៈ​បញ្ជា​ការ​ប៉ូលិស​សមុទ្រ​តំ​បន់​៤ រូប​ភាព​តំ​បន់​សមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ​ដែល​មាន​ផ្ទៃ​ជាង ១ លាន​គី​ឡូ​ម៉ែត្រ​កា​រ៉េ រួម​ជា​មួយ​កោះ​ធំ​តូច​ជាង ៣.០០០ កោះ និង​ប្រ​ជុំ​កោះ​ទាំង​ពីរ​គឺ ហ្វាង​សា និង​ទ្រឿង​សា​របស់​ប្រ​ទេស​យើង បាន​លេច​ឡើង​យ៉ាង​រស់​រវើក​និង​មាន​ភាព​ជិត​ស្និទ្ធ​បំ​ផុត។

យុវ​វ័យ​ទាំង​ឡាយ​សម្ដែង​នូវ​ទឹក​ចិត្ត​មោទនភាព​នៅ​ពេល​យល់​ច្បាស់​ពី​ទី​តាំង​យុទ្ធ​សាស្ត្រ​របស់​សមុទ្រ​ខាង​កើត ដែល​ជា​ខ្សែ​ផ្លូវ​នា​វា​ចរណ៍​អន្តរ​ជាតិ​មាន​ភាព​អ៊ូ​អរ​លំ​ដាប់​ទី​ពីរ​នៅ​លើ​ពិ​ភព​លោក ជា​កន្លែង​មាន​ប្រ​ភព​ធន​ធាន​ជីវ​ចម្រុះ​យ៉ាង​សម្បូរ​បែប​ដែល​មាន​ជាង ១១​.០០០ ប្រ​ភេទ និង​មាន​សក្តា​នុពល​ដ៏​ធំ​ធេង​អំ​ពី​ថាម​ពលក​កើត​ឡើង​វិញ ដូច​ជា​វា​យោ​អគ្គិ​សនី។ ជា​ពិ​សេស ការ​យល់​ដឹង​ច្បាស់​អំ​ពី​មូល​ដ្ឋាន​គតិ​យុត្តិ ចាប់​ពី​ច្បាប់​សមុទ្រ​វៀត​ណាម​ឆ្នាំ​២០១២ រហូត​ដល់​ដំ​ណើរ​ការ​ចរ​ចា​កំ​ណត់​ព្រំ​ដែន​សមុទ្រ​ត្រួត​គ្នា​រវាង​វៀត​ណាម​នឹង​បណ្តា​ប្រ​ទេស​ជិត​ខាង បាន​ជួយ​ឱ្យ​យុវ​ជន​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ច្បាប់​អន្តរ​ជាតិ ព្រម​ទាំង​ជ្រួត​ជ្រាប​ថា ការ​ការ​ពា​រស​មុទ្រ​និង​កោះ គឺ​ការ​ការ​ពារ​សរសៃ​ឈាម​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​ជាតិ។ ទន្ទឹម​នឹង​នោះ រូប​ភាព​កម្លាំង​ប៉ូលិស​សមុទ្រ​វៀត​ណាម​ដែល​តែង​តែ​ប្តូរ​ផ្តាច់​ល្បាត ត្រួត​ពិ​និត្យ ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​រាល់​ទង្វើ​ល្មើស​ច្បាប់ និង​ការ​ពារ​សុវត្ថិ​ភាព​ជូន​ប្រ​ជា​នេសាទ​នៅ​លើស​មុទ្រ បាន​ក្លាយ​ជា​និមិត្ត​រូប​ជំ​រុញ​ទឹក​ចិត្ត ព្រម​ទាំង​បំ​ប្លែង​ស្មារតី​ស្នេហា​ជាតិ​ទៅ​ជា​សកម្ម​ភាព​ជាក់​ស្តែង និង​រស់​នៅ​ប្រ​កប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ស្រទាប់​យុវ​វ័យ។

ទន្ទឹម​នឹង​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​អំ​ពី​សមុទ្រ​និង​កោះ កម្លាំង​សមត្ថ​កិច្ច​ក៏​បាន​ផ្តល់​ព័ត៌​មាន​រំលឹក​ដល់​យុវ​ជន​អំ​ពី​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន។ បច្ចុប្បន្ន មាន​គ្រឿង​ញៀន​ប្រ​ភេទ​ថ្មីៗ​បាន​កើត​មាន​ឡើង​ដោយ​ល្បិច​កល​ដ៏​លម្អិត បង្កប់​ខ្លួន​ក្នុង​អា​ហារ ភេ​សជ្ជៈ និង​បា​រី​អេ​ឡិច​ត្រូ​និក កំ​ពុង​លុក​លុយ​ចូល​ក្នុង​សា​លា​រៀន​និង​ស្រទាប់​យុវ​វ័យ។ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​អា​ស្រ័យ​លោក​វរ​សេនីយ៍​ឯក​បម្រុង ង្វៀង​ថាញ​វ៉ូវ អនុ​ប្រ​ធាន​ការិយា​ល័យ PC០៤ នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ផ្តល់​ចំ​ណេះ​ដឹង​ដល់​សម្ព័ន្ធ​យុវ​ជន​និង​និស្សិត​ជាង ៣០០ នាក់​អំ​ពី​ជំ​នាញ​សម្គាល់​ដឹង​ជាក់​លាក់​និង​វិភាគ​យ៉ាង​ស៊ី​ជម្រៅ​អំ​ពី​ផល​ប៉ះ​ពាល់​ដ៏​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន​ចំ​ពោះ​រាង​កាយ ចិត្ត​សាស្ត្រ និង​អនា​គត​របស់​យុវ​ជន​យុវ​នា​រី។

ប្អូន​ង្វៀង​ហ៊ុង​ហ្វៀង និស្សិត​វគ្គ​២០២៤ ផ្នែក​បច្ចេក​វិទ្យា​គី​មី​សាស្ត្រ​នៃ​មហា​វិទ្យា​ល័យ​បច្ចេក​ទេស​-បច្ចេក​វិទ្យា​កឹង​ធើ បាន​ចែក​រំលែក៖ “តាម​រយៈ​វគ្គ​ឃោស​នា​ផ្សព្វ​ផ្សាយ ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​សមុទ្រ​និង​កោះ​វៀត​ណាម ជា​ពិ​សេស​ដឹង​ពី​ភារ​កិច្ច និង​ការ​លះ​បង់​ដោយ​ស្ងៀម​ស្ងាត់​របស់​កម្លាំង​ប៉ូលិស​សមុទ្រ។ ខ្ញុំ​ក៏​យល់​ឃើញ​ថា បធាន​បទ​ស្តី​ពី​ការ​បង្ការ​និង​ទប់​ស្កាត់​គ្រឿង​ញៀន​នេះ គឺ​មាន​ប្រ​យោជន៍​ជាក់​ស្តែង​ណាស់ ជួយ​ឱ្យ​ខ្ញុំ​ដឹង​ពី​វិធី​សាស្ត្រ​បង្ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព និង​ម្ចាស់​ការ​ជៀស​ឆ្ងាយ​អំ​ពើ​អបាយ​មុខ​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ដើម្បី​ការ​ពារ​ខ្លួន​ឯង"។

ចំ​ណែក​យុវ​ជន ត្រឹង​ឌឹក​ម៉ាញ់ និស្សិត​វគ្គ​២០២៤ ជំ​នាញ​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ ជា​លេខា​សម្ព័ន្ធ​យុវ​ជន​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ នៃ​មហា​វិទ្យា​ល័យ​បច្ចេក​ទេស​-បច្ចេក​វិទ្យា​កឹង​ធើ បាន​សម្តែង​ការ​យល់​ឃើញ៖ “នេះ​ជា​វគ្គ​ឃោស​នា​ផ្សព្វ​ផ្សាយ​ដ៏​មាន​អត្ថ​ន័យ ជួយ​ឱ្យ​យើង​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​អំ​ពី​អធិប​តេយ្យ​ភាព​សមុទ្រ​និង​កោះ​របស់​មាតុ​ភូមិ ចាប់​ពី​ពេល​នោះ​មក ជួយ​លើក​កម្ពស់​ស្មារតី​ស្នេហា​ជាតិ និង​មោទន​ភាព​ជាតិ។ ចំ​ណេះ​ដឹង​ដ៏​មាន​សារ​ប្រ​យោជន៍​ទាំង​នេះ ជួយ​ឱ្យ​ខ្ញុំ​មាន​មន​សិការ​ស៊ី​ជម្រៅ​អំ​ពី​តួ​នា​ទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​យុវ​ជន​នា​ពេល​បច្ចុប្បន្ន ក្នុង​ការ​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ភាព​សមុទ្រ​និង​កោះ​នៃ​ស្រុក​កំ​ណើត ចាប់​ពី​សកម្ម​ភាព​តូច​តាច​បំ​ផុត”។

លោក​ង្វៀង​ត្រឹង​អាញ់​យ្វី អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍៖ “ការ​បំ​ពាក់​បំប៉ន​ដល់​យុវ​ជន​នូវ​ចំ​ណេះ​ដឹង​ច្បាប់ ការ​យល់​ដឹង​អំ​ពី​អធិប​តេយ្យ​ភាព​ជាតិ និង​បំ​ណិន​ការ​ពារ​ខ្លួន​ឯង​ចំ​ពោះ​មុខ​គ្រោះ​ថ្នាក់​នៃ​អំ​ពើ​អបាយ​មុខ​សង្គម មិន​ត្រឹម​តែ​ជា​ភារ​កិច្ច​អប់រំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​តម្រូវ​ការ​ជាក់​ស្តែង​ដើម្បី​កសាង​ស្រទាប់​យុវ​ជន​ឱ្យ​មាន​មន​សិការ​រឹង​មាំ ការ​ទទួល​ខុស​ត្រូវ​និង​សមត្ថ​ភាព​បន្ស៊ាំ​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​របស់​សង្គម។ តាម​រយៈ​វគ្គ​ឃោស​នា​ផ្សព្វ​ផ្សាយ​នេះ សមា​ជិក​សម្ព័ន្ធ​យុវ​ជន យុវ​ជន និង​និស្សិត​នឹង​មាន​ចំ​ណេះ​ដឹង​ដ៏​មាន​ប្រ​យោជន៍​បន្ថែម និង​ក្លាយ​ជា​អ្នក​ឃោស​នា​យ៉ាង​សកម្ម​នៅ​ក្នុង​សា​លា​រៀន នៅ​ភូមិ​ភាគ និង​នៅ​លើ​លំ​ហប​ណ្តា​ញអ៊ីន​ធឺ​ណិត”៕

ភី​អៀង​ - ថាច់​ធី​

ចែករំលែកអត្ថបទ