ទន្ទឹមនឹងការកសាងអង្គការសមាគមកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ សមាគមកសិករគ្រប់លំដាប់ថ្នាក់របស់ទីក្រុងកឹងធើ បានសកម្មជំរុញការ ឃោសនាចលនាកម្មាភិបាល សមាជិកកសិករពង្រីកស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងការពលកម្មផលិត។ ជាជំហានៗបង្កើនប្រាក់ចំណូល ឈានឡើងធូរធារ រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។

ទម្រង់ចិញ្ចឹមត្រីប្រខឿ ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់របស់ពូហឿវ៉ាំងសាង។
តាមប្រសាសន៍លោក ឡេក្វឹកខើយ ប្រធានសមាគមកសិករឃុំមីទូ រយៈពេលច្រើន ឆ្នាំមកនេះ សមាគមតែងជំរុញការឃោសនា អប់រំនយោបាយ សតិអារម្មណ៍ និងលើកកម្ពស់ស្មារតីភ្ញាក់រលឹកដល់កម្មាភិបាល សមាជិកដោយរូបភាពជាច្រើន សម្បូរបែប។ ទន្ទឹមនឹងនោះ បង្កលក្ខណៈដើម្បីសមាជិកបង្ខិតជិតប្រភពទុនអនុគ្រោះពីធនាគារ គោលនយោបាយអភិវឌ្ឍការផលិត បង្កើនប្រាក់ចំណូល។ តួយ៉ាងដូចគ្រួសារពូហឿវ៉ាំងសាង នៅឃុំមីទូ ដោយឃើញពីសក្តានុភាពនិងប្រសិទ្ធភាពនៃការចិញ្ចឹមត្រីប្រខឿ ឆ្នាំ ២០២៤ ពូបានសម្រេចចិត្តបុលទុនពីធនាគារគោលនយោបាយ ដើម្បីវិនិយោគលើការចិញ្ចឹមត្រីនេះ។ ដំបូងឡើយ គាត់គ្រាន់តែចិញ្ចឹម តែពីរបីពាន់ក្បាលប៉ុណ្ណោះ ក្រោយមកឃើញមានប្រសិទ្ធភាព គាត់ក៏ចិញ្ចឹមកើនឡើងជាបន្តបន្ទាប់។ ពូសាង ចែករំលែក៖ “ត្រីប្រខឿងាយស្រួលចិញ្ចឹម ហានិភ័យតិច និងចំណាយដើមទុនតិចជាងការចិញ្ចឹមបង្គា។ ក្នុងមួយថ្ងៃឱ្យចំណី ៣ ដង ពេលត្រីធំ ចំនួន ៤០ ក្បាលក្នុងមួយគីឡូក្រាម ទើបបន្ថយមកឱ្យចំណី ត្រឹម ២ ដងក្នុងមួយថ្ងៃ។ ដំណាក់កាលចិញ្ចឹមត្រីប្រខឿ ក៏មិនសូវមានជំងឺដែរ មិនចាំបាច់ប្រើកង្ហារទឹក ជួយកាត់បន្ថយប្រាក់ចំណាយ។ បច្ចុប្បន្ន គ្រួសារខ្ញុំរក្សាស្រះចិញ្ចឹមចំនួន ១៥ ស្រះ ស្រះនីមួយៗមានទំហំ ២.០០០ ម៉ែត្រការ៉េ និងដាក់ពូជជាង ៨០.០០០ ក្បាល។ ជាមួយនឹងពូជជាង ១ លានក្បាល បន្ទាប់ ពី ៤ ខែនឹងដល់ពេលប្រមូលផល ដោយចំនួនត្រី ៣៨ ក្បាលក្នុងមួយគីឡូក្រាម តម្លៃឡើងចុះពី ១៤០ ទៅ ៣២០.០០០ ដុងក្នុងមួយគីឡូក្រាម បន្ទាប់ពីទូទាត់រួច ចំណេញបានប្រហែល ៧០០ លានដុង”។
ចំណែកគ្រួសារពូដៀងឌើង នៅសង្កាត់សុកត្រាំង កាលពីមុនប្រកបមុខរបរធ្វើស្រែ ប៉ុន្តែប្រសិទ្ធភាពមិនខ្ពស់។ ឆ្នាំ ២០១៥ ពូសម្រេចចិត្តកែប្រែដីស្រែចំនួន ៣ កុង បង្វែរមកដាំជីរបន្លាវិញ។ ផ្តើមពីប្រភពទុនបុលអនុគ្រោះពីធនាគារគោលនយោបាយសង្គម រួមជាមួយនឹងចំណេះដឹងដែលបានហ្វឹកហាត់អំពីការកែប្រែចម្ការ របៀបថែទាំ ទម្រង់បានអភិវឌ្ឍបន្តិចម្តងៗ រកប្រាក់ចំណូលលំនឹង។ ពូឌើង ឱ្យដឹង៖ “ជាមួយដី ៣ កុង ដាំជីរបន្លាក្នុងមួយឆ្នាំប្រមូលផល បានប្រហែល ១២ តោន ជាមួយតម្លៃពី ១៥.០០០ ទៅ ២៥.០០០ ដុង/គីឡូក្រាម បន្ទាប់ពីទូទាត់រួច ខ្ញុំចំណេញបានប្រហែល ២០០ លានដុង អាស្រ័យហេតុនោះ ខ្ញុំមានប្រភពកម្លាំងបន្ថែមវិនិយោគលើការចិញ្ចឹមគោ ដើម្បីបង្កើនប្រាក់ចំណូល លំនឹងជីវភាព”។
អ្នកស្រី ង៉ោធីមីចាល ប្រធានសមាគមកសិករសង្កាត់សុកត្រាំង ឱ្យដឹង៖ “មកទល់ពេលនេះ សមាគមគ្រប់គ្រងក្រុមប្រិតសំចៃនិងបុលទុនចំនួន ២១ ក្រុម ជាមួយទឹកប្រាក់បំណុលសរុបជាង ៤៩ ពាន់លានដុង សម្រាប់ឱ្យសមាជិក ១.០៦៩ នាក់ បុលអភិវឌ្ឍសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ សមាគមថែមទាំងជំរុញការហ្វឹកហាត់ និងផ្ទេរវិទ្យាសាស្ត្រ-បច្ចេកទេសដល់សមាជិកកសិករ ជួយបង្កើនទិន្នផល និងអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព”។
ជាមួយនឹងសកម្មភាពឧបត្ថម្ភជាក់ស្តែងជាច្រើន សមាគមកសិករគ្រប់លំដាប់ថ្នាក់របស់ទីក្រុងកឹងធើ បាននិងកំពុងក្លាយជាទីបង្អែកដ៏រឹងមាំរបស់សមាជិកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកបង្កើនប្រាក់ចំណូល លើកស្ទួយជីវភាព និងឈានឡើងធ្វើមានស្របច្បាប់៕
ថាញវ៉ាង - លីសៀ