រយៈពេលថ្មីៗនេះ ទីផ្សារការងារនៅទីក្រុងកឹងធើបានបង្ហាញសញ្ញាវិជ្ជមានជាច្រើន អាស្រ័យការស្តារឡើងវិញនិងការអភិវឌ្ឍស្ថិរភាពរបស់អាជីវកម្មនានា។ សកម្មភាពផលិតនិងធ្វើអាជីវកម្ម មានការរីកចម្រើន បានជំរុញឱ្យតម្រូវការជ្រើសរើសកម្លាំងពលកម្មកើនឡើងយ៉ាងខ្លាំង ពិសេសក្នុងវិស័យសំខាន់ៗ ដូចជា ការច្នៃម្ហូបអាហារ កាត់ដេរសម្លៀកបំពាក់ ផលិតឧស្សាហកម្ម ពាណិជ្ជកម្ម-សេវាកម្ម និងភស្តុភារកម្ម។ ប្រការនោះ មានន័យថា កម្មករនិយោជិតអាចស្វែងរកបានការងារដែលសមស្រប និងមានប្រាក់ចំណូលលំនឹង។

តំណាងអាជីវកម្ម ឧទ្ទេសនាមព័ត៌មានជ្រើសរើសបុគ្គលិក និងមុខតំណែងការងារដល់កម្មករនិយោជិតក្នុងវេទិកាផ្លាស់ប្តូរការងារមួយ។
មានមុខតំណែងការងារទំនេរជាច្រើនកំពុងត្រូវការជ្រើសរើស
យោងតាមមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ នៅខែឧសភា ឆ្នាំ២០២៦ សន្ទស្សន៍ផលិតឧស្សាហកម្មរបស់ទីក្រុង បានប៉ាន់ស្មានកើនឡើង ៤,២% បើប្រៀបធៀបនឹងខែមុននិងកើនឡើង ៧,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ តាមរយៈការស្ទង់មតិព័ត៌មានជ្រើសរើសបុគ្គលិករបស់អាជីវកម្ម ១៨២ លើក មជ្ឈមណ្ឌលបានកត់សម្គាល់ មានមុខតំណែងការងារទំនេរជាង ១១.០០០ កន្លែង កំពុងត្រូវការជ្រើសរើស។ តម្រូវការជ្រើសរើសបុគ្គលិកភាគច្រើននៅតាមមណ្ឌលឧស្សាហកម្ម អាជីវកម្មកែច្នៃជលផល វិស័យកាត់ដេរ ពាណិជ្ជកម្ម និងសេវាកម្ម។ល។ ដូច្នេះ បានបើកឱកាសការងារជាច្រើនសម្រាប់កម្មករទូទៅ កម្មករមានជំនាញនិងអ្នកដែលមានតម្រូវការផ្លាស់ប្តូរការងារ។
អ្នកស្រី ផាងធីមីធ្វី បុគ្គលិកផ្នែកចាត់តាំង-រដ្ឋបាលនៃក្រុមហ៊ុនភាគហ៊ុនកាត់ដេរតៃដូ បានឱ្យដឹង៖ ក្នុងខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុនត្រូវការជ្រើសរើសកម្មករនិយោជិតជាង ២០០ នាក់ ក្នុងនោះប្រមាណ ២០០ នាក់ជាកម្មករកាត់ដេរ; ចំណែកមុខការងារដែលនៅសល់ រួមមាន កម្មករអ៊ុតផលិតផលសម្រេច ជាងម៉ាស៊ីន បុគ្គលិកជំនួយការឃ្លាំង និងបុគ្គលិកជួសជុលទូទៅ។ កម្មករនិយោជិតមានប្រាក់ចំណូលមធ្យមពី ៩ - ១២ លានដុងម្នាក់ក្នុងមួយខែ។ ពួកគេទទួលបានការចុះកិច្ចសន្យាការងារ ចូលរួមពេញលេញក្នុងរបបធានារ៉ាប់រងផ្សេងៗ និងទទួលបានអត្ថប្រយោជន៍សុខុមាលភាពស្របតាមបទប្បញ្ញត្តិដែលបានកំណត់។
ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឡាក់ទី II នៅមណ្ឌលឧស្សាហកម្មតឹងភូថាញ់ កំពុងត្រូវការជ្រើសរើសបុគ្គលិកបន្ទាន់ជាង ២.០០០ នាក់ សម្រាប់កម្មករទូទៅនិងបុគ្គលិកការិយាល័យចំនួន ២០ នាក់។ តាមការបញ្ជាក់របស់លោក ង្វៀងវ៉ាំងទ្រឿង អនុប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន បានឱ្យដឹង អាស្រ័យលើមុខតំណែងនិងវេនការងារ កម្មករនិយោជិតអាចទទួលបានប្រាក់ចំណូលប្រហែលពី ៥,៥ - ៩ លានដុងម្នាក់ក្នុងមួយខែ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏ផ្តល់ជូនអាហារថ្ងៃត្រង់ ធានារ៉ាប់រងសង្គមត្រឹមត្រូវ ការពិនិត្យសុខភាពជាប្រចាំ និងប្រាក់រង្វាន់ផ្សេងៗទៀត។ បេក្ខជនអាចចូលរួមសម្ភាសន៍និងចាប់ផ្តើមការងារបានភ្លាមៗនៅក្នុងសប្ដាហ៍ ហើយមិនត្រូវបង់ថ្លៃសេវា ឬចំណាយណាមួយសម្រាប់ដាក់ពាក្យសុំការងារឡើយ។
ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២៦ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត TKG Taekwang កឹងធើ ត្រូវការជ្រើសរើសកម្មករទូទៅប្រមាណ ២.០០០ នាក់ ដោយមានប្រាក់ចំណូលពី ៧ - ៩ លានដុងម្នាក់ក្នុងមួយខែ។ អ្នកស្រី ត្រឹងធីគីមឡង តំណាងផ្នែកជ្រើសរើសបុគ្គលិកនិងបណ្តុះបណ្តាលរបស់ក្រុមហ៊ុន ចែករំលែក៖ "បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកការផលិត ដូច្នេះត្រូវការជ្រើសរើសកម្មករទូទៅ ដែលមានអាយុចាប់ពី ១៨ ដល់ ៤០ ឆ្នាំ។ ក្នុងចំណោមនោះ មានប្រមាណ ១.០០០ មុខការងារធ្វើតាមវេន។ កម្មករនិយោជិតថ្មី ដែលចូលបម្រើការងារនឹងទទួលបានការណែនាំការងារច្បាស់លាស់ ទទួលបានប្រាក់ខែគោល ប្រាក់ឧបត្ថម្ភ និងប្រាក់ជំនួយផ្សេងៗ ចូលរួមពេញលេញក្នុងរបបធានារ៉ាប់រងនានា ព្រមទាំងទទួលបានប្រាក់រង្វាន់ក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី អំណោយថ្ងៃខួបកំណើត និងការសួរសុខទុក្ខនៅពេលឈឺថ្កាត់ជាដើម"។
ក្រៅពីនេះ ក៏មានអាជីវកម្មជាច្រើនកំពុងជ្រើសរើសកម្មករនិយោជិតក្នុងចំនួនច្រើន ដូចជា៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Unipax Vi Thanh ត្រូវការជ្រើសរើសកម្មករកាត់ដេរប្រមាណ ៩០០ នាក់; ក្រុមហ៊ុនសមាជិកមួយទទួលខុសត្រូវមានកម្រិតផលិត ធ្វើពាណិជ្ជកម្មនិងសេវាកម្មនីហរ័ណ មិញយុង ត្រូវការជ្រើសរើសកម្មករនិយោជិតជាង ៥០០ នាក់; និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតពាណិជ្ជកម្ម An Nam Food ត្រូវការជ្រើសរើសកម្មករទូទៅប្រមាណ ១០០ នាក់។
បង្កើនការតភ្ជាប់រវាងតម្រូវការនិងការផ្គត់ផ្គង់កម្លាំងពលកម្ម
ចំពោះតម្រូវការជ្រើសរើសបុគ្គលិកដែលកំពុងកើនឡើង មន្ទីរមហាផ្ទៃទីក្រុងកឹងធើ បានម្ចាស់ការសហការ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង ផ្សព្វផ្សាយអនុវត្តវិធានការជាច្រើនសម្រាប់ដោះស្រាយការងារធ្វើជូនប្រជាជន។ ក្នុងនោះ ផ្តោតសំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារ; បណ្តុះបណ្តាលតាមលំដាប់លំដោយរបស់អាជីវកម្ម បង្កើនការប្រឹក្សានិងឧទ្ទេសនាមការងារ ព្រមទាំងជួយដល់កម្មករនិយោជិតទទួលបានព័ត៌មានជ្រើសរើសបុគ្គលិកមានប្រភពច្បាស់លាស់ដែលអាចទុកចិត្តបាន។
ដោយមានតួនាទីជាស្ថាប័នស្នូល ក្នុងការតភ្ជាប់រវាងតម្រូវការនិងការផ្គត់ផ្គង់កម្លាំងពលកម្ម មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ បានធ្វើពិពិធកម្មទម្រង់ពិគ្រោះ និងឧទ្ទេសនាមការងារធ្វើ តាមរយៈគេហទំព័រ ទូរស័ព្ទ សារអេឡិចត្រូនិក បណ្ដាញសង្គម និងវេទិកាផ្លាស់ប្តូរការងារ។ មជ្ឈមណ្ឌលបានបន្តរៀបចំវេទិកាផ្លាស់ប្តូរការងារដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ព្រមទាំងវេទិកាផ្លាស់ប្តូរការងារនៅតាម ឃុំ សង្កាត់ វេទិកាប្រចាំសប្ដាហ៍និងកម្មវិធី ជួបជុំរវាងអ្នកស្វែងរកការងារនិងនិយោជិក។
ដោយឡែកក្នុងខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ បានពិគ្រោះពីការងារ គោលនយោបាយការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនកម្មករនិយោជិតជាង ១៩.៦០០ លើកនាក់។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលបានឧទ្ទេសនាមការងារធ្វើនៅក្នុងនិងក្រៅប្រទេសជូនកម្មករនិយោជិតជាង ៣.០០០ លើកនាក់ និងផ្គត់ផ្គង់កម្លាំងពលកម្មជូនអាជីវកម្មសម្រាប់ការជ្រើសរើសបុគ្គលិកជាង ៤៧០ លើកនាក់។ សកម្មភាពទាំងនេះ បានរួមចំណែកជួយកម្មករនិយោជិតកំណត់បានទិសដៅអាជីពនិងរកបានការងារធ្វើលំនឹង។ ជាមួយគ្នានេះ ក៏បានជួយអាជីវិម្មដោះស្រាយបញ្ហាកង្វះធនធានមនុស្សជាបណ្តើរៗ ជាពិសេសនៅក្នុងវិស័យដែលត្រូវការកម្លាំងពលកម្មផ្ទាល់ច្រើន។
មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ បានព្យាករណ៍ តម្រូវការជ្រើសរើសកម្លាំងពលកម្ម នាពេលខាងមុខ នឹងផ្តោតសំខាន់លើវិស័យផលិត កែច្នៃ កាត់ដេរ ផលិតស្បែកជើង ភស្តុភារកម្ម ពាណិជ្ជកម្ម-សេវាកម្ម។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការតភ្ជាប់រវាងតម្រូវការនិងការផ្គត់ផ្គង់កម្លាំងពលកម្ម មជ្ឈមណ្ឌលបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់នូវព័ត៌មាន អំពីតម្រូវការជ្រើសរើសបុគ្គលិករបស់អាជីវកម្ម និងតម្រូវការស្វែងរកការងារធ្វើរបស់កម្មករនិយោជិត។ ទន្ទឹមនឹងនោះ ក៏បានជំរុញសកម្មភាពផ្តល់បទពិគ្រោះការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ; សហការរៀបចំវេទិកាផ្លាស់ប្តូរការងារ និងពង្រីកបណ្តាញសហការីជំនួយផ្នែកការងារ បណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមឃុំ សង្កាត់។ ឆ្លងតាមរយៈនោះ ព័ត៌មានជ្រើសរើសបុគ្គលិកដែលមានប្រភពផ្លូវការ បានកៀកជិតកម្មករនិយោជិតកាន់តែងាយស្រួលជាងមុន ជួយអាជីវកម្មក្នុងការជ្រើសរើសបុគ្គលិកមានប្រសិទ្ធភាព និងរួមចំណែកជំរុញឱ្យទីផ្សារការងាររបស់ទីក្រុងអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព៕
កៀងក្វឹក - ពេជ្រសឿន