15/05/2026 - 20:31

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បំ​ផុស​ចលនា "ថ្ងៃបុណ្យ​ដាំ​ដើម​ឈើ ជា​និច្ច​កាល​ចង​ចាំ​គុ​ណូប​ការៈ​អ៊ំ​ហូ" 

នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​ឧសភា នៅ​តំ​បន់​បៀង​ត្រេន A សង្កាត់​វិញ​ភឿក គណៈ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​ព្រៃ​បង្ការ​ឆ្នេរ​សមុទ្រ ចំ​ណុះ​មន្ទីរ​កសិ​កម្ម និង​បរិ​ស្ថាន​ទី​ក្រុង ចាត់​តាំង​ពិធី​បំ​ផុស​ចល​នា “ថ្ងៃបុណ្យដាំ​ដើម​ឈើ​ជា​និច្ច​កាល​ចង​ចាំ​គុ​ណូប​ការៈ​អ៊ំ​ហូ” ស្រប​ឱកាស​រំ​លឹក​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ១៣៦ ទិវា​ខួប​កំ​ណើត​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ។

ចូល​រួម​ពិ​ធី រួម​មាន​លោក​វរសេ​នីយ៍​ឯក ហា​ហ្វី​ទ្រឿង ស្នង​ការ​នយោ​បាយ​រង​នៃ​បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ; តំ​ណាង​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​គ្រប់​គ្រង​ព្រៃ​បង្ការ​ឆ្នេរ​សមុទ្រ​ទី​ក្រុង; គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ​និង​កម្មា​ភិ​បាល យុទ្ធ​ជន សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម និង​ប្រ​ជា​ជន​តំ​បន់​ឆ្នេរ​សមុទ្រ​រួម​ក្នុង​កម្ម​វិធី​នេះ។

កម្មា​ភិ​បាល យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ចូល​រួម​ដាំ​ដើម​ឈើ។

ថ្លែង​ក្នុង​ពិធី វរសេ​នីយ៍​ឯក ហា​ហ្វី​ទ្រឿង សង្កត់​ធ្ងន់៖ ការ​ចាត់​តាំង​បំ​ផុស​ចលនា​ដាំ​ដើម​ឈើ​ការ​ពារ​ឆ្នេរ​សមុទ្រ គឺ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​ជាក់​ស្តែង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចលនា “ថ្ងៃបុណ្យដាំ​ដើម​ឈើ ជា​និច្ច​កាល​ចង​ចាំ​គុ​ណូប​ការៈ​អ៊ំ​ហូ​” រួមចំ​ណែក​ការ​ពារ​ជីវ​បរិ​ស្ថាន ប្រ​ឈម​ទៅ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ និង​កសាង​តំ​បន់​ព្រំ​ដែន​សមុទ្រ​កាន់​តែ​បៃ​តង ជ្រះ ស្អាត។ ទន្ទឹម​នឹង​នោះ លោក​ក៏​បាន​បញ្ជាក់​៖ រាល់​ដើម​កោង​កាង​និង​ដើម​ស្មាច់​ដែល​ដាំ​ថ្ងៃ​នេះ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ដល់​ការ​រក្សា​ដី ការ​ពារ​រលក និង​ទប់​ទល់​ការ​ហូរ​ច្រោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ក្តី​ជំ​នឿ និង​ក្តី​សង្ឃឹម​អំ​ពី​បរិ​ស្ថាន​រស់​នៅ​មាន​សុ​វត្ថិ​ភាព និង​ចីរ​ភាព​សម្រាប់​អ្នក​ជំ​នាន់​ក្រោយ​ទៀត​ផង។

យោង​តាម​គណៈ​ចាត់​តាំង ការ​បំ​ផុស​ចលនា​លើក​នេះ​គឺ​អនុ​វត្ត​ដាំ​បម្ថែម​ព្រៃ​បង្ការ​ឆ្នេរ​សមុទ្រ​ចំ​នួន ១៧ ហិក​តា ដោយ​មាន​ដើម​ឈើ​ចំ​នួន ៥៦​,៦០០ ដើម ដូច៖ ដើម​កោង​កាង ដើម​ប្រា​សាក់ និង​ដើម​ស្មាច់ នៅ​តំ​បន់​ភូមិ​ព្រៃ​ជាប់ B ឃុំ​ឡាយ​ហ្វា និង​តំ​បន់​បៀង​ត្រេន A សង្កាត់​វិញ​ភឿក ដែល​គឺ​ជា​ប្រ​ភេទ​ដើម​ឈើ​ធន់​នឹង​ជាតិ​ប្រៃ សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ធម្ម​ជាតិ​នៃ​តំ​បន់​ឆ្នេរ​សមុទ្រ រួម​ចំ​ណែក​ក្នុង​ការ​ការ​ពារ​រលក ទប់​ទល់​ការ​ហូរ​ច្រោះ និង​លំ​នឹង​ឆ្នេរ​ដី​ដុះ។ បន្ទាប់​ពី​ពិ​ធី​បំ​ផុស​ចល​នា​ភ្លាម​នោះ អ្នក​តំ​ណាង កម្មា​ភិ​បាល យុទ្ធ​ជន​ ប្រ​ជា​ជន​បាន​ចូល​រួម​បើក​យុទ្ធ​នាការ​ដាំ​ព្រៃ​បង្ការ​ឆ្នេរ​សមុទ្រ​នៅ​តំ​បន់​ដែល​បាន​កំ​ណត់​ជា​មួយ​ផ្ទៃ​ដី​ប្រ​មាណ ៥ ហិក​តា។

ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​ខ្វះ​ខាត។

ក្នុង​ឱកាស​នេះ​ដែរ គណៈ​ចាត់​តាំង​ក៏​បាន​ជូន​អំ​ណោយ​ចំ​នួន ១០ ចំ​ណែក​ដល់​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​ខ្វះ​ខាត​នៅ​តំ​បន់​បៀង​ត្រេន និង​បៀង​ត្រេន A សង្កាត់​វិញ​ភឿក រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​មា​មីង​ឱ្យ​ឈាន​ឡើង​ក្នុង​ជីវ​ភាព៕

លី​ធាន - មេង​លី

ចែករំលែកអត្ថបទ