ក្នុងបរិការណ៍ដែលបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងក្លា ទម្លាប់អានសៀវភៅនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះចំណេះដឹង លត់ដំបុគ្គលិកលក្ខណៈនិងចិញ្ចឹមសេចក្តីប្រាថ្នារៀនសូត្រគ្មានទីបញ្ចប់របស់យុវជនជំនាន់ក្រោយ។

បរិយាកាសដ៏ពុះពោរនៃទិវាអានសៀវភៅនៅអនុវិទ្យាល័យវិញតឹង សង្កាត់វិញចូវ ទីក្រុងកឹងធើ។
ការអានសៀវភៅ មិនត្រឹមតែជាវិធីសាស្ត្រ ទទួលបានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជួយហ្វឹកហាត់ការគិត លើកកម្ពស់សមត្ថភាពវិភាគនិងធ្វើវិវេចនាផងដែរ។ ពិសេស ចំពោះសិស្សា នុសិស្សដែលជាធនធានរបស់ប្រទេសជាតិ ការបង្កទម្លាប់អានសៀវភៅតាំងពីក្មេង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍន៍គ្រប់ផ្នែក។
ប៉ុន្មានឆ្នាំមកនេះ គ្រប់ថ្នាក់ គ្រប់ផ្នែកទាំងអស់ ពិសេសគឺផ្នែកអប់រំ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការកសាង និងអភិវឌ្ឍទម្លាប់អានសៀវភៅនៅក្នុងសាលារៀន។ មានទម្រង់ល្អៗនិងវិធីសាស្ត្រ ច្នៃប្រតិដ្ឋជាច្រើនត្រូវបានផ្សព្វផ្សាយ ដូចជា៖ បណ្ណាល័យស្និទ្ធស្នាល ទូសៀវភៅប្រចាំថ្នាក់ ទិវាអានសៀវភៅ រថយន្តបណ្ណាល័យចល័ត...។ តាមនោះ សៀវភៅបាននាំយកទៅដល់ដៃសិស្សានុសិស្ស បំផុសចំណូលចិត្តក្នុងការអាននិងបង្កទម្លាប់ស្វ័យសិក្សា។
ជាតួយ៉ាងដូចអនុវិទ្យាល័យវិញតឹង នៅសង្កាត់វិញចូវ ទីក្រុងកឹងធើ គឺជាចំណុចលេចធ្លោមួយក្នុងការចាត់តាំងទិវាអានសៀវភៅ ក្រោមប្រធានបទ៖ “រៀនដើម្បីអភិវឌ្ឍខ្លួន ម្ចាស់ការលើចំណេះដឹងនិងបច្ចេកវិទ្យា រួមចំណែកកសាងប្រទេសជាតិឱ្យរឹងមាំនិងរុងរឿង”។ កម្មវិធីនេះ បានសហការអនុវត្តជាមួយបណ្ណាល័យទីក្រុងកឹងធើ ដោយនាំមកនូវសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន។
ទិវានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយ រីករាយតាមរយៈការបំផុសចលនាអានសៀវភៅ រួមជាមួយនឹងសកម្មភាពដ៏គួរឱ្យទាក់ទាញជាច្រើន។ ជាពិសេស ទម្រង់រថយន្តបណ្ណាល័យចល័ត ដែលមានសៀវភៅរាប់រយក្បាលទាក់ទាញ សិស្សានុសិស្សជាច្រើនចូលរួមអាន។ មិនត្រឹមបានអានសៀវភៅនៅនឹងកន្លែងប្អូនៗ សិស្សានុសិស្សថែមទាំងចូលរួមល្បែងកម្សាន្ត “សួរឆ្លើយ យករង្វាន់” អំពីចំណេះដឹងទូទៅក្នុងសៀវភៅ រួមចំណែកបង្កបរិយាកាសសិក្សាប្រកបដោយភាពស្រស់ស្រាយនិងជក់អារម្មណ៍។ នៅទីនោះ សិស្សជាច្រើនបានបញ្ចេញមតិយោបល់អំពីសៀវភៅដែលខ្លួនស្រឡាញ់ តាមរយៈនោះ មិនត្រឹមតែជួយលត់ដំទេពកោសល្យពីការទំនាក់ទំនងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យរីកសាយភាយសេចក្ដីស្រឡាញ់សៀវភៅដល់មិត្តភក្តិទៀតផង។
តាមលោកត្រឹងថាញស្វឹង នាយករងបណ្ណាល័យ ទីក្រុងកឹងធើបានឱ្យដឹង ការកសាងទម្លាប់អានក្នុងសិស្សានុសិស្ស គឺជាភារកិច្ចយូរអង្វែងនិងត្រូវការព្រួតដៃពីសាលារៀន គ្រួសារនិងសង្គម។ សកម្មភាពនានាដូចជាទិវាអានសៀវភៅ មិនត្រឹមតែបង្កនូវទីលានកម្សាន្តដ៏មានសារៈសំខាន់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការបណ្តុះទម្លាប់អានសៀវភៅ ជួយឱ្យប្អូនៗអភិវឌ្ឍបានគ្រប់ផ្នែកក្នុងសម័យកាលថ្មី។
តាមរយៈសកម្មភាពជាក់ស្តែង ទិវាអានសៀវភៅនៅអនុវិទ្យាល័យវិញតឹង បានរួមចំណែកដាស់នូវក្តីជក់អារម្មណ៍លើការអានសៀវភៅ លើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សអំពីតួនាទីនៃចំណេះដឹងក្នុងការរស់នៅ។ នេះមិនត្រឹមតែជាសកម្មភាពក្រៅម៉ោងសិក្សាមួយដែលមានអត្ថន័យប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែងរបស់សាលារៀន ក្នុងការកសាងសាលារៀនស្និទ្ធស្នាល សិស្សសកម្មផងដែរ៕
ដាលីន