ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើដំណើរតាមដងផ្លូវជនបទ ចាប់ពីតំបន់មាត់សមុទ្រ រហូតដល់តំបន់ដាច់ស្រយាល និងតំបន់មូលដ្ឋានបដិវត្តន៍នៃខេត្តកាម៉ាវ យើងងាយនឹងឃើញរូបភាពកម្មាភិបាល យុទ្ធជននគរបាល រួមជាមួយសមាជិកសម្ព័ន្ធយុវជន និងប្រជាជន កំពុងមមាញឹកដឹកជញ្ជូនសម្ភារៈ ចាក់ដីបំពេញគ្រឹះ និងរុះរើផ្ទះចាស់ ដើម្បីសាងសង់ផ្ទះថ្មីជូនគ្រួសារក្រីក្រ គ្រួសារគោលនយោបាយ និងកងកម្លាំងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន ដែលមានជីវភាពខ្វះខាត។
ក្រោមពន្លឺថ្ងៃក្តៅនាដើមរដូវ លាយឡំនឹងភ្លៀងធ្លាក់ម្តងម្កាល បរិយាកាសពលកម្មនៅតែបន្តប្រព្រឹត្តទៅយ៉ាងប្រញាប់ប្រញាល់ និងផុលផុស។ រាល់បាវស៊ីម៉ង រាល់រទេះដី និងរាល់ដុំឥដ្ឋ ត្រូវបានហុចបន្តដៃគ្នាដោយស្មារតីទទួលខុសត្រូវ និងការចែករំលែក បង្កជាចលនាប្រកបដោយអត្ថន័យមនុស្សធម៌ តាមរយៈគោលការណ៍ឧបត្ថម្ភសាងសង់ផ្ទះសប្បុរសធម៌ ដោយប្រភពថវិការបស់ក្រសួងនគរបាល។ កម្មវិធីនេះមិនត្រឹមតែជាសកម្មភាពសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់នូវរូបភាពយុទ្ធជននគរបាលជិតដិតជាមួយប្រជាជន ច្បាមប្រជាជន បម្រើប្រជាជន ព្រមទាំងរួមចំណែកពូនជ្រំ “យុទ្ធសាស្រ្តទឹកចិត្តប្រជាជន” ឱ្យកាន់តែរឹងមាំចាប់ពីមូលដ្ឋាន។

កម្មាភិបាល យុទ្ធជននគរបាលខេត្តកាម៉ាវ ជួយសាងសង់ផ្ទះជូនប្រជាជន។
នៅឃុំបៀងបាច់ កងកម្លាំងនគរបាលឃុំ រួមជាមួយកងកម្លាំងចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន បានបញ្ចប់ការជួយជ្រោមជ្រែងបើកការដ្ឋានសាងសង់ផ្ទះចំនួន ១២ ខ្នង ដែលបានអនុម័ត។ ភ្លាមៗក្រោយពិធីបើកការដ្ឋាន កងកម្លាំងនានាបានបន្តចាប់ដៃរុះរើផ្ទះចាស់ ដឹកជញ្ជូនសម្ភារៈ និងរៀបចំគ្រឹះផ្ទះ។ លោកវរសេនីយ៍ទោ តូមិញដឿង អនុប្រធាននគរបាលឃុំបៀងបាច់ បានចែករំលែក៖ “ទោះបីជាថ្ងៃឈប់សម្រាកក៏ដោយ ប៉ុន្តែកម្មាភិបាល យុទ្ធជននៅតែម្ចាស់ការរៀបចំពេលវេលា ធានាទាំងការងារជំនាញផង និងឆ្លៀតពេលជួយប្រជាជន ដើម្បីកុំឱ្យយឺតយ៉ាវតាមផែនការ ជួយឱ្យមាមីងឆាប់មានផ្ទះសម្បែងរស់នៅស្ថិរភាព”។
ទន្ទឹមនឹងនោះ សមាជិកសម្ព័ន្ធយុវជននៃបណ្តាការិយាល័យវិជ្ជាជីវៈនគរបាលខេត្តកាម៉ាវ បានមកដល់ឃុំង្វៀងវៀតខាយ ដើម្បីជួយចាក់ដីបំពេញគ្រឹះ និងដឹកជញ្ជូនសម្ភារៈជូនគ្រួសារលោក ដាំងវ៉ាំងវ៉ាយ នៅភូមិតឹងក្វាង A និងគ្រួសារអ្នកមីង ត្រឹងធីតាម នៅភូមិកាយដូយញ៉ A។ ទោះបីអាកាសធាតុមិនអំណោយផល ភ្លៀងធ្លាក់ធ្វើឱ្យដីបែកភក់ និងរអិលក៏ដោយ ប៉ុន្តែកម្លាំងនានានៅតែមិនរុញរា។ រទេះដឹកដីជាច្រើនត្រូវបានដឹកជញ្ជូនឥតឈប់ឈរ គ្រឹះផ្ទះនីមួយៗត្រូវបានបំពេញជាបណ្តើរៗ ប្រៀបដូចជាការពូនជ្រំទំនុកចិត្តរវាងកម្លាំងនគរបាល និងប្រជាជន។ លោកអនុសេនីយ៍ឯក ត្រឹងវ៉ាំងសាក់ បានឱ្យដឹង៖ ទោះបីមេឃក្តៅឬភ្លៀង បងប្អូនទាំងអស់សុទ្ធតែប្តេជ្ញាចិត្តសម្រេចភារកិច្ចដែលបានប្រគល់ជូន ភាពសប្បាយរីករាយ និងទំនុកចិត្តរបស់ប្រជាជនគឺជាកម្លាំងចិត្តដើម្បីឱ្យកងកម្លាំងបន្តខិតខំ។ យើងខ្ញុំខិតខំបង្ហើយការសាងសង់ និងប្រគល់ផ្ទះជូនមាមីងនៅថ្ងៃទី ១៩ ខែឧសភា ខាងមុខនេះ។
សកម្មភាពរបស់កម្មាភិបាល យុទ្ធជននគរបាល បានធ្វើឱ្យប្រជាជនកាន់តែរំភើបចិត្ត បង្ហាញច្បាស់តាមរយៈក្រស្រែភ្នែកនិងស្នាមញញឹម នៅពេលផ្ទះក្នុងសុបិនកំពុងលេចចេញជារូបរាង។ អ្នកមីង ត្រឹងធីតាម បាននិយាយទាំងរំភើប៖ “ឃើញក្មួយៗនគរបាលលុយភក់ ជញ្ជូនដីជួយគ្រួសារ ខ្ញុំរំភើបចិត្តខ្លាំងណាស់ ព្រោះការមានផ្ទះថ្មី ពីមុនមកខ្ញុំមិនដែលហ៊ានគិតដល់ឡើយ។ ជាពិសេសគឺចាប់ផ្តើមចូលរដូវភ្លៀង ការមានផ្ទះថ្មីស្នាក់នៅពិតជាក្តីរីករាយរកអ្វីមកថ្លែងពុំបានឡើយ”។
មិនត្រឹមតែជួយកម្លាំងពលកម្មប៉ុណ្ណោះទេ នគរបាលឃុំថែមទាំងម្ចាស់ការស្វែងរកប្រភពសម្ភារៈ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទទួលការសាងសង់ក្នុងតម្លៃសមរម្យ ដើម្បីកាត់បន្ថយការចំណាយជូនប្រជាជន។ តាមនគរបាលខេត្តកាម៉ាវ ឱ្យដឹងថា រហូតមកដល់ពេលនេះ ទូទាំងខេត្តសម្រេចការសាងសង់ផ្ទះបាន ១១ ខ្នង ផ្ទះចំនួន ៤០ ខ្នងទៀតសម្រេចតាមវឌ្ឍនភាពពី ៥០% ដល់ ៩០% ចំណែកផ្ទះដែលនៅសល់កំពុងបន្តជំរុញល្បឿនសាងសង់។ ក្នុងឱកាសចុះត្រួតពិនិត្យការសាងសង់ផ្ទះជូនប្រជាជន លោកវរសេនីយ៍ឯក ហូវៀតទ្រេវ នាយកនគរបាលខេត្តកាម៉ាវ បានវាយតម្លៃខ្ពស់ចំពោះស្មារតី “ជម្នះកម្តៅថ្ងៃ ឈ្នះទឹកភ្លៀង” កងកម្លាំងតែងច្បាមនៅការដ្ឋាន ឆ្លៀតពេលវេលាគ្រប់ថ្ងៃ គ្រប់ម៉ោង ដើម្បីធានាល្បឿនសាងសង់ដែលបានកំណត់។ អាចឃើញថា តាមរយៈការចូលរួមយ៉ាងសកម្មរបស់កងកម្លាំងនគរបាលគ្រប់ថ្នាក់ ការស្ម័គ្រចិត្តរបស់យុវជន រហូតដល់ការឯកភាពគ្នារបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជនភូមិភាគ កម្មវិធីសាងសង់ផ្ទះសប្បុរសធម៌នៅកាម៉ាវ កំពុងមានភាពរីកសាយភាយយ៉ាងខ្លាំងក្លា និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។

លោកវរសេនីយ៍ឯក ហូវៀតត្រេវ នាយកនគរបាលខេត្តកាម៉ាវ (ឈរទី២ រាប់ពីឆ្វេង) ត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនប្រជាជន។
ផ្ទះដែលសាងសង់ជិតរួចរាល់ទាំងនេះ មិនត្រឹមតែជួយឱ្យប្រជាជនមានទីជម្រកសមរម្យដើម្បីលំនឹងជីវភាពប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃមនោសញ្ចេតនា ការទទួលខុសត្រូវ និងការផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងកងកម្លាំងនគរបាលនិងប្រជាជន។ នៅតាមតំបន់ជនបទនីមួយៗ ផ្ទះប្រកបដោយមនោសញ្ចេតនាទាំងនេះ កំពុងលេចរូបរាងឡើងពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកបំផុសក្តីសង្ឃឹម និងពង្រឹងយុទ្ធសាស្រ្តសន្តិសុខប្រជាជនរឹងមាំចាប់ពីមូលដ្ឋាន៕
យ្វីអាញ - សុផន