25/03/2026 - 23:23

សកម្ម​ភាព​ដ៏​ពុះ​ពោរ " ខែ​មី​នា​ព្រំ​ដែន " 

ដើម្បី​គាំ​ទ្រ​សកម្ម​ភាព "ខែ​យុវ​ជន" និង "ខែ​មី​នា​ព្រំ​ដែន" ឆ្នាំ ២០២៦ និង​អប​អរ​សា​ទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី ៩៥ ឆ្នាំ ទិវា​បង្កើត​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ ( ២៦/​៣/​១៩៣១​-២៦​/៣/​២០២៦) នៅ​ថ្ងៃ​ទី​២៤ ខែ​មី​នា នៅ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ សា​ខា​សម្ព័ន្ធ​យុវ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា បាន​សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡាយ​ហ្វា ឃុំ​មី​ទូ និង​សម្ព័ន្ធ​ឃុំ​ឡុង​ហឹង ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កម្ម​វិធី "ខែ​មី​នា​ព្រំ​ដែន" ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្តែង និង​មាន​អត្ថ​ន័យ​ជា​ច្រើន។

ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​ខ្វះ​ខាត។

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កម្ម​វិធី អង្គ​ភាព​នានា​បាន​ចាត់​តាំង​ឃោស​នា ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​អំ​ពី​អធិប​តេយ្យ​ភាព​កោះ សមុទ្រ  និង​ព្រំ​ដែន​ជាតិ មុខ​ងារ ភារ​កិច្ច និង​សិទ្ធិ​អំ​ណាច​របស់​កង​កម្លាំង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន។ តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​ទទួល​ខុស​ត្រូវ​របស់​យុវ​ជន​ក្នុង​ការ​ចូល​រួម​គ្រប់​គ្រង ការ​ពារ​អធិប​តេយ្យ​ភាព​ដែន​ដី​និង​សន្តិ​សុខ​ព្រំ​ដែន​ជាតិ។

ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។

ទន្ទឹម​នឹង​នោះ បណ្តា​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម រួម​មាន៖ ជូន​អំ​ណោយ ៣០ ចំ​ណែក ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​ខ្វះ​ខាត​នៅ​លើ​ភូមិ​ឋាន​ឃុំ​ឡាយ​ហ្វា; ជូន​អា​ហា​រូប​ករណ៍ ១០ ចំ​ណែក ក្នុង​មួយ​ចំ​ណែកៗ មាន​តម្លៃ ៤០០.​០០០ ដុង ដល់​សិស្ស​ក្រី​ក្រ​ជំ​នះ​លំ​បាក​រៀន​ពូ​កែ ផ្តល់​កម្លាំង​ចិត្ត​ដើម្បី​ប្អូនៗ​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ។ ក្រៅ​ពី​នេះ សមា​ជិក​សម្ព័ន​យុវ​ជន​បាន​ចូល​រួម​ក្នុង​ការ​កាប់​ឆ្កា និង​សម្អាត​ផ្លូវ​គមនា​គម​ជន​បទ; ដាំ​ផ្កា​ដើម្បី​បង្ក​បរិ​ស្ថាន​បៃ​តង ស្រស់​ស្អាត នៅ​ក្នុង​ភូមិ​ឈូង​ធំ B ឃុំ​ឡាយ​ហ្វា។ ព្រម​ទាំង​ចាត់​តាំង​ចេញ​ទ័ព​អនុវត្ត​យុទ្ធ​នា​ការ "សម្អាត​សមុទ្រ" ប្រ​មូល​សំ​រាម​នៅ​តំ​បន់​លូ​លេខ ២ ភូមិ​ព្រៃ​ជាប់ B រួម​ចំ​ណែក​ការ​ពារ​ជីវ​បរិ​ស្ថាន​ឆ្នេរ​សមុទ្រ។

សកម្ម​ភាព​នានា​នៃ​កម្ម​វិធី "ខែ​មី​នា​ព្រំ​ដែន" ជា​ឱកាស​សម្រាប់​យុវ​ជន​នៃ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង និង​ភូមិ​ភាគ​នា​នា ពង្រឹង​សាមគ្គី​ភាព ជិត​ស្និទ្ធ លើក​កម្ពស់​តួនា​ទី​ឈាន​មុខ និង​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ចូល​រួម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម កសាង​ជន​បទ​ថ្មី ពង្រឹង​ការ​ការ​ពារ​ជាតិ សន្តិ​សុខ និង​រក្សា​រឹង​មាំ​អធិប​តេយ្យ​ភាព​ព្រំ​ដែន ស​មុទ្រ កោះ​នៃ​មាតុ​ភូមិ។

ក្នុង​ឱកាស​នេះ អ្នក​តំ​ណាំង​និង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន មក​ពី​អង្គ​ភាព​នា​នា បាន​អុជ​ធូប​នៅ​សិលា​រំលឹក​វិញ្ញា​ណក្ខន្ធ​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ ព្រះ​អា​ចារ្យ សើុង​ថាន នៅ​វត្ត​ព្រៃ​ជាប់ ឃុំ​ឡាយ​ហ្វា  ដើម្បី​សម្តែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះ​បុព្វ​បុរស​ដែល​មាន​សគុណ​ចំ​ពោះ​មាតុ​ភូមិ​និង​ប្រ​ទេស​ជាតិ។

យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ