ឆ្នាំ២០២៦ ជាឆ្នាំទី ២០ ដែលទីក្រុងកឹងធើចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន។ ជាមួយនឹងសកម្មភាពប្រកបដោយអត្ថន័យជាច្រើន បុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន បានក្លាយជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ និងបង្កប់នូវគុណតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ នេះក៏ជាឱកាសដើម្បីកងទ័ពនិងប្រជាជនទីក្រុងកឹងធើ មោទនៈរំលឹកឡើងវិញនូវដំណាក់កាលតស៊ូដ៏រុងរឿងរបស់ជនជាតិ និងរួមកម្លាំងគ្នាកសាងស្រុកកំណើតឱ្យកាន់តែសម្បូររុងរឿង។

គណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន បានបើកការដ្ឋានបង្កើនកម្រិតផ្លូវគមនាគមន៍នៅឃុំទ្រឿងឡុង។
ឆ្នាំនេះ បុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន បានប្រារព្ធឡើងនៅតាមសង្កាត់កៃរ៉ាំង ហឹងភូ ឃុំទ្រឿងឡុង ភុងហៀប និងឃុំហ្វាទូ។ នៅសង្កាត់ហឹងភូ ក្នុងរយៈពេលជាង ១ ខែកន្លងមកនេះ គណៈបញ្ជាការយោធាសង្កាត់ បានចល័តកងទ័ពនិងប្រជាជនចូលរួមគាំទ្រក្នុងការពិនិត្យជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន ជួយមាមីងសាងសង់ផ្ទះ កាប់ឆ្ការព្រៃ សម្អាតបរិស្ថាន ។ល។
លោក ផាងហ្វាងហ្វី មេបញ្ជាការនៃគណៈបញ្ជាការយោធាសង្កាត់ហឹងភូ ឱ្យដឹង៖ “បច្ចុប្បន្ន អង្គភាពកំពុងបន្តសកម្មភាពជួយប្រជាជន កសាងទិដ្ឋភាពដើម្បីត្រៀមអំណរបុណ្យចូលឆ្នាំថ្មីវៀតណាម។ រីឯសកម្មភាពវប្បធម៌-សិល្បៈ និងការប្រឡងផ្សេងៗដែលរៀបចំដោយគណៈចាត់តាំងនឹងប្រព្រឹត្តទៅនៅចុងខែមករា ឆ្នាំ ២០២៦ ខាងមុខនេះ”។
ក្នុងកម្មវិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៦នេះ គណៈបញ្ជាការយោធាទីក្រុង នឹងសហការជាមួយនឹងមន្ទីរ គណៈ ផ្នែក អង្គការមហាជននិងភូមិភាគនានា ដើម្បីបង្កើនកម្រិតផ្លូវគមនាគមន៍ ស្ពាន លូ; ដំឡើងប្រព័ន្ធភ្លើងនិងបង្គោលទង់ជាតិនៅតាមដងផ្លូវ; កសាងទីធ្លាលេងកម្សាន្តសម្រាប់កុមារ; ដាំផ្កា កាប់ឆ្ការព្រៃ សម្អាតបរិស្ថាន; សង់ផ្ទះមហាសាមគ្គី ផ្ទះមិត្តរួមកង ផ្ទះឧបការគុណ។ល។ គណៈចាត់តាំងជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារក្បែរក្រ; ជូនអាហារូបករណ៍ និងកង់ដល់សិស្សានុសិស្សជម្នះការលំបាករៀនពូកែ; សហការចាត់តាំងការពិនិត្យជំងឺ ផ្ដល់ថ្នាំដោយឥតគិតថ្លៃ; ជួបជុំជូនអំណោយដល់វីរមាតាវៀតណាម វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន យុវជនដែលត្រៀមខ្លួនចូលបម្រើកងទ័ពជាដើម។
គណៈចាត់តាំងកម្មវិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន នៅទាំងចាត់តាំងការប្រឡងវេចនំអន្សមជ្រូក; តាំងបង្ហាញនំប្រពៃណីផ្សេងៗ; តុបតែងផ្កានិងផ្លែឈើសិល្បៈ; ប្រឡងតុបតែងជំរុំនិងអាសនៈគោរពបូជាមាតុភូមិ។ ជាមួយគ្នានោះ ក៏មានការតាំងពិព័រណ៍ផលិតផល OCOP និងសមិទ្ធផលពលកម្មផលិតផ្សេងៗ។ សកម្មភាពសិល្បៈ កីឡា ល្បែងប្រជាប្រិយនិងផ្សារណាត់ “នាំទំនិញវៀតណាមទៅកាន់ជនបទ” ក៏បានចាត់តាំងឡើង រួមចំណែករឹតបន្ដឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន លើកកម្ពស់ជីវភាពស្មារតីជូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
តាមប្រសាសន៍ វរសេនីយ៍ឯក ផាមង៉ុកក្វាង ស្នងការនយោបាយនៃបញ្ជាការយោធាទីក្រុងកឹងធើ និងជាអនុប្រធានគណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន បានឱ្យដឹង ឆ្នាំនេះ បុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន មានការផ្លាស់ថ្មីនូវរបៀបចាត់តាំងបើប្រៀបធៀបនឹងឆ្នាំមុនៗ។ ក្នុងនោះ គណៈបញ្ជាការយោធាទីក្រុងបានអនុវត្តការសាងសង់សំណង់សុខុមាលភាពសង្គម កិច្ចការគោលនយោបាយ តបស្នងសងគុណនិងចាត់តាំងសកម្មភាពវប្បធម៌ប្រជាប្រិយ វប្បធម៌ម្ហូបអាហារតាមតំបន់។ល។ គណៈបញ្ជាការយោធាទីក្រុង សហការចាត់តាំងក្បួនដង្ហែទូក កប៉ាល់នៅផ្សារអណ្ដែតកៃរ៉ាំង ដើម្បីផ្សព្វផ្សាយទេសចរណ៍វប្បធម៌ដ៏វិសេសវិសាលរបស់ទីក្រុងកឹងធើ។ ជាពិសេស រាត្រីបិទកម្មវិធីបុណ្យនឹងត្រូវបានរៀបចំការសម្ដែងសិល្បៈដ៏អស្ចារ្យនៅតាមដងព្រែកកឹងធើ សន្យានឹងនាំមកនូវចំណាប់អារម្មណ៍ ប្លែកភ្នែកជូនភ្ញៀវទេសចរ និងទស្សនិកជនអំពីលក្ខណៈវប្បធម៌ដ៏ល្អប្រសើរនៃទឹកដីនិងមនុស្សកឹងធើ។
ក្នុងរយៈពេល ១៩ ឆ្នាំកន្លងមកនេះ គណៈបញ្ជាការយោធាទីក្រុង បានសហការចាត់តាំងការពិនិត្យជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃបានប្រមាណ ១៥.០០០ លើកនាក់; ជូនអំណោយជាង ១១.៥០០ ចំណែកដល់គ្រួសារគោលនយោបាយ អ្នកមានសគុណ គ្រួសារក្រីក្រ គ្រួសារមានជីវភាពលំបាក; ជូនអាហារូបករណ៍ ១.៣០០ ចំណែកដល់សិស្សានុសិស្សជម្នះការលំបាករៀនពូកែ; បង្កើនកម្រិតផ្លូវគមនាគមន៍ប្រមាណ ៥០ គីឡូម៉ែត្រ; ជួសជុល សាងសង់ថ្មីស្ពានបេតុង ១៣ ខ្សែ; សាងសង់ផ្ទះមិត្តរួមកង ផ្ទះឧបការគុណ ផ្ទះមហាសាមគ្គីចំនួន ៩២៤ ខ្នង និងសាលារៀនចំនួន ៤ ខ្នង។ល។ សរុបថវិកាចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជនគឺជាង ៥៤៤ ពាន់លានដុង ក្នុងនោះ គណៈបញ្ជាការយោធាទីក្រុង បានចលនាសង្គមូបនីយកម្មជាង ១៥០ ពាន់លានដុង។
គណៈបញ្ជាការយោធាទីក្រុងកឹងធើ បានសហការអនុវត្តសំណង់ចំនួន ៦ ដែលបានអង្គការឯតទគ្គកម្មវៀតណាមទទួលស្គាល់ រួមមាន៖ “នំអន្សមជ្រូកធំបំផុត” “នំកែមធំបំផុត” “ផែនទីវៀតណាមធ្វើពីផ្លែឈើធំបំផុតនៅវៀតណាម”, “ភូមិភាគដំបូងគេដែលចាត់តាំងកម្មវិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ទទួលបានជោគជ័យជាប់ៗគ្នាដប់ឆ្នាំ”. “ផែនទីរដ្ឋបាលទីក្រុងកឹងធើ ធ្វើពីអង្ករលាយពណ៌ធំបំផុត” និង “ឡូហ្គោទីក្រុងកឹងធើធ្វើពីដើមឈើបៃតង”។ សម្រាប់កម្មវិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ ២០២៦ ខាងមុខនេះ គណៈបញ្ជាការយោធាទីក្រុងនឹងសហការជាមួយមន្ទីរពេទ្យពហុព្យាបាលហ្វាហាវ - Medic កឹងធើ អនុវត្តបណ្ដាសំណង់ចុះឈ្មោះស្នើសុំឯតទគ្គកម្មមនុស្សជាតិវៀតណាមទូទាំងពិភពលោក និងឯតទគ្គកម្មវៀតណាមគឺ៖ ទង់បក្ស ទង់ជាតិ ឆាយាល័ក្ខណ៍លោកប្រធានហូជីមិញ និងទម្រង់និមិត្តរូបរំលឹកខួប២០ឆ្នាំ បុណ្យចូលឆ្នាំកងទ័ពនិងប្រជាជនទីក្រុងកឹងធើ ដែលធ្វើពីគ្រាប់សណ្ដែកចម្រុះ។
អាចកត់សម្គាល់បានថា ទម្រង់នៃកម្មវិធីបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន បានរួមចំណែករឹត បន្ដឹងថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ ដូចសាច់និងឈាមរវាងកងទ័ពនិងប្រជាជន កសាង “យុទ្ធសាស្រ្តទឹកចិត្តប្រជាជន” កាន់តែរឹងមាំ និងខឿនការពារប្រទេសទូទាំងប្រជាជនកាន់តែខ្លាំងក្លា។ តាម រយៈនោះ បានរួមចំណែកអនុវត្តសម្រេចជោគជ័យនូវភារកិច្ចយុទ្ធសាស្ត្រទាំង ២ គឺការកសាងនិងការពារមាតុភូមិឱ្យបានមាំមួនក្នុងស្ថានភាពថ្មី៕
យោង៖ baocantho.com.vn - ថាច់ធី