ឃុំតឹងហ៊ុង ស្រុកទីវកឹង ខេត្តត្រាវិញ ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ប៉ុន្មានឆ្នាំកន្លង ក្រៅពីការឧបត្ថម្ភជីវភាពជនរួមជាតិខ្មែរ ការថែទាំសុខភាពជូនប្រជាជន ក៏ទទួលបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋផងដែរ។ ដោយការវិនិយោគមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារពេទ្យសម្រាប់ពិនិត្យព្យាបាលជំងឺគ្រប់សព្វ រួមជាមួយការរៀបចំកងជួរកម្មាភិបាលពេទ្យ ដំណាក់សុខាភិបាលឃុំតឹងហ៊ុង បម្រើប្រជាជនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំតឹងហ៊ុង។
បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំតឹងហ៊ុង មានកម្មាភិបាលពេទ្យ៧នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតម្នាក់ គ្រូពេទ្យពហុព្យាបាល២នាក់ គិលានុបដ្ឋាកម្នាក់ គ្រូពេទ្យវេជ្ជសាស្រ្ត បុរាណម្នាក់ គ្រូពេទ្យសម្ភពម្នាក់និងឱសថការីម្នាក់។ ហើយទាំង៩ភូមិក្នុងឃុំ សុទ្ធសឹងតែមានសហការីសុខាភិបាល ដើម្បីសហការជាមួយកម្មាភិបាលក្នុងដំណាក់ អនុវត្តរាល់កម្មវិធីទិសដៅសុខាភិបាលជាតិ។ គិតចាប់ពីដើមឆ្នាំ២០២៤ មកទល់ពេលនេះ ដំណាក់ទទួលពិនិត្យព្យាបាលជំងឺ ផ្តល់ថ្នាំតាមរយៈធានារ៉ាប់រងសុខាភិបាលដល់អ្នកជំងឺជាង១.១៨៤លើកនាក់ ដាក់កងពន្យារកំណើតដល់បងប្អូននារីបានចំនួន៤២នាក់ ចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងរាលដាលតាមការកំណត់ដល់កុមារតាមកម្រិតអាយុ ឱ្យកុមារអាយុពី៦-៣៦ខែ ផឹកវីតាមីន A លើកទី១ ទី២ និងទី៣ ឆ្នាំ២០២៤ បានចំនួន២៩៦កុមារ។ មធ្យមភាគក្នុងមួយថ្ងៃមានប្រជាជនមកពិនិត្យ និងព្យាបាលជំងឺជាង២០លើកនាក់។
វេជ្ជបណ្ឌិត គឹមវ៉ាន់នី អនុប្រធានដំណាក់សុខាភិបាលឃុំតឹងហ៊ុង ឱ្យដឹង៖ “ដោយការយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈពិនិត្យព្យាបាលជំងឺ ដូច្នេះដំណាក់សុខាភិបាលឆ្លើយតបតម្រូវការថែទាំសុខភាពជូនប្រជាជន។ ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាជន យើងខ្ញុំគួបផ្សំផ្សព្វផ្សាយពីរបៀបបង្ការជំងឺពងដៃ-ជើង-មាត់លើកុមារ ណែនាំប្រជាជនអនាម័យបរិស្ថានរួមឱ្យស្អាតបាត ហូបឆ្អិន ផឹកឆ្អិន៘ យល់ច្បាស់ពីភ្នាក់ងារបង្កជំងឺ ប្រជាជនគ្រប់រូបបានម្ចាស់ការបង្ការជំងឺដល់គ្រួសារនិងសហគមន៍”។
ពូថាច់កយ នៅភូមិកំពង់ស្រា ឱ្យដឹង៖ “អ្នកជំងឺមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាលឃុំ តែងពេញចិត្តនឹងអាកប្បកិរិយាបម្រើការងាររបស់គ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះណាស់។ ចំណុចណាដែលអ្នកជំងឺមិនច្បាស់ មិនយល់គឺ គ្រូពេទ្យបានពន្យល់ណែនាំយ៉ាងហ្មត់ចត់ ធ្វើឱ្យអ្នកជំងឺរឹតតែមានទំនុកចិត្តពេលមកពិនិត្យ ព្យាបាលជំងឺនៅដំណាក់សុខាភិបាលថែមទៀត”៕
សើុងម៉ាល័យ- លីសៀ