11/06/2024 - 09:26

ក្តី​រីក​រាយ​ពី​ធានា​រ៉ាប់​រង​សុខា​ភិបាល​

ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ បាន​ទទួល​របប​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដល់​ជន​រួម​ជាតិ​ភាគ​តិច​តាម​អនុក្រឹត្យ​លេខ​ ៧៥/២០២៣​/NĐ-CP ចុះ​ថ្ងៃ​ទី ១៩ ខែ​តុលា​ ឆ្នាំ​២០២៣ របស់​រដ្ឋា​ភិបាល​។​ អា​ស្រ័យ​ហេតុ​នោះ​ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​កាត់​បន្ថយ​បាន​ការ​ចំ​ណាយ​ក្នុង​ការ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ។​

មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ មាមីង​ខ្មែរ​មាន​លក្ខណៈ​កៀក​ជិត​សេវា​កម្ម​ទំ​នើប​
ក្នុង​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​។​

តាម​ប្រ​សាសន៍​លោក​ ត្រឿង​វ៉ាន់​តឹង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ភូ  ពេល​ទទួល​បាន​ដំ​ណឹង​របស់​អង្គ​ភាព​ធានា​រ៉ាប់​រង​សង្គម​ស្រុក​ អំ​ពី​ការ​បន្ត​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ពី​ប្រ​ភព​ថវិកា​រដ្ឋ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ ឃុំ​បាន​សហការ​ជា​មួយ​អង្គ​ការ​មហា​ជន​ភូមិ​ ដើម្បី​ឃោ​សនា​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ដែល​មិន​ទាន់​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​ ធ្វើ​បែប​បទ​ដើម្បី​បាន​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល។​ មក​ទល់​ពេល​នេះ​ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ស្ទើរ​តែទាំង​អស់​ បំ​ផុត​គឺគ្រួ​សារ​ខ្មែរ សុទ្ធ​តែ​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ ប្រ​ការ​នេះ​បាន​នាំ​មក​នូវ​ក្ដី​រីក​រាយ​ដល់​មាមីង​ខ្មែរ​ បំ​ផុត​គឺគ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​អ្នក​មាន​វ័យ​ចំ​ណាស់​គ្មាន​ទីពឹង​ មាន​លក្ខណៈ​ពិនិត្យ​ ព្យា​បាល​ជំ​ងឺ​ ធានា​ការ​ថែទាំ​សុខ​ភាព​បាន​ល្អ​ប្រ​សើរ។​

លោក​ថាច់​អ៊ុយ លេខា​សាខា​បក្ស​ភូមិ​ព្រែក​ឆ្វេង​ ឃុំ​ថាញ់​ភូ ឱ្យ​ដឹង៖ “មាមីង​ខ្មែរ​ភាគ​ច្រើន​ប្រ​កប​របរ​ធ្វើ​ស្រែ​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ ចិញ្ចឹម​សត្វ​ និង​មួយ​ចំ​នួន​តូច​លក់​ដូរ​ ម្ល៉ោះ​ហើយ​ការ​ទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដល់​សមាជិក​ក្នុង​គ្រួ​សារ​មាន​ចំ​នួន​តិច​ណាស់​ ពេល​ណា​មាន​ជំ​ងឺ​ទើប​ទៅ​ទិញ​។​ ចំ​ណែក​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​វិញ​ គឺកាន់​តែ​លំ​បាក​ទិញ​ថែម​ទៀត​ ពេល​រដ្ឋ​មាន​គោល​នយោ​បាយ​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​ មាមីង​ត្រេក​អរ​គ្រប់​គ្នា”។​

ដោយ​បាន​រដ្ឋ​ផ្ដល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ បង​ថាច់​ហ្វាង​ដែប មិន​បារម្ភ​ពី​ការ​រក​ប្រាក់​ទៅ​ពិនិត្យ​ជំ​ងឺ​ទៀត។​ បង​ដែប ឱ្យ​ដឹង​៖ “គ្រួ​សារ​រស់​នៅ​ដោយ​របរ​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ផ្ទៃ​ដី​២​កុង​ ហេតុ​នោះ​គ្រាន់​តែ​គ្រប់​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​។​ ថ្មី​ៗ​នេះ​ ខ្ញុំ​ត្រូវ​ដេក​ពេទ្យ​ព្យា​បាល​ជំ​ងឺ​ចម្លែក​ទៀត​ គឺមាន​មេរោគ​ក្នុង​ឈាម​ខ្ពស់​ ត្រូវ​ព្យា​បាល​ជិត​១​ខែ​ វេជ្ជ​បណ្ឌិត​ប្រាប់​ថា​បង់​ប្រាក់​ច្រើន​ណាស់​។​ ដោយ​សារ​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ បាន​រដ្ឋ​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ​ ទើប​គ្រួ​សារ​ខ្ញុំ​មិន​សូវ​បង់​ថ្លៃ​ព្យា​បាល​ជំ​ងឺ​”។​ ចំ​ណែក​បង​ស្រី​ តូធី​ធឿន ឱ្យ​ដឹង​៖ “ដើម​ឆ្នាំ​នេះ​ បាន​រដ្ឋ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ក្រៃ​លែង​។​ ពី​ព្រោះ​ខ្ញុំ​ទើប​តែ​សម្រាល​កូន​ក្នុង​ខែ​ឧសភា​នេះ​ ហេតុ​នោះ​ កាត់​បន្ថយ​ការ​ចំ​ណាយ​បាន​ច្រើន​ដល់​គ្រួ​សារ​និង​បាន​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​សម្ភព​និង​កុមារ​ខេត្ត​សុក​ត្រាំង​ យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខ​ភាព​ ណែ​នាំ​ពី​របៀប​ថែទាំ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​របប​ហូប​ចុកសម្រាប់​អ្នក​កូន​ខ្ចី”។​

គោ​លនយោ​បាយ​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ ពិសេស​ គឺគ្រួ​សារ​ខ្មែរ​នៅ​ឃុំ​ថាញ់ភូ បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ បង្កើន​អត្រា​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ និង​លើក​កម្ពស់​សុខ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​។​ ទន្ទឹម​នឹង​នោះ​ នេះ​ជាគោល​នយោ​បាយ​ស្រប​ទឹក​ចិត្ត​ប្រ​ជា​ជន​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​បាន​ទាន់​ពេល​របស់​បក្ស​ រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ដើម្បី​ជួយ​ជន​រួម​ជាតិ​បាន​កៀក​ជិត​នឹង​សេវា​កម្ម​ថែទាំ​សុខ​ភាព​កាន់​តែ​ល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕​  

              យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ