27/12/2021 - 10:11

ប្រ​យ័ត្ន​ចំ​ពោះ​អីុមែលបោក​ប្រាស់​ “ស៊ី​តាម​” វីរុស​បំ​ប្លែង​ខ្លួន​ថ្មី​ Omicron

ជន​បោក​ប្រាស់​បាន​ផ្ញើ​អីុ​មែល​ក្លែង​ក្លាយ​អំ​ពី​វីរុស​បំ​ប្លែង​ខ្លួន​ថ្មី​ Omicron ដើម្បី​លួច​ទិន្ន​ន័យ​ផ្ទាល់​ខ្លួន​ និង​ព័ត៌​មាន​លម្អិត​ពីធនា​គារ​។​ អីុមែល​បោស​ប្រាស់​ត្រូវ​បាន​ជន​ក្លែង​ខ្លួន​ជា​បុគ្គ​លិក​សុខា​ភិបាល​ អ្នក​ផ្តល់​សេវា​ថែទាំ​សុខ​ភាព​ផ្ញើ​ដល់​ជន​រង​គ្រោះ​ដែល​មាន​សក្តា​នុពល​ ទទួល​បាន​“កញ្ចប់​តេស្ត​ Omicron ដោយ​ឥត​គិត​ថ្លៃ​” ដែល​ជួយ​ពួក​គេឱ្យ​ជៀស​ផុត​ពីគ្រោះ​ថ្នាក់​ដោយ​សារ​ជំងឺ​រាត​ត្បាត​។​ អីុមែល​នេះ​ ក៏​អះ​អាង​ថា​ ឧបករណ៍​ធ្វើ​តេស្ត​វីរុស​បំ​ប្លែង​ខ្លួន​ដែល​ប្រើ​ប្រាស់​ពីមុន​ មិន​អាច​រក​ឃើញ​វីរុស​បំ​ប្លែង​ខ្លួន​ថ្មី​នេះ​ទេ ហើយ​គេ​បាន​បង្កើត​ឧបករណ៍​ថ្មី​មួយ​ទៀត​សម្រាប់​ធ្វើ​តេស្ត​វីរុស​បំ​ប្លែង​ខ្លួន​ Omicron ។​

ជន​បោក​ប្រាស់​តែង​ឆ្លៀត​ឱកាស​ដើម្បី​បោក​អ្នក​ប្រើ​ប្រាស់​ បំ​ផុត​គឺ​ព័ត៌​មាន​ថ្មី​
មិន​ទាន់​ច្បាស់​លាស់​។​ រូប​ថត​៖ which

អា​សយដ្ឋាន​អីុមែលនេះ​​មើល​ទៅ​ពិត​ប្រាកដ​ ប៉ុន្តែ​វាគ្មាន​ពាក់​ព័ន្ធ​អ្វី​នឹង​ស្ថាប័ន​សុខា​ភិបាល​ទេ។​ ក៏​ដូច​ជា​ការ​អះ​អាង​មិន​ពិត​ថា​ វីរុសបំ​ប្លែង​ខ្លួន​ថ្មី​ Omicron ទាម​ទារ​ត្រូវ​មាន​ឧបករណ៍​ធ្វើ​តេស្ត​ថ្មី​ អីុមែល​ក៏​សំ​ណូម​ពរអ្នក​ចូល​គេហ​ទំ​ព័រ​ដែល​បាន​បង្កើត​ស្រាប ពេល​ចុច​លើ​តំ​ណភ្ជាប់​វានឹង​នាំ​អ្នក​ចូល​គេហទំ​ព័រ​ក្លែង​ក្លាយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ពេល​ថ្មី​ៗ​នេះ​។​

គេហទំ​ព័រ​ក្លែង​ក្លាយ​នេះ​ សំ​ណូម​ពរអ្នក​វាយ​បញ្ចូល​ឈ្មោះ​ ថ្ងៃ​ខែឆ្នាំ​កំ​ណើត​ អា​សយដ្ឋាន​ លេខ​ទូរ​ស័ព្ទ​ និង​អា​សយដ្ឋាន​អីុមែល​ឱ្យ​បាន​គ្រប់​សព្វ​។​ល។​ ព័ត៌​មាន​ទាំង​នេះ​គ្រប់​គ្រាន់​ដើម្បី​ប្រ​ព្រឹត្ត​ការ​ក្លែង​បន្លំ​ឈ្មោះ​របស់​អ្នក​។​

ក្រៅ​ពីការ​សំ​ណូម​ពរទូ​ទាត់​ “ថ្លៃ​ផ្ញើ​ទំ​និញ​” ពួក​វាក៏​សំ​ណូម​ពរ​ឱ្យ​ជន​រង​គ្រោះ​ផ្តល់​ព័ត៌​មាន​ “ឈ្មោះ​ម្តាយ​របស់​អ្នក​” ព្រោះ​មាន​អតិថិ​ជន​ជាច្រើន​ជ្រើស​របៀប​ឆ្លើយ​តប​សំ​នួរ​យ៉ាង​នេះ​ ដើម្បី​បង្កើន​សមត្ថ​ភាព​រក្សា​ភាព​សម្ងាត់​សម្រាប់​អីុមែល និង​គណ​នី​ធនា​គារ​របស់​ខ្លួន​។​

ដើម្បី​ជៀស​វាង​ការ​បោក​ប្រាស់​ សូម​កុំ​ចុច​លើ​តំ​ណ​ភ្ជាប់​ក្នុង​អត្ថបទ​ ឬ​អីុមែល​ដែល​មិន​បាន​សំ​ណូម​ពរ។​ ប្រ​សិន​បើ​អ្នក​បាន​ទទួល​ការ​ជូន​ដំណឹង​ដោយ​មាន​គោល​បំ​ណង​ពីស្ថាប័ន​សុខា​ភិបាល​ណា​មួយ​ សូម​ពិនិត្យ​មើល​ព័ត៌​មាន​លម្អិត​និង​ប្រាកដ​ប្រ​ជា​ថា​ អ្នក​ពិត​ជា​មាន​តម្រូវ​ការ​សេវា​កម្ម​មែន​។​ ប្រ​ការ​ដែល​គួរ​កត់​សម្គាល់​ខាង​ក្រោម​នេះ​ នឹង​ជួយ​ឱ្យ​មិត្ត​ប្រ​ទះ​ឃើញ​ល្បិច​បោក​ប្រាស់​នោះ​គឺ​៖

- តើមិត្ត​ទទួល​បាន​អីុមែល ឬ​សារ​ដោយ​ចៃដន្យ​សំ​ណូម​ពរ​ផ្តល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​មែន​ទេ?

- តើព័ត៌​មាន​ទំ​នាក់​ទំ​នង​លម្អិត​មាន​ភាព​មិន​ច្បាស់​លាស់​មែន​ទេ?

- តើមិត្ត​ត្រូវ​បាន​សំ​ណូម​ពរ​រក្សា​ភាព​សម្ងាត់ដែរ​ឬ​ទេ?

- តើវាជា​សំ​ណើ​ដ៏​ល្អ​ដែល​មិត្ត​មិន​នឹក​ស្មាន​ថា​នឹង​ទទួល​បាន​មែន​ដែរ​ឬ​ទេ?

- តើអ្នក​មាន​សម្ពាធ​ក្នុង​ការ​សម្រេច​ចិត្ត​លឿន​ដែរ​ឬ​ទេ?

- តើមាន​កំ​ហុស​អក្ខរាវិរុទ្ធ ឬ​វេយ្យា​ករណ៍​ក្នុង​សារ​ដែល​អ្នក​ទទួល​បាន​ដែរ​ឬ​ទេ?

                                       យោង​តាម​កាសែត​កឹង​ធើ-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ