ប្អូនថាច់យឺ សិស្សថ្នាក់ទី១២A៦ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង មានជីវភាពក្រលំបាក ប្អូនមានជំងឺខ្សោយតម្រងនោម ប៉ុន្តែប្អូនតែងខិតខំរៀនសូត្រ ដើម្បីក្លាយជាសិស្សរៀនពូកែច្រើនឆ្នាំបន្តបន្ទាប់។
ទោះបីសុខភាពមិនល្អពិតមែន ប៉ុន្តែប្អូនថាច់យឺ នៅតែញញឹមរីករាយ ជឿជាក់លើខ្លួនឯង ដើម្បីប្រឡជាប់ចូលមហាវិទ្យាល័យសន្តិសុខ។
កាលពីនៅរៀនមធ្យមសិក្សាមូលដ្ឋាន ប្អូនថាច់យឺ ធ្លាប់ទទួលបានរង្វាន់ លេខ២និង៣ ក្នុងការប្រឡងសិស្សពូកែវិញ្ញាសាគណិតថ្នាក់ស្រុក និងជាប់លេខ៣ថ្នាក់ខេត្ត។ ខណៈពេលជម្រើសសិស្សចូលរៀនមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង ប្អូនយឺសម្រេចបានពិន្ទុខ្ពស់ជាងគេគឺ ៥៨,៨ ពិន្ទុ។ ពេលរៀនមធ្យមសិក្សាចំណេះទូទៅ ប្អូននៅតែរក្សាបានកិត្តិនាមជាសិស្សរៀនពូកែរបស់សាលា ត្រូវបានស្ថាប័នអង្គការសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសុកត្រាំង ជូនរង្វាន់សម្រេចស្នាដៃឆ្នើមក្នុងការ “រៀនសូត្រធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” កាលពីឆ្នាំ២០១៩។ ក្នុងនាមជាសមាជិកគណៈប្រតិបត្តិការសម្ព័នព្ធយុវជនសាលា ប្អូនតែងអនុវត្តល្អភារកិច្ច នឹងជាគំរូសម្រាប់សិស្សក្នុងថ្នាក់យកតម្រាប់តាម។ រៀងរាល់ថ្ងៃ ក្រៅពីការរៀនសូត្រ ប្អូនថែមទាំងគ្រប់គ្រង ត្រួតពិនិត្យក្រុមសិស្សកន្សែងក្រហមក្នុងសាលា ដើម្បីគ្រប់គ្រងពីអាកប្បកិរិយាសិស្ស ពីការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលា និងគ្រប់គ្រងគម្រោងការការពារបរិស្ថានមួយក្នុងសាលាទៀតផង។ ចំពោះតួនាទីជាប្រធានថ្នាក់ ប្អូនជាគំរូក្នុងការរៀនសូត្រ អនុវត្តយ៉ាងម៉ឺងម៉ាត់បទបញ្ជាផ្ទៃក្នុងរបស់សាលា។ “ក្នុងការរៀនសូត្រប្អូនតែងលៃលកពេលវេលាសមស្រប ដើម្បីរៀនសូត្របានល្អ។ ចំពោះមុខវិញ្ញាសាទន្ទេញមេរៀន ប្អូនចំណាយពេលប្រមាណ៣០នាទី/វិញ្ញាសា ដើម្បីរៀនមេរៀន ចំណែកវិញ្ញាសាធ្វើលំហាត់ ប្អូនចំណាយពេល៤៥នាទី ដើម្បីរៀននិងធ្វើលំហាត់។ ពីព្រោះក្នុងថ្នាក់ លោកគ្រូអ្នកគ្រូ បានបង្រៀនពីចំណេះដឹងមូលដ្ឋាន ក្រៅម៉ោងរៀន ប្អូនចូលទៅបណ្ណាល័យសាលាស្វែងរកសៀវភៅ ធ្វើលំហាត់គំរូ ឬសៀវភៅអក្សរសាស្រ្តល្អៗដើម្បីស្រាវជ្រាវ។ ទន្ទឹមនឹងនោះ ប្អូននិងក្រុមមិត្តភ័ក្តិ ឡើងប្រព័ន្ធអ៊ីនធឺណែត ស្វែងរកវិញ្ញាសាប្រឡង ឆ្នាំមុនៗ ឬលំហាត់គំរូដើម្បីរួមគ្នាធ្វើលំហាត់។ សព្វវថ្ងៃ ប្អូនកំពុងតាំងចិត្តរៀនសូត្រ ដើម្បីប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ ដោយសង្ឃឹមថា នឹងប្រឡងជាប់ចូលមហាវិទ្យាល័យនគរបាល ដើម្បីសម្រាលការលំបាកដល់គ្រួសារ”។ ដោយមានវិធីសាស្រ្តរៀនយ៉ាងនេះ បានជាក្នុងរយៈពេល៣ឆ្នាំបន្តបន្ទាប់ ប្អូនជាសិស្សពូកែរបស់សាលា។
លោកគ្រូគឹមវ៉ាន់ង៉យ នាយករងនៃសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង ឱ្យដឹង៖ “ថ្វីដ្បិតតែជីវភាពគ្រួសារប្អូនមានការលំបាកច្រើន និងសុខភាពអន់ថយពិតមែន ប៉ុន្តែប្អូនថាច់យឺ តែងព្យាយាមរៀនសូត្រ រាប់អានមិត្តភ័ក្តិ មានសុជីវធម៌ចំពោះលោកគ្រូអ្នកគ្រូ គ្រប់ភារកិច្ចដែលសាលារៀនប្រគល់ឱ្យប្អូនតែងអនុវត្តសម្រេចបានល្អជានិច្ច។ មិនត្រឹមតែជាសិស្សលុះក្នុងដំបូន្មាន រៀនពូកែប៉ុណ្ណោះទេ ប្អូនថែមទាំងបំពេញល្អភារកិច្ចជាអ្នកបង្រៀន អមដល់សិស្សខ្សោយថ្នាក់ទី១០ទី១១ដែលសាលាបានចាត់ទៀតផង។ ក្រៅពីនេះ ប្អូនក៏បានយកចិត្តទុកដាក់ ថែទាំសួនផ្កាក្នុងបរិវេណសាលាបានល្អផងដែរ។ ដោយលទ្ធផលទាំងនោះ នៅខែកក្កដា ឆ្នាំ២០២០នេះ ប្អូនថាច់យឺ ជាសិស្សមួយរូបបានសាលាជ្រើសឱ្យចូលបក្ខជននៅពេលកំពុងសិក្សា”៕
យ្វីអាញ់-លីសៀ