ដោយសាររកស៊ីស្មោះត្រង់ ដូច្នេះ កសិដ្ឋានចិញ្ចឹមគោសឹមរ៉ង របស់លោកចៅសុខ (នៅភូមិនិញឡើយ ឃុំអាងទឹក ស្រុកទីតូង ខេត្តអាងយ៉ាង) ត្រូវបានឈ្មួញជិតឆ្ងាយដឹងស្គាល់។ ផ្តើមពីការជួញដូរគោ បាននាំមកប្រាក់ចំណូលក្នុងមួយឆ្នាំៗជិត១០០លានដុង រួចបង្កើតបានការងារធ្វើដល់ពលករនៅជនបទផង។ ទន្ទឹមនឹងនោះ លោកចៅសុខ ក៏ជាកសិករមួយរូបក្នុងចំណោមកសិករឯទៀត បានរួមចំណែកកសាងសំណង់ជាច្រើននៅភូមិភាគ។
លោកចៅសុខ ជាកសិករគំរូមួយរូប។
លោកចៅសុខ ឱ្យដឹង៖ “ពីមុនខ្ញុំក៏ដូចជាកសិករខ្មែរឯទៀតដែរ សេដ្ឋកិច្ចគ្រួសារខ្ញុំ សំខាន់គឺផលិតស្រូវនិងចិញ្ចឹមគោប៉ុណ្ណោះ។ ដោយសង្កេតឃើញការចិញ្ចឹមគោផ្តល់ប្រសិទ្ធភាពខ្ពស់ តម្រូវការក៏កាន់តែច្រើនឡើង កាលនោះ ការផ្គត់ផ្គង់គោពូជក្នុងភូមិស្រុកនៅមានកម្រិត ម្ល៉ោះហើយខ្ញុំក៏សម្រេចចិត្តងាកមកខាងទម្រង់ជួញដូរពូជសត្វចិញ្ចឹមនេះវិញ”។
ផ្តើមពីគោបួនប្រាំក្បាល ឆ្នាំ២០០៥ លោកចៅសុខ បានពង្រីកកសិដ្ឋានរបស់ខ្លួនដោយចិញ្ចឹមតែគោមេ ដើម្បីលក់ឱ្យកសិករ។ ចន្លោះពីរបីថ្ងៃ គាត់ធ្វើដំណើរទៅតាមកសិដ្ឋានចិញ្ចឹមគោក្នុងស្រុក និងភូមិភាគក្បែរៗ ដើម្បីរកទិញគោជំទង់មាឌធំ ដែលមានប្រភពពីប្រទេសកម្ពុជាយកមកលក់។ ក្នុងដំណាក់កាលចិញ្ចឹម គាត់តែងយកចិត្តទុកដាក់ដល់ការអនាម័យក្រោល និងចាក់វាក់សាំងបង្ការជំងឺ។ អាស្រ័យហេតុនោះ កសិដ្ឋានចិញ្ចឹមគោរបស់គាត់ តែងបានឈ្មួញទៅរកទិញជានិច្ច។ “ចំនួនគោដែលលក់មិនកំណត់ មានខែខ្លះលក់បានរាប់សិបក្បាល ខែខ្លះទៀតគ្មានសោះ។ ថ្វីត្បិតដូច្នោះក្តី ក៏អាចផ្តល់ប្រាក់ចំណេញលំនឹងបង្គួរ។ មធ្យមភាគក្នុងមួយឆ្នាំជិត១០០លានដុង” លោកចៅសុខ បានឱ្យដឹងដូច្នេះ។
ខណៈពេលសាកសួរពី “គន្លឹះ” នៃការជួញដូរគោមានប្រសិទ្ធភាព លោកចៅសុខ បានបង្ហើបឱ្យដឹង៖ “ភាពស្មោះត្រង់និងគុណភាពជាការសំខាន់បំផុត។ នៅពេលទិញកូនគោយកមកលក់ ខ្ញុំច្រើនតែរើសគោដែលមានមាឌធំ និងគុណភាព។ ក្រោយពីទិញមក កូនគោត្រូវបានចាក់ថ្នាំបង្ការតាមពេលកំណត់ ម្ល៉ោះហើយកសិករស្ងប់ចិត្តពេលទិញគោទៅចិញ្ចឹម”។ តាមរយៈការចិញ្ចឹមគោ បានធ្វើឱ្យគ្រួសារលោកចៅសុខ លើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ ផ្តើមពីដីស្រែ១ហិកតា លោកចៅសុខ សន្សែសន្សំបានលុយខ្លះៗពង្រីកផ្ទៃដីបានដល់ទៅ៣ហិកតា។ ក្នុងនោះ គាត់ដាំស្មៅ០,៥ហិកតា ដើម្បីផ្គត់ផ្គង់ចំណីគោ។
ក្រៅពីនេះ កសិដ្ឋានសឹមរ៉ង ថែមទាំងរួមចំណែកបង្កើតការងារធ្វើដល់ពលករជាច្រើននៅភូមិភាគ ដោយរកបានប្រាក់ចំណូលពី២៥០.០០០-៣៥០.០០០ដុង/ថ្ងៃ។ ជាពិសេសរៀងរាល់ឆ្នាំ លោកចៅសុខ សកម្មរួមវិភាគទានទឹកប្រាក់កសាងសំណង់សុខុមាលភាពសង្គមនៅភូមិភាគពី២០-៣០លានដុង។ គ្រួសារក្រីក្រជាច្រើន ពេលមកទិញគោ គាត់លក់ដោយតម្លៃទាប និងណែនាំបច្ចេកទេសចិញ្ចឹមទៀតផង។ល។ ឆ្លងតាមរយៈនោះ បង្កលក្ខណសម្បត្តិសម្រាប់ពួកគាត់ចាកផុតពីភាពក្រីក្រ។
ដោយខ្នះខ្នែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើម ហេតុនោះ លោកចៅសុខ បានសមាគមកសិករគ្រប់លំដាប់ថ្នាក់ ជូនលិខិតសរសើរនិងប័ណ្ណសរសើរជាច្រើន អំពីស្នាដៃកសិករបង្កបង្កើនផល-ធ្វើអាជីវកម្មពូកែច្រើនឆ្នាំបន្តបន្ទាប់។ ជាពិសេសគ្រួសារលោកចៅសុខ ជាគ្រួសារគំរូមួយក្នុងភូមិស្រុក ដើម្បីគ្រួសារឯទៀតយកតម្រាប់តាម។
យោង៖ baoangiang.com.vn -ប្រែសម្រួល៖ លីសៀ