ប៉ុន្មានឆ្នាំកន្លង ចលនាកសិករប្រឡងប្រណាំងផលិតធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅខេត្តសុកត្រាំងមានការរីកចម្រើន ជាជំហានៗលើកកម្ពស់ទាំងបរិមាណនិងគុណភាព។ ការចលនាបានរីកដុះដាលក្នុងប្រជាជន បង្កជាសម្ទុះប្រឡងប្រណាំងផុលផុសក្នុងការបង្កបង្កើនផល និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។
កសិករសម្រេចកិត្តិនាមផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។
តាមប្រសាសន៍លោកស្រីផាមឡែឡាម ប្រធានសមាគមកសិករខេត្តសុកត្រាំង ឱ្យដឹង៖ ចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ដំណាក់កាល២០១៤-២០១៩ បានរីកដុះដាល មានវិសាលភាពលើគ្រប់វិស័យក្នុងការផលិតកសិកម្ម រុក្ខកម្ម នេសាទកម្ម សិប្បកម្មខ្នាតតូច និងសេវាកម្ម។ ឆ្លងតាមរយៈនោះ មានកសិករជាច្រើនអនុវត្តបច្ចេកវិទ្យា៤.០ និងស្វ័យប្រវត្តិក្នុងការផលិតកសិកម្ម តាមទិសដៅកសិកម្មសរីរាង្គ សុវត្ថិភាព ដើម្បីសុខភាពសហគមន៍។ ជាក់ស្ដែង បានលេចឡើងនូវគ្រួសារជាច្រើនដែលអនុវត្តទម្រង់ផលិតទ្រង់ទ្រាយធំ មានដើមទុនរាប់សិបពាន់លានដុង ប្រាក់ចំណូលមធ្យមពី៤៥០លានដុងដល់ពាន់លានដុងក្នុងមួយឆ្នាំកាន់តែកើនឡើង។ ឆ្នាំ២០១៩ ទូទាំងខេត្តមាន២៩៨ គ្រួសារ សម្រេចកិត្តិនាមជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់មជ្ឈិម ថ្នាក់ខេត្តចំនួន២.០៦៧គ្រួសារ ថ្នាក់ស្រុក ទីរួមខេត្ត ក្រុងចំនួន២០.៤៨៥គ្រួសារ ថ្នាក់មូលដ្ឋានចំនួន៥៦.៥៧៩គ្រួសារ។
តួយ៉ាងដូចគ្រួសារលោកផាងង៉ុកថាញ់ នៅទីប្រជុំជន អានឡាក់ថោន ស្រុកកេសាច់ ជាមួយទម្រង់ចម្ការឈើហូបផ្លែ នាំមកប្រាក់ចំណូលជាង១,៣ពាន់លានដុងក្នុងមួយឆ្នាំ បង្កបានការងារធ្វើជាប្រចាំជូនពលករនៅភូមិភាគប្រមាណ២០នាក់។ បច្ចុប្បន្ន លោកថាញ់ ដាំដើមស្រកានាគតាមទម្រង់ស្វយ័ត ចាប់តាំងពីការធ្វើទម្រង់រហូតដល់ជ្រើសពូជល្អ គ្មានជំងឺ។ ដំណាក់កាលចេញផ្កា ចិញ្ចឹមផ្លែរហូតដល់ប្រមូលផល ត្រូវបានអនុវត្តតាមបទដ្ឋាន។ ក្នុងនោះ ដំណាក់កាលសំខាន់បំផុត គឺកាត់បន្ថយអតិបរិមាការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ សំដៅលើកកម្ពស់គុណភាពផ្លែជ្រះស្អាត រលើបរលោង និងសម្រេចទម្ងន់តាមតម្រូវការទីផ្សារ។ ចំណែកលោកថាច់ថៀង ឃុំវិញតឹង ទីរួមខេត្តវិញចូវ ជាមួយទម្រង់ចិញ្ចឹមបង្កងកសិកម្ម នាំមកប្រាក់ចំណូលជាង១ពាន់លានដុងក្នុងមួយឆ្នាំ។ អ្នកមីងម៉ាយធីកាល នៅឃុំតាយវ៉ាន់ ស្រុកត្រឹងដេ អនុវត្តទម្រង់ចម្ការ-ស្រះ-ទ្រុង-ស្រែ នាំមកប្រាក់ចំណូលជាង៥០០លានដុងក្នុងមួយឆ្នាំ។
លោកស្រីផាមឡែឡាម ប្រធានសមាគមកសិករខេត្តសុកត្រាំង បញ្ជាក់៖ "អាចឃើញថា ចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពរបស់ខេត្ត បានបង្កជាកម្លាំងចលករលើកទឹកចិត្តកសិករខ្នះខ្នែងប្រឡងប្រណាំងពលកម្មផលិត។ ផ្តើមពីនោះ មានកសិករជាច្រើនក្លាយជាសេដ្ឋីលើចំណែកដីរបស់ខ្លួន។ ពួកគាត់គឺជាគំរូលេចធ្លោក្នុងការវិវឌ្ឍន៍ឈានឡើងក្នុងជីវភាព រួមចំណែកកសាងខេត្តសុកត្រាំងកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ"៕
យ្វីអាញ់-មុនី