ជាច្រើនឆ្នាំកន្លង ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង តែងចូលរួមសកម្មភាពសម្ដែងសិល្បៈដើម្បីបម្រើជនរួមជាតិខ្មែរ ពិសេសក្នុងឱកាសថ្ងៃបុណ្យប្រពៃណីជាតិ។ ផ្ដើមពីនោះ បានរួមចំណែកក្នុងការអភិរក្ស និងពង្រីកនូវសិល្បៈប្រពៃណីជាតិ ឆ្លើយតបទៅនឹងតម្រូវការទទួលវប្បធម៌ស្មារតីក្នុងជនរួមជាតិខ្មែរ។
របាំទេពប្រណម សម្ដែងដោយក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង។
តាមផែនការរបស់ខេត្តសុកត្រាំង អំណរបុណ្យសែនដូនតាឆ្នាំនេះ ខេត្តនឹងធ្វើការផ្សាយបន្តផ្ទាល់នៅវេលាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នៅវត្តសំរោង សង្កាត់៥ ក្រុងសុកត្រាំង។ ឆ្លងតាមរយៈនោះ ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំងនឹងលើកយកមាតិកាសិល្បៈមកសម្ដែងចំនួន១២ឈុត រួមមាន៖ របាំរាត្រីនៅវត្តអារាមរបាំទេពប្រណមនិងបទចម្រៀងសប្បាយរាត្រីដូនតា ចំណងសាមគ្គីជនជាតិកិញ-ខ្មែរ-ចិន។ល។ លោកថាច់ចំរើន ប្រធានក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង ឲ្យដឹង៖ “សព្វថ្ងៃនេះ សិល្បករ សិល្បការិនី និងតន្រ្តីកររបស់ក្រុម ពួកគាត់កំពុងបន្តការសិក្សាថ្នាក់មធ្យមសិក្សាតន្រ្តីជនជាតិ និងថ្នាក់បឋមផ្នែកសិល្បៈល្ខោនបាសាក់ ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់ផ្នែកវីជ្ជាជីវៈ ម្ល៉ោះហើយការហាត់សមជួបលំបាកច្រើន។ ទោះជាយ៉ាងណាក៏ដោយ បងប្អូនក្នុងក្រុមតែងជម្នះនូវការលំបាកដើម្បីហាត់សម ត្រៀមលក្ខណៈសម្ដែងបម្រើជូនមាមីងក្នុងឱកាសបុណ្យប្រពៃណីជាតិ”។
រៀងរាល់ថ្ងៃ នៅវេលាម៉ោង១៩ បងប្អូនសិល្បករ សិល្បការិនី និងតន្រ្ដីកររបស់ក្រុមតែងប្រមូលផ្ដុំគ្នាដើម្បីហាត់សម។ សិល្បករ ថាច់ផល្លា កំពុងហាត់ក្បាច់របាំ “រាត្រីនៅវត្តអារាម” ឲ្យដឹង៖ “បានសម្ដែងបម្រើជូនមាមីង គឺជាកិត្តិយសណាស់ក្នុងនាមជាអ្នកសិល្បៈម្នាក់។ ពេលថ្ងៃ ខ្ញុំទៅរៀនថ្នាក់បឋមផ្នែកសិល្បៈល្ខោនបាសាក់ ពេលរាត្រីហាត់សមដើម្បីត្រៀមបម្រុងសម្ដែងបម្រើក្នុងថ្ងៃបុណ្យ”។ ចំណែកបងថាច់តារា ជាសិល្បករម្នាក់ផ្សារភ្ជាប់ជាមួយក្រុមជិត២០ឆ្នាំ ជាអ្នកប៉ិនសម្ដែងខាងតួយក្ស ឲ្យដឹង៖ “តួយក្សជាតួពិបាកសម្ដែងណាស់ ម្ល៉ោះហើយ ទាមទារត្រូវមានពេលវេលាដើម្បីហាត់សម។ ខ្ញុំខិតខំជម្នះការលំបាក ត្រៀមលក្ខណៈសម្ដែងបម្រើជូនមាមីងក្នុងឱកាសថ្ងៃបុណ្យប្រពៃណីជាតិ”។
ដោយការខិតខំប្រឹងប្រែងនេះ ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង បានបក្ស រដ្ឋ ប្រទានគ្រឿងឥស្សរិយយសពលកម្មលេខ៣ គ្រឿងឥស្សរិយយសពលកម្មលេខ២ ប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងប័ណ្ណសរសើររបស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍៕
លីធាន-ពេជ្រសឿន