ក្រៅពីសមត្ថភាពចងក្រង តម្លើងកម្មវិធី នាងគន្ធា អាចសម្ដែងបាននូវប្រភេទសិល្បៈដ៏វិសេសៗជាច្រើនទៀត ដូចជា៖ សិល្បៈល្ខោនយីកេ និងចម្រៀងចាប៉ីដងវែងជាដើម។
សិល្បការិនីវ័យក្មេងនាងគន្ធា។
បច្ចុប្បន្ន នាងគន្ធា កំពុងបំពេញការងារនៅមជ្ឈមណ្ឌលវប្បធម៌ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ ថ្វីត្បិតតែវ័យនៅក្មេង ប៉ុន្តែនាងគន្ធា បានរួមវិភាគទានយ៉ាងច្រើនជូនចលនាសិល្បៈនៅភូមិភាគ។ គន្ធាជាកូនរបស់សិល្បករចៅម៉ែនសារី និងសិល្បការិនីឆ្នើមនាងអក ល្បីឈ្មោះនៅតំបន់បៃណូយ នាងបានទទួលយកវិស័យសិល្បៈនិងបង្ហាញពីសមត្ថភាពខ្លួនតាំងពីតូច។ អាយុ១៤ឆ្នាំ កុមារីគន្ធា បានឡេីងឆាកសម្ដែងសិល្បៈយីកេទៅហើយ ដែលជាសិល្បៈប្រជាប្រិយខ្មែរមួយប្រភេទដ៏វិសេស។
សិល្បករចៅម៉ែនសារី ឲ្យដឹង៖ “ឃើញគន្ធា មានទេពកោសល្យច្រៀងរាំ និងសម្ដែងសិល្បៈតាំងពីតូច ប្តីប្រពន្ធខ្ញុំខិតខំពូនជ្រំ ណែបង្ហាញនូវបទពិសោធន៍របស់ខ្លួនក្នុងការសម្ដែងសិល្បៈយីកេ គន្ធាឆាប់យល់ ធ្វើឲ្យខ្ញុំពេញចិត្តមែនទែន”។ ក្រៅពីសម្ដែងសិល្បៈយីកេបានល្អ នាងគន្ធាថែមទាំងមានទេពកោសល្យសម្ដែងសិល្បៈផ្សេងៗទៀតរបស់ជនជាតិ។ នាងច្រៀងបទចម្រៀងប្រជាប្រិយ ប្រពៃណីបានពីរោះណាស់។ ពិសេស គន្ធាអាចច្រៀងចាប៉ីដងវែង ដែលជាទម្រងសិល្បៈត្រូវបានក្រសួងវប្បធម៌កីឡា និងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីជាតិទៀតផង។ នាងគន្ធា បានចូលរួមពិធីប្រឡងមហោស្រពជាច្រើនលើក ព្រមទាំងទទួលបានរង្វាន់ជាច្រើន។ ក្នុងនោះ គួរឲ្យកត់សម្គាល់ គឺរង្វាន់មេដាយមាសនៅសមោសរសិល្បៈល្ខោនយូកេខ្មែរណាមបូ លើកទី១ ឆ្នាំ២០១៣ នៅខេត្តសុកត្រាំង ដើរតួ“នាងទាវ”ក្នុងរឿង “ទុំទាវ”; រង្វាន់A នៅទិវាវប្បធម៌ កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរខេត្តកៀងយ៉ាងឆ្នាំ២០១៧។ នាងគន្ធា ឲ្យដឹង៖ “ពេលខាងមុខខ្ញុំនឹងបំពេញក្ដីស្រមៃលើវិស័យសិល្បៈជាបន្ដ។ ខ្ញុំកើតនិងធំដឹងក្ដីក្នុងគ្រួសារមានប្រវេណីសិល្បៈហើយវិស័យសិល្បៈនេះបានជ្រួតជ្រាបទៅក្នុងសាច់ឈាមរបស់ខ្ញុំទៅហើយ ខ្ញុំត្រូវតែក្ដោបក្តាប់ឱកាសនេះឲ្យបាន។ តាំងពីតូច សង្កេតឃើញខ្លួនមានទេពកោសល្យច្រៀងរាំសម្ដែងល្ខោនយីកេ យូកេ។ ខ្ញុំចង់យល់ដឹងជាងទៀតពីឧបករណ៍ភ្លេងប្រពៃណីផងដែរ”។
លោកចៅសុខផាយ កម្មាភិបាលវប្បធម៌ឃុំអូរឡឹម ឲ្យដឹង៖ “គន្ធា តែងយកចិត្តទុកដាក់ក្នុងការអភិរក្សនិងពង្រីកសិល្បៈចម្រៀងចាប៉ីនៅភូមិភាគ។ តាមខ្ញុំសង្កេតឃើញ គន្ធាមិនត្រឹមតែចេះដេញចាប៉ី និងច្រៀងប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពចងក្រងទៀតផង”។ លោកកាវតឹងថាវ នាយករងនៃមជ្ឈមណ្ឌលវប្បធម៌ស្រុកទ្រីតូង បញ្ជាក់ឲ្យដឹង៖ “ក្រៅពីសម្ដែងសិល្បៈ ច្រៀងរាំ នាងគន្ធា ថែមទាំងចូលរួមក្នុងការចងក្រង តម្លើងកម្មវិធីជូនស្ថាប័ន គណៈ ផ្នែកក្នុងស្រុកនិងខេត្ត។ ខាងមុខនេះ អង្គភាពមានទិសដៅបណ្តុះបណ្ដាលគន្ធាឲ្យស្របជាមួយនឹងមុខជំនាញនោះគឺគ្រូរបាំ”៕
កែវសម្ផស្ស-វិមាន