វត្តសិរីវង្សា (ចេកមាស) នៅភូមិថាញ់សើុង ឃុំវិញប៊ិញ ស្រុកហ្វាប៊ិញ ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ចាត់ចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ថ្នាក់ខេត្តកាលពីឆ្នាំ២០១២។
ព្រះតេជព្រះគុណយ៉ឿងលឿង បង្ហាញសាលាទាននិងរូង ចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍។
វត្តសិរីវង្សា កសាងនៅឆ្នាំ១៩០៣ ចម្ងាយពីមជ្ឈមណ្ឌលស្រុកហ្វាប៊ិញ ប្រមាណ៩គ.ម មានបរិវេណផ្ទៃដីជាង២៦.០០០ម៉ែត្រការ៉េ។ ក៏ដូចជាវត្តខ្មែរនានានៅវាលរាបទន្លេគឺវឡុងដែរ វត្តសិរីវង្សាត្រូវបានកសាងតាមស្ថាបត្យកម្មប្រវេណីនៃព្រះពុទ្ធសាសនាខ្មែរ។ រួមមានសំណង់ដូច៖ ព្រះវិហារ កុដិ សាលា ព្រះពុទ្ធបដិមានិងសាលាធម្មវិន័យ។ល។ នេះគឺជាកន្លែងអភិរក្ស ពង្រឹងនិងពង្រីកនូវតម្លៃកេរដំណែលវប្បធម៌អរូបីរបស់ ជនជាតិខ្មែរ មានដូច៖ ភាសា អក្សរសាស្រ្ត ទំនៀមទម្លាប់និងពិធីបុណ្យ ប្រពៃណីផ្សេងៗ។ បងង្វៀនវុាំងងៀន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញប៊ិញ ឲ្យដឹង៖ "ក្នុងសង្គ្រាមតស៊ូប្រឆាំងអាណានិគមបារាំងនិង ចក្រពត្តិអាមេរិក វត្តសិរីវង្សា គឺជាមូលដ្ឋានសម្រាប់កម្មាភិបាលបដិវត្តន៍ បោះជំរំនិងធ្វើសកម្មភាព។ ទោះបីវត្តទទួលរងការបំផ្លិចបំផ្លាញដោយគ្រាប់រំសេវ ក្នុងវត្តមានព្រះសង្ឃពុទ្ធបរិស័ទនិងកម្មាភិបាលជាច្រើនត្រូវជាប់ឃុំឃាំងទទួលរងការជិះជាន់ ប៉ុន្តែនៅតែចិត្តមួយថ្លើមមួយតាមបក្ស។ ពិសេសគឺ ព្រះតេជព្រះគុណតាំងនៀង អតីតព្រះចៅអធិការវត្តសិរីវង្សា បានដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទស្មោះត្រង់នឹងបក្ស កសាង វត្តអារាមក្លាយជាមូលដ្ឋានបដិវត្តន៍ គឺជាចំណុចចាប់ផ្តើមនៃការធ្វើបាតុកម្មតស៊ូប្រឆាំងទ័ពខ្មាំងដែលចូលចាប់មនុស្សឲ្យទៅធ្វើទាហាន និងធ្វើ បាបសម្លាប់ប្រជាជនស្លូតត្រង់"។
កាលពីឆ្នាំ២០០៣ គណៈកម្មាធិការប្រជាជនខេត្តបាកលីវ បានជំនួយថវិកាចំនួន៣៥០លានដុង ដើម្បីជួសជុលកសាងវត្ត។ ព្រះតេជព្រះគុណយ៉ឿងលឿង ព្រះចៅអធិការវត្តសិរីវង្សា មានថេរដីកា" "បើប្រៀបធៀបនឹងពីមុននេះ វត្តបានកសាងព្រះវិហារ កុដិ សាលា ឈាបនដ្ឋាន និងពង្រាបទីធ្លាថ្មីឡើងវិញ។ល។ ដូច្នេះ បច្ចុប្បន្នវត្តត្រូវបានកសាងរឹងមាំ។ ដោយមានបរិវេណធំទូលាយរាបស្មើ ម្ល៉ោះហើយតែងមានភាពងាយស្រួល ដើម្បីវត្តរៀបចំរាល់សកម្មភាពវប្បធម៌ ប្រពៃណីក្នុងឱកាសពិធីបុណ្យផ្សេងៗ"។ នាំយើងខ្ញុំដើរទស្សនាក្នុងវត្ត ព្រះតេជព្រះគុណ យ៉ឿងលឿង បានឧទ្ទេសនាមអំពីសាលាទានដែលកសាងជិតនឹងបានសម្រេចរួចរាល់ដោយមានរូបគំនូរល្អវិចិត្រ បើតាមព្រះតេជព្រះគុណយ៉ឿងលឿង ខាងក្រោមសាលាទាន គឺជារូងសម្ងាត់-កន្លែងចិញ្ចឹមលាក់ បំពួនកម្មាភិបាលបដិវត្តន៍ ក្នុងសម័យសង្គ្រាមតស៊ូទាំងពីរលើកប្រឆាំង អាណានិគមបារាំងនិងចក្រពត្តិអាមេរិក។ ទាល់មុខនឹងសាលាទាន គឺព្រលានបាល់ទះ កន្លែងសម្រាប់យុវជនខ្មែរទាំងឡាយលត់ដំសុខភាព។ ព្រះតេជព្រះគុណយ៉ឿងលឿង មានថេរដីកា៖ "បន្តស្នងប្រពៃណីរបស់វត្ត អាត្មាភាពរួមជាមួយនឹងពុទ្ធបរិស័ទបាន និងកំពុងកសាងវត្តពីមួយ ថ្ងៃទៅមួយថ្ងៃឲ្យកាន់តែស្អាតស្អំជាងទៀត រួមចំណែករក្សាខ្ជាប់កិត្តិនាម ជាឃុំជនបទថ្មី ហើយជាកន្លែងសកម្មភាពវប្បធម៌ជំនឿសាសនាយ៉ាងសំខាន់របស់ជនរួមជាតិខ្មែរនៅក្នុងឃុំ"៕
ហាថាញ់-លីសៀ