ក្នុងរយៈកាល៥ឆ្នាំកន្លង នៅក្រុងកឹងធើ ការអនុវត្តបណ្តាគោលនយោបាយ គិតគូរជីវភាពសម្ភារៈនិងស្មារតីជូនជនជាតិភាគតិចត្រូវបានលើកកម្ពស់ជាបណ្តើរៗ។
ក្រុមសិល្បៈមហាជនក្រុងកឹងធើ បានវិនិយោគទុនបំពាក់ បរិក្ខារទំនើបៗ
ឆ្លើយតបទៅនឹងតម្រូវការសិល្បៈវប្បធម៌ របស់ជនរួមជាតិបណ្តាជនជាតិភាគតិច។
ក្រុងកឹងធើ បច្ចុប្បន្នមានជនជាតិភាគតិចរស់នៅចំនួន២៧ ជនជាតិដោយមាន៨.៧០០គ្រួសារ នៅខ័ណ្ឌ ស្រុកទាំង៩/៩ នឹងមានបណ្ដាជនជិត៣៩.០០០នាក់ ស្រូបអត្រា៣,១៨% នៃចំនួនប្រជាជនរួមក្នុងទូទាំងក្រុង។ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា១,៨៦% ជនជាតិចិនស្រូបអត្រា១,៣% និងជនជាតិផ្សេងៗទៀត ដូចជាជនជាតិចាម តៃ ថៃ មឿង ណុង យាវ។ល។ មាន១១១គ្រួសារ ដោយមានបណ្ដាជនចំនួន៣០៤នាក់ ស្រូបអត្រា០,០៣%។ សមមិត្តលីសិនអនុប្រធានគណៈជនជាតិក្រុងកឹងធើ បញ្ជាក់៖ ថ្វីត្បិតជីវភាពមាមីងនៅជួបការលំបាកកម្រិតប្រជាបញ្ញានិងសមត្ថភាពផលិតកម្មពុំទាន់ឆ្លើយ តបទៅនឹងតម្រូវការក៏ដោយ ប៉ុន្តែជនរួមជាតិបណ្តាជនជាតិភាគតិចរស់នៅភូមិសាស្រ្តក្រុងកឹងធើ តែងមានស្មារតីសាមគ្គី ផ្សារភ្ជាប់នឹងបណ្តាជនជាតិក្នុងសហគមន៍ តែងជឿជាក់លើការដឹកនាំរបស់បក្ស ប្រតិបត្តិបានល្អនូវគោលនយោបាយនិងច្បាប់របស់រដ្ឋ ខ្នះខ្នែងពលកម្មផលិតចូលរួមសកម្មភាពរបស់រណសិរ្សនិងអង្គការមហាជននានា។
មកទល់បច្ចុប្បន្ន អត្រាគ្រួសារជនជាតិភាគតិចក្រីក្រ ត្រូវបានកាត់បន្ថយចុះនៅតែ៩,៧៩% គ្រួសារជនជាតិភាគតិចនៅជនបទមានទឹកស្អាតប្រើប្រាស់ ស្រូបអត្រា៩៩% ក្នុងនោះគ្រួសារជនជាតិភាគតិច សុទ្ធសឹងបានដាក់នាឡិកានិងតបំពង់ចែកចាយទឹកដោយឥតគិតថ្លៃ ដើម្បីនាំទឹកពីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទមកប្រើប្រាស់។ ក្រុងកៀរគរកុមារជនជាតិ ភាគតិចឋិតក្នុងអាយុចូលរៀនកម្រិតមេត្តយ្យសម្រេចអត្រា៨៦,៦៤% កម្រិតបឋមសិក្សាសម្រេចអត្រា៩៩,៦៦% កម្រិតមធ្យមសិក្សាមូលដ្ឋានសម្រេចអត្រា៩៨,១២% កម្រិតមធ្យមសិក្សាចំណេះទូទៅសម្រេចអត្រា៨៥,២៧% កុមារជនជាតិភាគតិចអាយុក្រោមពី១ឆ្នាំជាង៩៥% ត្រូវបានចាក់វាំុក់សាំងបង្ការជំងឺត្រឹមត្រូវ អ្នកម្តាយពរផ្ទៃ១០០%ត្រូវបានចាក់ថ្នាំបង្ការតេតាណុស។ ក្រុងកឹងធើផ្តល់ប័ណ្ណធានាហានិភ័យសុខាភិបាល ជូនជនជាតិភាគតិចក្រីក្រជិត១០.៩០០នាក់ និងឧបត្ថម្ភថវិកាទិញប័ណ្ណធានាហានិភ័យសុខាភិបាល ជូនគ្រួសារជនជាតិភាគតិចដែលជាគ្រួសារជិតក្រចំនួន៦.៥០០។ល។
ទន្ទឹមនឹងនោះ ក្រុងកឹងធើនៅទាំងអនុវត្តបានល្អនូវគោលនយោបាយ អភិរក្សការពារពង្រឹងពង្រីកអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិភាគតិច ឧបត្ថម្ភការពារនិងស្តារឡើងវិញនូវទម្រង់វប្បធម៌ប្រពៃណី ដូចជាប្រណាំងទូក-ង ល្ខោន របាំ ភ្លេងពិណពាទ្យ។ល។ របស់ជនជាតិខ្មែរចម្រៀងតេវ របាំឡកម៉ុងសៃនាគរបស់ជនជាតិចិន អនុវត្តគ្រោងការចំនួន២គឺអភិរក្សនិងអភិវឌ្ឍកេរដំណែលវប្បធម៌អរូបី"តន្រ្តីពិធីកិច្ចត្រេវចូវ" និង"បុណ្យកំសាន្តស្រុករបស់ជនជាតិខ្មែរ"។ល។ ពិសេសក្រុងកឹងធើ បានឧបត្ថម្ភប្រាក់ជាង៦០០លានដុង សម្រាប់កសាងនិងជួសជុលឈាបនដ្ឋានចំនួន៤កន្លែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការបូជាសពតាមទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ ឧបត្ថម្ភប្រាក់បោះទូក-ង ជាវភ្លេងពិណពាទ្យ ទូរទស្សន៍និងទូតម្កល់សៀវភៅប្រគេនព្រះសង្ឃ និងជូនមាមីងជនរួមជាតិខ្មែរ...៕
ថាញ់ផុង-មុនី