ផ្តើមពីពន្លឺភ្លឺផ្លេកនៃប្រទីប សម្រស់ដ៏ពិសេសនៃទូកគែហ៊ៅ រហូតដល់សំឡេងភ្លេងពិណពាទ្យនិងក្បាច់របាំខ្មែរយ៉ាងទន់ភ្លន់ រាត្រីបើកពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ បានបើកនូវបរិយាកាសវប្បធម៌ ពោរពេញទៅដោយពន្លឺត្រចះត្រចង់។ មិនត្រឹមតែលើកតម្កើងតម្លៃបេតិកភណ្ឌប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិខ្មែរណាមបូប៉ុណ្ណោះទេ ពិធីបុណ្យថែមទាំងសាយភាយនូវមោទនភាពជនជាតិ រឹតបន្តឹងចំណងសាមគ្គីសហគមន៍ និងបំផុសនូវបរិយាកាសដ៏ពុះពោរឆ្ពោះដល់ការប្រណាំងទូក-ងនៅលើដងព្រែកម៉ាសប៉េរ៉ូ។
នារាត្រីថ្ងៃទី ២១ ខែវិច្ឆិកា នៅឧទ្យាន ៣០-៤ សង្កាត់ភូឡើយ ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ បានបើកពិធីជាផ្លូវការក្នុងបរិយាកាសដ៏ឱឡារិក និងអធិកអធម។ ចាប់ផ្តើមតាំងពីក្បាលព្រលប់ ជនរួមជាតិខ្មែរ ប្រជាជននៅភូមិភាគនានា និងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកជួបជុំគ្នាយ៉ាងសប្បាយរីករាយ សម្របខ្លួនជាមួយពិធីបុណ្យវប្បធម៌ដ៏ពិសេសរបស់សហគមន៍បណ្តាជនជាតិក្នុងទីក្រុង។ ថ្លែងសុន្ទរកថាបើកពិធី សមមិត្ត ត្រឿង កាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានអះអាង៖ បុណ្យអកអំបុក គឺជាពិធីបុណ្យប្រពៃណីដ៏លេចធ្លោមួយ ប្រកបដោយអត្តសញ្ញាណវប្បធម៌យ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិខ្មែរណាមបូ។ ពិធីបុណ្យនេះផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជំនឿប្រជាប្រិយ ជីវភាពពលកម្ម និងសេចក្តីប្រាថ្នាចង់បាននូវជីវភាពសុខសាន្ត សម្បូរសប្បាយ; ក្នុងនោះ ពិធីសែនព្រះខែ និងសកម្មភាពប្រណាំងទូក-ង បានបង្ហាញយ៉ាងជ្រាលជ្រៅនូវតម្លៃវប្បធម៌ ស្មារតីសហគមន៍ រួមជាមួយនឹងប្រពៃណីសាមគ្គីភាពដែលបានថែរក្សា និងផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយ។ បច្ចុប្បន្ន ពិធីបុណ្យនេះមិនត្រឹមតែជាឱកាសដើម្បីជនរួមជាតិខ្មែរអភិរក្ស និងពង្រីកអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាពិធីបុណ្យរួមរបស់សហគមន៍បណ្តាជនជាតិ កិញ – ខ្មែរ - ហ្វា និងបណ្តាជនជាតិជាបងប្អូននៅលើភូមិសាស្ត្រទីក្រុងទៀតផង។ តាមរយៈសកម្មភាពដោះប្តូរបទពិសោធន៍ ជួបជុំ និងរួមគ្នាចូលរួមសប្បាយក្នុងពិធីបុណ្យ ចំណងសាមគ្គីភាព ការផ្សារភ្ជាប់ ការយោគយល់ និងការគោរពគ្នាទៅវិញទៅមករវាងបណ្តាជនជាតិ បន្តការពង្រឹង រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជនកាន់តែសម្បូរបែប។

ឈុតសម្តែងរបាំជូនពរ។
រាត្រីបើកពិធីបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅតាមរយៈកម្មវិធីសិល្បៈដ៏ពិសេស ក្រោមប្រធានបទ “ពណ៌សម្បុរបេតិកភណ្ឌភូមិភាគខាងត្បូង”។ កម្មវិធីបានចាត់តាំងឡើងយ៉ាងផ្ចិតផ្ចង់ ដោយរួមបញ្ចូលរវាងសិល្បៈសម័យទំនើប ជាមួយនឹងទម្រង់សិល្បៈប្រពៃណីដ៏លេចធ្លោរបស់ជនរួមជាតិខ្មែរ ដូចជា ភ្លេងពិណពាទ្យ របាំរាំវង់ របាំយក្ស របាំរាំក្បាច់ ។ល។ តាមរយៈឈុតសម្តែងនីមួយៗ សម្រស់នៃទឹកដី និងមនុស្សនៅទីក្រុងកឹងធើ រួមជាមួយនឹងជីវភាពពលកម្មដ៏ឧស្សាហ៍ព្យាយាម ការប្រជុំជីវភាពសហគមន៍ និងមនោសញ្ចេតនារបស់ជនរួមជាតិខ្មែរ ត្រូវបានបង្ហាញឡើងវិញយ៉ាងរស់រវើក។
សំនៀងខ្លុយដ៏ក្រអួនក្រអៅលាយឡំជាមួយនឹងសូរសៀងនៃភ្លេងពិណពាទ្យ ចង្វាក់ស្គរឆៃយ៉ាំដ៏រន្ថើននិងក្បាច់រាំដ៏ទន់ភ្លន់ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីដ៏ត្រចះត្រចង់ បង្កបានភាពទាក់ទាញចំពោះទស្សនិកជន។ ឈុតឆាកនីមួយៗមិនត្រឹមតែធ្វើឱ្យបរិយាកាសនៃពិធីបុណ្យកាន់តែអ៊ូអរប៉ុណ្ណោះទេ ថែមទាំងដាស់នូវស្មារតីស្រឡាញ់ស្រុកកំណើត ក្តីមោទននិងស្មារតីទទួលខុសត្រូវក្នុងការថែរក្សា និងពង្រីកតម្លៃវប្បធម៌ជនជាតិទៀតផង។ បងស្រី ស៊ើង ធីដែប នៅភូមិបឹងព្រលិត ឃុំត្រឹងដេ បានឱ្យដឹង៖ “ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទ្រង់ទ្រាយ និងគុណភាពសិល្បៈនៃរាត្រីបើកពិធី។ ឈុតឆាកនីមួយៗសុទ្ធតែបង្កប់នូវដង្ហើមវប្បធម៌ខ្មែរ ចាប់ពីតន្ត្រី ក្បាច់រាំ រហូតដល់សម្លៀកបំពាក់ សុទ្ធតែមានភាពផ្ចិតផ្ចង់ និងទាក់ទាញបំផុត។ បរិយាកាសសម្តែងមានភាពឱឡារិកផង និងស្និទ្ធស្នាលផង ធ្វើឱ្យខ្ញុំទទួលអារម្មណ៍កាន់តែជ្រាលជ្រៅនូវជម្រៅវប្បធម៌របស់ជនរួមជាតិខ្មែរ។ ខ្ញុំសង្ឃឹមថា បរិយាកាសវប្បធម៌ដែលសម្បូរទៅដោយអត្តសញ្ញាណបែបនេះ នឹងបានរក្សាបន្ត និងពង្រីកបន្ថែមទៀត ដើម្បីឱ្យយុវជនជំនាន់ក្រោយរួមដៃគ្នាអភិរក្ស”។

ឈុតសម្តែងសិល្បៈដ៏ពិសេសក្នុងរាត្រីបើកពិធី។
ទន្ទឹមនឹងឈុតសម្តែងដ៏ពិសេសនៃកម្មវិធីសិល្បៈ ចំណុចលេចធ្លោដែលទាក់ទាញចំណាប់អារម្មណ៍ដ៏ពិសេសរបស់គណៈប្រតិភូ ប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករនោះគឺការបង្ហាញប្រទីប និងទូកគែហ៊ៅ។ ក្ឆ្លងកាត់ស្នាដៃដ៏ប៉ិនប្រសប់ និងទេពកោសល្យរបស់គណៈកម្មការវត្តនិងពុទ្ធបរិស័ទ ប្រទីបទាំងឡាយបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដោយយកលំនាំតាមស្ថាបត្យកម្មព្រះវិហារ ចេតិយបុរាណ រួមជាមួយនឹងនិមិត្តសញ្ញាវប្បធម៌ប្រពៃណីជាច្រើនទៀត។ ក្បាច់រចនា និងគំនូរនីមួយៗត្រូវបានតុបតែងយ៉ាងល្អិតល្អន់ បង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតជាទីសក្ការៈផង និងត្រចះត្រចង់ផង។ ពេលរាត្រីឈានចូលមកដល់ ពន្លឺភ្លើងពីប្រទីបទាំងនោះបានចាំងផ្លេកៗលើផ្ទៃទឹក។ ទន្ទឹមនឹងនោះ ទូកគែហ៊ៅដែលមានរចនាបថ និងក្បាច់ក្បូរដ៏ពិសេស កាន់តែលើកតម្កើងនូវលក្ខណៈពិសេសក្នុងជីវភាពវប្បធម៌ និងជំនឿរបស់ជនរួមជាតិខ្មែរណាមបូ។ លោក ណូ ខា សមាជិកគណៈកម្មការវត្តរឹទ្ធិមុនីសាគរ (ដើមត្នោត) សង្កាត់វិញភឿក បានចែករំលែក៖ “ចំពោះជនរួមជាតិខ្មែរ លយប្រទីប មិនត្រឹមតែសម្រាប់សម្តែងក្នុងពិធីបុណ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវតម្លៃវប្បធម៌ និងជំនឿយ៉ាងជ្រាលជ្រៅ បង្ហាញពីការដឹងគុណចំពោះធម្មជាតិ ដែលបានជួយការពារនិងចិញ្ចឹមបីបាច់ ការផលិតរបស់ប្រជាជន ព្រមទាំងផ្ញើនូវសេចក្តីប្រាថ្នាសុំឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ កសិកម្មទទួលបានភោគផល និងភូមិស្រុកមានសេចក្តីសុខសាន្តទៀតផង”។
ដើរកម្សាន្តគយគន់ប្រទីបដ៏ត្រចះត្រចង់ អ្នកមីង លី ធីតឹម នៅសង្កាត់សុកត្រាំង ឱ្យដឹងដោយក្តីមោទន៖ “បរិយាកាសពិធីបុណ្យឆ្នាំនេះពិតជាអ៊ូអរ និងកក់ក្តៅណាស់។ ប្រទីបនីមួយៗបានតុបតែងយ៉ាងផ្ចិតផ្ចង់ បង្កប់នូវលក្ខណៈវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅ ជាពិសេសទូកគែហ៊ៅគឺមានសម្រស់ស្រស់ស្អាតដោយឡែកពីគ្នា។ ជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវបុណ្យម្តងៗ ខ្ញុំតែងតែមកមើលលយប្រទីប និងទូកគែហ៊ៅដែលមានពន្លឺភ្លឺផ្លេកនៅលើដងព្រែក និងទទួលអារម្មណ៍យ៉ាងច្បាស់ពីកម្លាំងរស់រវើកនៃវប្បធម៌ខ្មែរ ដែលបានថែរក្សា និងសាយភាយក្នុងជីវភាពសម័យបច្ចុប្បន្ន”។

ប្រទីបភ្លឺផ្លេកចែងចាំងនៅលើផ្ទៃទឹក។
បិទកម្មវិធីសិល្បៈនៃរាត្រីបើកពិធីបុណ្យ ក្តីរំភើបរបស់ប្រជាជននិងភ្ញៀវទេសចរ បន្តឆ្ពោះដល់រង្វាន់ប្រណាំងទូក - ង ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកា នៅលើដងទន្លេម៉ាសប៉េរ៉ូ សង្កាត់សុកត្រាំង។ ដោយមានការចូលរួមពីក្រុមទូក-ងបុរសនិងទូក -ងនារីចំនួន ៨៤ ក្រុម មកពីភូមិភាគនានាក្នុងនិងក្រៅទីក្រុង រង្វាន់ប្រណាំងនេះសន្យាថានឹងនាំមកនូវការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងជក់ចិត្តបំផុត។ ចំពោះជនរួមជាតិខ្មែរណាមបូ ទូក-ង មិនមែនគ្រាន់តែជាមធ្យោបាយសម្រាប់ប្រកួតកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបវប្បធម៌ ប្រមូលផ្តុំនូវកម្លាំងសហគមន៍ និងស្មារតីសាមគ្គីរបស់វត្តអារាម និងភូមិស្រុកនីមួយៗទៀតផង។ ទូកនីមួយៗដែលចេញប្រណាំង មិនត្រឹមតែនាំមកនូវការប្តេជ្ញាចិត្តរបស់កីឡាករ-កីឡាការិនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ញើនូវក្តីមោទន ក្តីរំពឹង និងមនោសញ្ចេតនារបស់មាមីងបងប្អូនជាច្រើន ទៀតផង។
ពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា បានប្រមូលផ្តុំនូវសកម្មភាពដ៏សម្បូរបែបជាច្រើន ដូចជា៖ ពិធីសែនព្រះខែ លយប្រទីប បង្ហាញទូកគែហ៊ៅ ការប្រណាំងទូក-ង រួមជាមួយនឹងពិព័រណ៍ជំរុញពាណិជ្ជកម្មផលិតផល OCOP និងផលិតផលពិសេសប្រចាំតំបន់។ ចង្កោមព្រឹត្តិការណ៍នេះ បានរួមចំណែកបង្កនូវបរិយាកាសប្រជុំជីវភាពវប្បធម៌វិជ្ជមាន ឆ្លើយតបទៅនឹងតម្រូវការកម្សាន្តក្នុងជីវភាពស្មារតីរបស់ប្រជាជន ព្រមទាំងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនូវរូបភាពទឹកដី និងមនុស្សនៅទីក្រុងកឹងធើ ទៅកាន់មិត្តភក្តិ និងភ្ញៀវទេសចរជិតឆ្ងាយ៕
ហុងទើ - លីធាន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
