នៅថ្ងៃទី ២២ ខែវិច្ឆិកា នៅសង្កាត់ភូឡើយ គណៈចាត់តាំងពិធីបុណ្យអកអំបុក ប្រណាំងទូក-ងទីក្រុងកឹងធើ ឆ្នាំ២០២៦ បានប្រារព្ធពិធីចាប់ឆ្នោត និងចែកពូលអុំប្រណាំងសម្រាប់ទូក-ងចំនួន ៨៤ ទូក រួមមាន៖ ទូក-ងបុរស ៦៧ ទូក និងក្រុមទូក-ងនារី ១៧ទូក មកពីភូមិភាគនានាក្នុងនិងក្រៅទីក្រុង។ តាមលទ្ធផលនៃការចាប់ឆ្នោត ខ្លឹមសារទូក-ងផ្នែកបុរសមាន ១៦ ពូល ទូក-ងផ្នែកនារីមាន ៤ ពូល ក្នុងនោះមាន ៣ ពូល ដែលមាន ៥ ទូក។

អ្នកតំណាងទាំងឡាយចូលរួមក្នុងពិធីចាប់ឆ្នោត។
យោងតាមលទ្ធផលក្នុងរដូវប្រណាំង ឆ្នាំ២០២៥ គណៈចាត់តាំងបានជ្រើសរើសទូក-ងបុរសចំនួន ៤ ទូកធ្វើជាក្រុមគ្រាប់ពូជ រួមមាន៖ ទូក-ងវត្តទំនប់(ឃុំអាងនិញ) ទូកវត្តព្រែកអណ្តើក ២ (ឃុំញ៉ូយ៉ា) ទូកវត្តព្រែកតាគួន(ឃុំយ៉ាហ្វា) និងទូកវត្តជ្រោយទឹមចាស់(សង្កាត់មីស្វៀង)។ ក្រុមទូក-ងទាំងនេះ បានរៀបចំនៅពូលប្រណាំងផ្សេងគ្នា។ ក្រុមទូក-ងបុរស នឹងអុំប្រណាំងចម្ងាយខ្សែទឹក ១.២០០ ម៉ែត្រ។

ក្រុមទូក-ងនារីវត្តសង្កែចាប់ឆ្នោត។
ចំពោះខ្លឹមសារនារី មានក្រុមទូក-ងចំនួន ១៧ ទូក បានចែកជា ៤ ពូល ក្នុងនោះមាន ១ ពូលមាន ៥ ទូក អុំប្រណាំងវិលជុំមួយលើកគិតពិន្ទុ។ គណៈចាត់តាំងបានជ្រើសរើសទូក-ងចំនួន ២ ទូកធ្វើជាគ្រាប់ពូជ គឺទូក-ងវត្តទំនប់(ឃុំអាងនិញ) និងក្រុមទូក-ងវត្តកោះធំ ២ (ខេត្តកាម៉ាវ)។ ក្រុមកីឡាករទូក-ងនារី អុំប្រណាំងចម្ងាយខ្សែទឹក ១.០០០ ម៉ែត្រ។
នៅក្នុងពិធីចាប់ឆ្នោត គណៈចាត់តាំងបានផ្សព្វផ្សាយលក្ខន្តិកៈ បែបបទនៃការអុំប្រណាំង និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារចាត់តាំង ធានាសុវត្ថិភាពជូនកីឡាករ កីឡាការិនី។ តាមរយៈនោះ ក្រុមទូក-ងទាំងអស់ដែលចូលរួមអុំប្រណាំងត្រូវឆ្លើយតបគ្រប់លក្ខខណ្ឌតាមការកំណត់ កីឡាករ កីឡាការិនីត្រូវចេះហែលទឹក ធានាសុខភាព និងគោរពម៉ឺងម៉ាត់តាមលក្ខន្តិកៈនៃការអុំប្រណាំង។

ក្រុមទូក-ងបុរសចាប់ឆ្នោត។
ពិធីប្រណាំងទូក-ងនឹងបើកជាផ្លូវការនៅពេលថ្ងៃត្រង់ទី ២៣ ខែវិច្ឆិកា លើដងព្រែកMaspéro សង្កាត់សុកត្រាំង ទីក្រុងកឹងធើ។ការអុំប្រណាំងនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា បន្ទាប់មកគណៈចាត់តាំងប្រគល់ជូនរង្វាន់។ នេះគឺជាសកម្មភាពកីឡាប្រពៃណីដ៏លេចធ្លោក្នុងក្របខ័ណ្ឌពិធីបុណ្យអកអំបុក រួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរ ព្រមទាំងបង្កបរិយាកាសសប្បាយរីករាយ សាមគ្គី និងទាក់ទាញប្រជាជន ក៏ដូចជាភ្ញៀវទេសចរមកទស្សនានិងគាំទ្រលើកទឹកចិត្តច្រើនកុះករ៕
យ្វីអាញ-មុនី