(អ.ឡ) - តាមការគ្រោងទុកក្នុងឆ្នាំ២០២៧ សាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne នឹងចាត់តាំងក្រុមការងារមកធ្វើការនៅទីក្រុងកឹងធើ ដើម្បីស្ទង់មតិជាក់ស្តែង បើកទិសដៅចងសម្ព័ន្ធបណ្តុះបណ្តាលឆ្លើយតបតម្រូវការអភិវឌ្ឍរបស់ភូមិភាគ ភ្ជាប់ជាមួយភាពខ្លាំងរបស់សាលា។
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា បន្តកម្មវិធីបំពេញការងារនៅអូស្ត្រាលី លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ; លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយមន្ទីរ ផ្នែករបស់ទីក្រុង មានកិច្ចជំនួបធ្វើការនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne (Melbourne អូស្ត្រាលី)។
បណ្ឌិត Jason McGovern ចាងហ្វាងរងទទួលបន្ទុកសហប្រតិបត្តិការសកល រួមជាមួយតំណាងថ្នាក់ដឹកនាំមហាវិទ្យាល័យ ការិយាល័យ ផ្នែកជំនាញរបស់សាលា បានទទួលក្រុមការងារ។

ក្រុមការងារទីក្រុងកឹងធើថតរូបអនុស្សរីយ៍ជាមួយថ្នាក់ដឹកនាំសាលា។
ក្នុងកិច្ចជំនួបធ្វើការ តំណាងសាលាបានឧទ្ទេសនាមជាទូទៅអំពីសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne។ សាលាបង្កើតឡើងក្នុងឆ្នាំ១៩០៨ និងបានទទួលស្គាល់ជាសាកលវិទ្យាល័យក្នុងឆ្នាំ១៩៩២ បច្ចុប្បន្នសាលាមានទ្រង់ទ្រាយបណ្តុះបណ្តាលនិស្សិតជាង៤៣.០០០នាក់ ក្នុងនោះមាននិស្សិតអន្តរជាតិជាង ១២.០០០ នាក់ មកពីជាង១១០ប្រទេស។
Swinburne ស្ថិតក្នុងចំណោម ១% នៃសាកលវិទ្យាល័យកំពូលឈានមុខគេលើពិភពលោក ឈរលេខ១នៅ Melbourne អំពីចំណូលមធ្យមក្រោយបញ្ចប់ការសិក្សា ហើយលេចធ្លោជាមួយទម្រង់ធានាបទពិសោធន៍ជាក់ស្តែងក្នុងផ្នែកសម្រាប់គ្រប់កម្មវិធីបរិញ្ញាបត្រ។
សាលាស្ថិតក្នុងចំណោម១០០ សាលាកំពូលលើសកលលោកចំពោះក្រុមផ្នែកជំនាញមួយចំនួនដូច៖ ស្វ័យប្រវត្តិកម្មនិងការគ្រប់គ្រង ការគ្រប់គ្រងអាជីវកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ វិស្វកម្ម អគ្គិសនី-អេឡិចត្រូនិកនិងការគ្រប់គ្រងទេសចរណ៍-សណ្ឋាគារ។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ (ខាងឆ្វេង) ជូនវត្ថុអនុស្សាវរីយ៍ចំពោះបណ្ឌិត TS Jason McGovern ចាងហ្វាងរងទទួលបន្ទុកសហប្រតិបត្តិការសកលនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne ។
ចំពោះវៀតណាម សាលារក្សាកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយនិស្សិតជាង៣.០០០នាក់ ដែលចុះឈ្មោះចូលរៀនក្នុងកម្មវិធីចងសម្ព័ន្ធ Swinburne - វៀតណាម (SVAP) ចាប់ពីឆ្នាំ២០១៩; ដោយឡែកក្នុងឆ្នាំ២០២៥ បានកត់សម្គាល់មាននិស្សិតវៀតណាមជិត៣.២០០នាក់ដែលចុះឈ្មោះសិក្សា។ Swinburne ក៏សហការជាមួយគ្រឹះស្ថានអប់រំវៀតណាមប្រកាសផ្សាយស្នាដៃស្រាវជ្រាវជាង១៦៨ សហសមិទ្ធករចាប់ពីឆ្នាំ២០១៨មកដល់ពេលនេះ។
ភាគីទាំងពីរបានដោះដូរនូវខ្លឹមសារសំខាន់ៗជាច្រើន។ បណ្ឌិត Jason McGovern ចែករំលែកអំពីទិសដៅសហប្រតិបត្តិការសកលរបស់ Swinburne; តំណាងមហាវិទ្យាល័យ ផ្នែកជំនាញរបស់សាលាបានឧទ្ទេសនាមស៊ីជម្រៅអំពីប្រព័ន្ធអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មវិធីភាសាអង់គ្លេស ការស្រាវជ្រាវលេចធ្លោនិងប្រព័ន្ធមន្ទីរពិសោធន៍ផ្នែកវិទ្យាសាស្ត្រគ្រឿងបរិភោគរបស់សាលា។

បណ្ឌិត Jason McGovern មានបិយវាចាស្វាគមន៍និងជូនវត្ថុអនុស្សាវរីយ៍ដល់លោកដុងវ៉ាំងថាញ។
ក្នុងកិច្ចជំនួបធ្វើការដដែល តំណាងសាលារៀននានានៅលើភូមិឋានទីក្រុងកឹងធើបានស្នើពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne តាមរយៈកម្មវិធីតភ្ជាប់ពីសាលាអនុមហាវិទ្យាល័យឡើងសាកលវិទ្យាល័យ ការទទួលស្គាល់សញ្ញាបត្រ ព្រមទាំងការដោះដូរសាស្ត្រាចារ្យនិងនិស្សិត។ ជាក់ស្តែង បណ្តាសាលាចង់អនុវត្តទម្រង់ចងសម្ព័ន្ធបណ្តុះបណ្តាលតាមដំណើរការនិស្សិតរៀនពី១-២ឆ្នាំនៅកឹងធើ បន្ទាប់មកបន្តទៅរៀននៅ Swinburne ១-២ឆ្នាំរហូតដល់បញ្ចប់ការសិក្សា។
ក្រៅពីនេះ ភាគីទាំងពីរអាចសហការបណ្តុះបណ្តាលតាមអាសយដ្ឋានរបស់អង្គភាព អាជីវកម្ម; ព្រមទាំងតភ្ជាប់ ឧទ្ទេសនាមនិស្សិតកឹងធើ ជាពិសេសនិស្សិតសាលាវិជ្ជាជីវៈទៅធ្វើកម្មសិក្សានៅតាមបណ្តាញអាជីវកម្មជាដៃគូរបស់ Swinburne ។
ក្រុមការងារទីក្រុងកឹងធើសម្ដែងនូវការចំណាប់អារម្មណ៍ចំពោះទម្រង់អប់រំច្រើនថ្នាក់របស់សាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne ជាកន្លែងរួមបញ្ចូលបណ្តុះបណ្តាលបរិញ្ញាបត្រ ការស្រាវជ្រាវស៊ីជម្រៅនិងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកវិទ្យាខ្ពស់។ ការផ្សារភ្ជាប់រវាងចំណេះដឹងសិក្សានិងជំនាញជាក់ស្តែងតាមស្តង់ដារឧស្សាហកម្មគឺជាកូនសោឆ្លើយតបតម្រូវការទីផ្សារការងារទំនើប។
ក្នុងនាមជាមជ្ឈមណ្ឌលអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យារបស់តំបន់វាលរាបទន្លេគឺវឡុង ទីក្រុងកឹងធើកំពុងប្រឈមនឹងតម្រូវការដ៏ធំនិងបន្ទាន់អំពីធនធានមនុស្សទាំងពីរកម្រិត៖ កងជួរអ្នកជំនាញ អ្នកគ្រប់គ្រងកម្រិតខ្ពស់ និងកងកម្លាំងពលកម្មបច្ចេកទេស ជាងជំនាញតាមស្តង់ដារអន្តរជាតិ ដើម្បីបម្រើគម្រោងប្លង់អភិវឌ្ឍយុទ្ធសាស្ត្រអំពីកសិកម្មឆ្លាតវៃ ឧស្សាហកម្មកែច្នៃ ភស្តុភារកម្ម សេវាកម្មនិងទីក្រុងបៃតង។
លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានវាយតម្លៃខ្ពស់និងគោរពចំពោះការដែលសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne បង្ហាញមុខជាផ្លូវការនៅកឹងធើចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈទម្រង់សហប្រតិបត្តិការដាក់អន្តេវាសិកដ្ឋាននៅក្នុងបរិវេណសាកលវិទ្យាល័យ FPT កឹងធើ នាំមកនូវឱកាសកៀកជិតការអប់រំតាមស្តង់ដារអូស្ត្រាលីនៅភូមិភាគខាងលិចសម្រាប់និស្សិត។ ព្រមទាំង សំណូមពរសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne ពង្រីកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនៅទីក្រុងកឹងធើជាមួយចំណុចស្នូលចំនួន៣។
ទីមួយ បង្កើនកម្រិតគ្រឹះស្ថាននាបច្ចុប្បន្នទៅជាសាខាផ្លូវការ ឯករាជ្យនៅកឹងធើ ដើម្បីបម្រើទូទាំងតំបន់វាលរាបទន្លេគឺវឡុង។ ទីក្រុងសន្យាជំនួយជាអតិបរមាអំពីមូលនិធិដី ហេដ្ឋារចនាសម្ព័ន្ធនិងគោលនយោបាយអាទិភាព។
ទីពីរ បង្កើនកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈនៅភូមិភាគតាមរយៈការកសាងកម្មវិធីតាមស្តង់ដារអន្តរជាតិ បំពាក់បំប៉នគ្រូបង្រៀននិងផ្ទេរទម្រង់ភ្ជាប់ជាមួយអាជីវកម្មក្នុងផ្នែកបច្ចេកទេស ភស្តុភារកម្ម បច្ចេកវិទ្យាគ្រឿងបរិភោគ ដំណើរការគ្រឿងច័ក្រទំនើប។
ទីបី សហការផ្តល់អាហារូបករណ៍ពាក់កណ្តាល ពេញលេញសម្រាប់បណ្តុះបណ្តាលក្រោយបរិញ្ញាបត្រ បំពាក់បំប៉នរយៈពេលខ្លីសម្រាប់កម្មាភិបាល អ្នករដ្ឋការអំពីការគ្រប់គ្រងរដ្ឋ ទីក្រុងឆ្លាតវៃ ការផ្លាស់ប្តូរឌីជីថល; ព្រមទាំងផ្តល់អាហារូបករណ៍បរិញ្ញាបត្រសម្រាប់សិស្ស និស្សិតឆ្នើមរបស់ទីក្រុង។
ទីក្រុងកឹងធើនឹងបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងដើម្បីឱ្យសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne ជំរុញកម្មវិធីសហប្រតិបត្តិការជាក់លាក់នៅលើភូមិឋានក្នុងពេលខាងមុខ។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ថ្លែងក្នុងកិច្ចជំនួបធ្វើការ។
ថ្លែងក្នុងកិច្ចជំនួបធ្វើការ លោកដុងវ៉ាំងថាញ បានកត់សម្គាល់តួនាទីរបស់ប្រព័ន្ធសាលារៀនចាប់ពីមធ្យមសិក្សា អនុមហាវិទ្យាល័យ រហូតដល់សាកលវិទ្យាល័យនៅទីក្រុងកឹងធើក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៃតំបន់វាលរាបទន្លេគឺវឡុង។ សំណើរបស់សាលានានាជាមួយថ្នាក់ដឹកនាំទីក្រុងអំពីតម្រូវការមានការចងសម្ព័ន្ធ សហការរវាងសាកលវិទ្យាល័យមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងអន្តរជាតិ ជាភារកិច្ចដ៏សំខាន់ដែលក្រុមការងារឆ្ពោះដល់កិច្ចជំនួបធ្វើការនេះ។
កត់សម្គាល់ចំពោះការឆ្លើយតបវិជ្ជមានពីសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne ចំពោះសំណើរបស់សាលានានាក្នុងក្រុមការងារ លោកដុងវ៉ាំងថាញ សំណូមពរឱ្យភាគីទាំងពីរឯកភាពទិសដៅចងសម្ព័ន្ធបណ្តុះបណ្តាលច្រើនកម្រិតរវាងសាលានានានៅកឹងធើជាមួយ Swinburne ចាប់ពីកម្រិតវិញ្ញាបនបត្រ បណ្តុះបណ្តាលវិជ្ជាជីវៈរហូតដល់កម្រិតបរិញ្ញាបត្រ អនុបណ្ឌិតនិងបណ្ឌិត។ ចំពោះក្រុមផ្នែក ជំនាញជាក់លាក់ដែលបានដោះដូរ ភាគីទាំងពីរនឹងបន្តធ្វើការដើម្បីឯកភាពក្នុងពេលខាងមុខ។
លោកដុងវ៉ាំងថាញ ប្រគល់ឱ្យសាលានានារបស់ទីក្រុងកឹងធើធ្វើការដោយផ្ទាល់ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne ហើយសំណូមពរឱ្យភាគី Swinburne ផ្តល់ចំណុចទាក់ទងដើម្បីឱ្យសាលានានាអាចដោះដូរដោយផ្ទាល់នូវខ្លឹមសារលម្អិតនីមួយៗនិងវិធីសាស្ត្រអនុវត្តសមស្រប។ ព្រមទាំងមានបំណងឱ្យសាលានានារបស់ទីក្រុងកឹងធើនិងសាកលវិទ្យាល័យ Swinburne ឆាប់ឈានដល់ការចុះហត្ថលេខាអនុវត្តខ្លឹមសារសហប្រតិបត្តិការក្នុងពេលខាងមុខ។
គោរពចំពោះសុឆន្ទៈនិងសំណើជាក់ស្តែងរបស់ថ្នាក់ដឹកនាំទីក្រុងកឹងធើ បណ្ឌិត Jason McGovern ឱ្យដឹងថា តាមការគ្រោងទុកក្នុងឆ្នាំ២០២៧ សាកលវិទ្យាល័យបច្ចេកវិទ្យា Swinburne នឹងចាត់តាំងក្រុមការងារមកធ្វើការនៅទីក្រុងកឹងធើ ដើម្បីស្ទង់មតិជាក់ស្តែង បើកទិសដៅចងសម្ព័ន្ធបណ្តុះបណ្តាលឆ្លើយតបតម្រូវការអភិវឌ្ឍរបស់ភូមិភាគ ភ្ជាប់ជាមួយភាពខ្លាំងរបស់សាលា៕
ថាញដិញ - សុផន