វត្តសិលាទ្រ (ថ្មទល់) ស្ថិតនៅអនុសង្កាត់ ១៣ សង្កាត់ត្រាវិញ ខេត្តវិញឡុង បានរក្សាបើកថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលនិងថ្នាក់ពុទ្ធិកសិក្សាបឋមភូមិ ដល់ព្រះសង្ឃនិងកូនចៅមាមីងជនរួមជាតិខ្មែរ។ ក្រៅពីនោះ វត្តក៏បានបង្កលក្ខណៈដល់ព្រះសង្ឃបានបន្តការសិក្សាថ្នាក់អនុមហាវិទ្យាល័យ មហាវិទ្យាល័យ រួមចំណែកលើកកម្ពស់កម្រិតវិជ្ជា រក្សាភាសា អក្សរសាស្ត្រនិងអត្តសញ្ញាណវប្បធម៌ខ្មែរ។

សមណសិស្សនិងយុវសិស្ស ថតរូបអនុស្សាវរីយ៍ជាមួយគ្រូបង្រៀនវត្តសិលាទ្រ(ថ្មទល់)។
ជាវត្តមួយក្នុងចំណោមវត្តពុទ្ធសាសនាខ្មែរទាំង១៥ នៅតំបន់ទី១ ខេត្តវិញឡុង វត្តសិលាទ្រ (ថ្មទល់) មិនត្រឹមតែជាកន្លែងប្រជុំជីវកិច្ចជំនឿសាសនារបស់មាមីងប៉ុណ្ណោះទេ នៅទាំងជាកន្លែងបើកថ្នាក់បង្រៀននិងរៀនពុទ្ធិកសិក្សាបឋមភូមិ។ តាមរយៈថ្នាក់រៀននេះ វត្តក៏បានបង្កលក្ខណៈដើម្បីព្រះសង្ឃ សិស្សានុសិស្សបង្កើនចំណេះដឹង ហាត់ពត់សមត្ថភាពអាននិងសរសេរអក្សរខ្មែរ ព្រមទាំងស្វែងយល់បន្ថែមពីលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ការយកចិត្តទុកដាក់ក្នុងការអប់រំបានក្លាយជាសកម្មភាពមួយដ៏មានអត្ថន័យជាក់ស្តែងរបស់វត្តចំពោះសហគមន៍។
ព្រះតេជព្រះគុណ ថាច់គឹមថាយ ព្រះចៅអធិការវត្តសិលាទ្រ (ថ្មទល់) និងជាលេខាធិការគណៈពុទ្ធិកសិក្សាតំបន់ទី១ ខេត្តវិញឡុង មានថេរដីកា៖ រៀងរាល់ឆ្នាំនៅរដូវវិស្សមកាល វត្តរក្សាការបើកថ្នាក់បង្រៀនអក្សរខ្មែរពីថ្នាក់ទី១ ដល់ថ្នាក់ទី៤ ដោយមានសិស្ស ១២០ អង្គនិងរូប។ ថ្នាក់រៀនទាំងនេះ ជួយកូនចៅជនរួមជាតិខ្មែរឆ្លៀតពេលឈប់សម្រាករដូវវិស្សមកាលដើម្បីមកសិក្សាភាសាកំណើត ពង្រឹងចំណេះដឹង ហាត់អាននិងសរសេរអក្សរ។ តាមរយៈការសិក្សាអក្សរខ្មែរនៅក្នុងវត្តប្អូនៗបានបង្កើនចំណេះដឹងអំពីភាសាខ្មែរ ជាជំហានៗលើកកម្ពស់ស្មារតីអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ។ ទន្ទឹមនឹងការបើកថ្នាក់បង្រៀនអក្សរខ្មែរនៅរដូវវិស្សមកាល បច្ចុប្បន្ន វត្តសិលាទ្រ (ថ្មទល់) ក៏បានបើកថ្នាក់ពុទ្ធិកសិក្សាបឋម ភូមិឆ្នាំទី១ ទី២ ទី៣និងទី៤ ដោយមានសិស្ស ៨១ អង្គនិងរូប។ ការបើកថ្នាក់រៀនតាមកម្រិតនីមួយៗ ជួយឱ្យសិស្សានុសិស្សងាយស្រួលបន្តចុះឈ្មោះចូលរៀន ព្រោះនៅជិតផ្ទះ។ ទន្ទឹមនឹងនោះ វត្តក៏បានបង្កលក្ខណៈដល់ព្រះសង្ឃ ១០ អង្គទៅបន្តការសិក្សាថ្នាក់អនុមហាវិទ្យាល័យ មហាវិទ្យាល័យនៅសាកល វិទ្យាល័យត្រាវិញ មានឱកាសបន្តការសិក្សានិងលើកកម្ពស់កម្រិតវិជ្ជា។ តាមថេរដីការបស់ព្រះតេជព្រះគុណ ថាច់គឹមថាយ វត្តសិលាទ្រ (ថ្មទល់) កំពុងត្រៀមរៀបចំពិធីប្រឡងបញ្ចប់ឆ្នាំសិក្សាថ្នាក់ពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី១ ទី២ ទី៣ ឆ្នាំសិក្សា២០២៦-២០២៧ ដោយមានបេក្ខសិស្សចូលរួមប្រឡង ១៩៨ អង្គនិងរូប ដែលសិក្សានៅតាមបណ្តាវត្តចំនួន ១០ ចំណុះតំបន់ទី១។ នេះក៏ជាឱកាសវាយតម្លៃការរៀនសូត្ររបស់សិស្សក្រោយពីរយៈពេលសិក្សានៅតាមវត្ត។ ជាមួយតួនាទីជាមណ្ឌលចាត់តាំងពិធីប្រឡងវត្តសិលាទ្រ (ថ្មទល់) បន្តរួមចំណែកក្នុងសកម្មភាព អប់រំនៅក្នុងតំបន់។
ការរក្សាបើកថ្នាក់បង្រៀនអក្សរខ្មែរនិងថ្នាក់ពុទ្ធិកសិក្សាបឋមភូមិ និងការបង្កលក្ខណៈងាយស្រួលដល់ព្រះសង្ឃបន្តការសិក្សាថ្នាក់អនុមហាវិទ្យាល័យ មហាវិទ្យាល័យនិងការត្រៀមបម្រុងចាត់តាំង ពិធីប្រឡងបញ្ចប់ឆ្នាំសិក្សា ថ្នាក់ពុទ្ធិកសិក្សាបឋមភូមិឆ្នាំទី១ ទី២ ទី៣ ទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់វត្តសិលាទ្រ (ថ្មទល់) ចំពោះការងារអប់រំ។ តាមរយៈនោះ វត្តបានរួមចំណែកលើកកម្ពស់ស្មារតីសិក្សា រក្សាភាសា អក្សរសាស្ត្រ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ៕
ទីទុយ-មុនី