នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា គណៈការងាររណសិរ្សអនុសង្កាត់អង្គុលី សង្កាត់ដុងថាញ់ ខេត្តវិញឡុង បានចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ ផ្សារភ្ជាប់ជាមួយទិវាវប្បធម៌វៀតណាមឆ្នាំ២០២៦ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៦ឆ្នាំ ទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/១៩៣០ - ១៨/១១/២០២៦)។ បច្ចុប្បន្ន អនុសង្កាត់អង្គុលីមានប្រជាជនសរុប ៨៦០គ្រួសារ មានប្រជាជន ៣.៤៥៩នាក់ ក្នុងនោះជនរួមជាតិខ្មែរមានចំនួន ៦៦៥គ្រួសារ។ ក្នុងឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់សាខាបក្ស គណៈការងាររណសិរ្ស និងគណៈប្រជាជនអនុសង្កាត់ បានពង្រីកតួនាទីប្រមូលផ្តុំ ពង្រឹងផែនមហាសាមគ្គី និងចលនាប្រជាជនខ្នះខ្នែងអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងចូលរួមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ លេចធ្លោនោះគឺទម្រង់ “ថ្ងៃអាទិត្យបៃតង” បានរួមចំណែកកែលម្អទេសភាព និងកសាងមណ្ឌលប្រជាជនតាំងទីលំនៅភ្លឺ - បៃតង - ជ្រះ -ស្អាត។

លោកស្រី ង្វៀងធីថា អនុប្រធានក្រុមប្រឹក្សាប្រជាជនសង្កាត់ដុងថាញ់ ប្រគល់លិខិតសរសើរដល់គ្រួសារវប្បធម៌ឆ្នើមរបស់អនុសង្កាត់។
អាស្រ័យការរួមកម្លាំងរបស់សហគមន៍ ជីវភាពរបស់ប្រជាជនបានលើកកម្ពស់ជាបណ្តើរៗ។ ទូទាំងអនុសង្កាត់បច្ចុប្បន្ននៅសល់តែ ១ គ្រួសារក្រីក្រ ស្រូបអត្រា ០,១២% ថយចុះ ១ គ្រួសារបើធៀបនឹងដើមឆ្នាំ; មានគ្រួសារក្បែរក្រចំនួន ២៧គ្រួសារ និងគ្រួសារសម្រេចកិត្តិនាមជាគ្រួសារវប្បធម៌ចំនួន ៨៥១គ្រួសារ ស្រូបអត្រាប្រមាណ ៩៩%។ ការងារសុខុមាលភាពសង្គមបានយកចិត្តទុកដាក់ ដោយមានប្រភពធនធានកៀរគរសរុបសម្រាប់គិតគូរក្នុងឆ្នាំសម្រេចបានចំនួន ២៧៩,៣លានដុង; ទន្ទឹមនឹងនោះ សង្កាត់បានឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ១ខ្នង ជូនគ្រួសារដែលមានជីវភាពជួបការលំបាក។

លោកង្វៀងហ្វាងឡាក អនុប្រធានគណៈវប្បធម៌សង្គម ក្រុមប្រឹក្សាប្រជាជនសង្កាត់ដុងថាញ់ ប្រគល់អំណោយដល់សិស្សដែលមានស្ថានភាពលំបាកក្នុងអនុសង្កាត់។
នៅក្នុងទិវានេះ អ្នកតំណាងទាំងឡាយនិងប្រជាជនបានរួមគ្នារំលឹកឡើងវិញនូវប្រពៃណី ៩៦ឆ្នាំនៃការកសាងនិងរីកចម្រើនរបស់រណសិរ្សមាតុភូមិវៀតណាម ព្រមទាំងលើកតម្កើងតម្លៃវប្បធម៌ជាតិ ជាពិសេសគឺអត្តសញ្ញាណវប្បធម៌ជនជាតិកិញ - ខ្មែរ។ គណៈការងាររណសិរ្សអនុសង្កាត់ក៏បានដាក់ចេញនូវក្រុមភារកិច្ចស្នូលចំនួន ៦ សម្រាប់ឆ្នាំ២០២៧ ដោយផ្តោតលើការពង្រឹងផែនមហាសាមគ្គី បន្ថយភាពក្រីក្រដោយចីរភាព រក្សាសន្តិសុខសណ្តាប់ធ្នាប់ លើកកម្ពស់គុណភាពទម្រង់ “ថ្ងៃអាទិត្យបៃតង” និងការពង្រីកតួនាទីរបស់អ្នកមានប្រិយភាពក្នុងជនជាតិខ្មែរ។
ក្នុងឱកាសនេះ គណៈចាត់តាំងបានស្ងើចសរសើនិងជូនរង្វាន់ដល់បណ្ដាគ្រួសារវប្បធម៌ឆ្នើម និងជូនអំណោយចំនួន ១០ ចំណែកដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាក។ ទិវានេះបានរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព បំផុសស្មារតីទទួលខុសត្រូវ និងការស្របមតិក្នុងប្រជាជន បង្កជាកម្លាំងចលករដើម្បីរួមកម្លាំងកសាងមណ្ឌលប្រជាជនតាំងទីលំនៅឱ្យកាន់តែស៊ីវិល័យ ពោរពេញដោយមនោសញ្ចេតនា និងសម្បូររុងរឿង៕
ថាច់ធី