ឆ្ពោះដល់ពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគនានា បានរួមកម្លាំងជាមួយវត្តអារាម ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ គិតគូរនិងឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករទូក-ង។ ការរួមដំណើរគាំទ្រទាន់ពេលវេលាទាំងផ្នែកសម្ភារៈនិងស្មារតី បានផ្តល់កម្លាំងចិត្តបន្ថែមទៀតសម្រាប់កីឡាករ-កីឡាការិនីធ្វើការហាត់សម និងមានទំនុកចិត្តខ្ពស់ក្នុងការចូលរួមប្រកួតប្រណាំងនៅក្នុងពិធីបុណ្យដ៏ធំនេះ។
ពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង បានក្លាយជាលក្ខណៈប្រជុំជីវភាពវប្បធម៌ប្រពៃណីតាំងពីយូរយារណាស់មកហើយ ព្រមទាំងជាមោទនភាពរបស់មាមីងជនជាតិខ្មែរណាមបូ។ ដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីប្រណាំងឆ្នាំ២០២៦ នៅទីក្រុងកឹងធើ ការងារបោះទូក-ងថ្មី ជួសជុលទូក-ងចាស់ ត្រៀមបម្រុងច្រវា និងការជ្រើសរើសកីឡាករ-កីឡាការិនី តែងបានបណ្តាវត្តអារាមនិងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ជាពិសេសតាំងពីច្រើនខែមុនមកម្ល៉េះ។ នៅឃុំញូយ៉ា ឃុំតឹងថាញ់ ឃុំអាងនិញ ឃុំធ្វឹងហ្វាជាដើម ក្រៅពីការលើកទឹកចិត្តផ្នែកស្មារតី គណៈកម្មាធិការបក្ស រដ្ឋអំណាច និងអង្គការមហាជននានា ថែមទាំងបានខ្នះខ្នែងចលនាសប្បុរសជនចូលរួមវិភាគទានថវិកា ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ប្រណាំង និងមធ្យោបាយធ្វើដំណើរ បង្កលក្ខណៈងាយស្រួលដល់ក្រុមកីឡាករទូក-ង។

លោកស្រី ង្វៀងធីកេវលិញ លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំតឹងថាញ់ ប្រគេនថវិកាឧបត្ថម្ភដល់ក្រុមកីឡាករទូក-ងវត្តបឹងក្រចាប់ថ្មី។
រៀបរាប់អំពីការត្រៀមបម្រុងរបស់ភូមិភាគ លោកង្វៀងក្វឹកហឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញូយ៉ា បានឱ្យដឹង៖ “នៅលើភូមិឋានឃុំមានវត្តចំនួន២ មានក្រុមកីឡាករទូក-ងចំនួន៤ក្រុមចូលរួមប្រកួតប្រណាំង។ ការប្រណាំងទូក-ង មិនត្រឹមតែជាកីឡាធម្មតាប៉ុណ្ណោះទេ ថែមទាំងជាមរតកវប្បធម៌ស្មារតីមានតម្លៃកាត់ថ្លៃពុំបានរបស់មាមីងខ្មែរ ហេតុដូច្នេះ បានជាឃុំចង្អុលការឱ្យបណ្តាគណៈ ផ្នែក និងអង្គការមហាជនសហការយ៉ាងជិតស្និទ្ធដើម្បីចលនាសប្បុរសជនចូលរួមវិភាគទានគ្រឿងឧបភោគបរិភោគ ទឹកផឹក និងថវិកាឧបត្ថម្ភកីឡាករ-កីឡាការិនីស្ងប់ចិត្តហាត់សម និងប្តេជ្ញាដណ្តើមយកជ័យជម្នះខ្ពស់បំផុត។ អាស្រ័យហេតុនេះ ឃុំក៏បានឧបត្ថម្ភថវិកាចំនួន១២០លានដុងដល់ក្រុមកីឡាករទូក-ងទាំង៤ក្រុមនៅវត្តព្រែកអណ្តើកនិងវត្តអំពូយារ”។
ព្រមជានោះ ឃុំតឹងថាញ់ក៏បានកៀរគរប្រភពធនធានក្នុងសង្គមដើម្បីឧបត្ថម្ភដល់បណ្តាក្រុមកីឡាករទូក-ងដែលចូលរួមការប្រកួតឆ្នាំនេះ។ លោកស្រី ង្វៀងធីកេវលិញ លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំតឹងថាញ់ បានសង្កត់ធ្ងន់៖ “នៅលើភូមិឋានឃុំមានវត្តបឹងក្រចាប់ចាស់ និងវត្តបឹងក្រចាប់ថ្មី មានទូក-ងចូលរួមប្រណាំងចំនួន៣ទូក ក្នុងនោះក៏មានក្រុមកីឡាករទូក-ងនារីផងដែរ។ កីឡាករ-កីឡាការិនីទូក-ងភាគច្រើនជាកម្លាំងពលកម្មស្នូលក្នុងគ្រួសារ ពេលថ្ងៃពួកគាត់ទៅធ្វើការងារ លុះដល់ពេលល្ងាចទើបជួបជុំគ្នាហាត់សម។ ហេតុដូច្នេះ ក្រៅពីលើកទឹកចិត្តផ្នែកស្មារតី ឃុំក៏បានកៀរគរសប្បុរសជនជួយឧបត្ថម្ភថវិកាចំនួន២០លានដុងដល់ក្រុមកីឡាករទូក-ងនីមួយៗ”។

វត្តអំពូយារបានប្រារព្ធពិធីដាក់ទូក-ងចុះទឹក។
ការយកចិត្តទុកដាក់ និងឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ មិនត្រឹមតែជួយឱ្យក្រុមកីឡាករទូក-ងមានលក្ខណៈគ្រប់គ្រាន់សម្រាប់រដូវកាលប្រណាំងថ្មីប៉ុណ្ណោះទេ ថែមទាំងរួមចំណែករឹតបន្ដឹងទំនាក់ទំនងផ្សារភ្ជាប់រវាងរដ្ឋអំណាច វត្តអារាម និងមាមីងជនជាតិខ្មែរទៀតផង។ សម្តែងនូវក្តីរំភើបរីករាយចំពោះការយកចិត្តទុកដាក់នេះ លោកកាវដោរ៉ា ប្រធានគណៈកម្មការវត្តអំពូយារ បានរ៉ាយរ៉ាប់៖ “ឆ្នាំនេះ ទទួលបានការយកចិត្តទុកដាក់យ៉ាងដិតដល់ពីរដ្ឋអំណាចភូមិភាគ និងការចូលរួមវិភាគទានរបស់មាមីងពុទ្ធបរិស័ទជិតឆ្ងាយ វត្តរបស់យើងបានសម្រេចការបោះទូក-ងថ្មី ព្រមទាំងលាបពណ៌ និងរចនាក្បូរក្បាច់លើតួទូកបានយ៉ាងសមរម្យ។ ព្រះចៅអធិការរួមជាមួយគណៈកម្មការវត្តតែងតែលើកទឹកចិត្តកីឡាករ-កីឡាការិនីឱ្យរក្សាសុខភាព គោរពវិន័យហាត់សម ប្រកួតប្រណាំងដោយស្មារតីសាមគ្គីខ្ពស់ ស្មោះត្រង់ និងថ្លៃថ្នូរ រួមចំណែកធ្វើឱ្យភូមិស្រុកល្បីរន្ទឺក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ២០២៦”។
មិនត្រឹមតែឃុំញូយ៉ា និងឃុំតឹងថាញ់ប៉ុណ្ណោះទេ នៅឃុំអាងនិញ ឃុំឡុងភូ ឃុំធ្វឹងហ្វាជាដើម ក៏បានយកចិត្តទុកដាក់ឧបត្ថម្ភថវិកាចាប់ពី ២០-៣០លានដុងដល់ក្រុមកីឡាករទូក-ងផងដែរ។ ការឧបត្ថម្ភជាក់ស្តែងទាំងនេះ ព្រមជាមួយការរួមកម្លាំងរបស់វត្តអារាម ពុទ្ធបរិស័ទ សប្បុរសជន និងរដ្ឋអំណាចភូមិភាគ បានជួយឱ្យក្រុមកីឡាករទូក-ងមានកម្លាំងចិត្តបន្ថែមក្នុងការហាត់សម និងត្រៀមបម្រុងយ៉ាងហ្មត់ចត់សម្រាប់ថ្ងៃបុណ្យ។ តាមរយៈនេះ បន្តបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ ព្រមទាំងរឹតបន្ដឹងមនោសញ្ចេតនាសាមគ្គីភាពរវាងបណ្តាជនជាតិជាបងប្អូន។ ដោយការត្រៀមបម្រុងយ៉ាងហ្មត់ចត់ទាំងផ្នែកសម្ភារៈនិងស្មារតី ក្រុមកីឡាករទូក-ងទាំងអស់ បានត្រៀមខ្លួនជាស្រេចដើម្បីឈានចូលរដូវកាលប្រណាំងថ្មី ដោយសន្យាថានឹងនាំមកនូវការប្រកួតប្រជែងយ៉ាងផុលផុសនិងជក់ចិត្ត រួមចំណែកបង្កភាពទាក់ទាញនៃពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦៕
យ្វីអាញ - ថាច់ធី