ក្នុងឱកាសបុណ្យសែនដូនតា ជនរួមជាតិខ្មែរតែងប្រារព្ធពិធីកាន់បិណ្ឌ (ដាក់បាយបិណ្ឌ)។ ក្នុងពេលប្រារព្ធពិធីនេះ នៅតាមវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរតែងឮព្រះសង្ឃសូត្របរា។ ដើម្បីស្វែងយល់បន្ថែមអំពីបរាភវសូត្រ យើងខ្ញុំបានជួបសំណេះសំណាលនឹងព្រះតេជព្រះគុណ ឌិញហ្វាងសឺ ព្រះចៅអធិការវត្តពាមបួនថ្មី ដើម្បីស្តាប់ព្រះតេជព្រះគុណពន្យល់បន្ថែម។
អ្នកយកព័ត៌មាន៖ ថ្វាយបង្គំព្រះតេជព្រះគុណ! សូមព្រះអង្គមេត្តាពន្យល់បកស្រាយអំពីពាក្យថា បរាភវសូត្រ តើមានន័យដូចម្តេច ?

ព្រះតេជព្រះគុណ ឌិញហ្វាងសឺ ព្រះចៅអធិការវត្តពាមបួនថ្មី សង្កាត់ភូឡើយ ទីក្រុងកឹងធើ។
ក្នុងឱកាសបុណ្យសែនដូនតាជនរួមជាតិខ្មែរតែងប្រារព្ធពិធីកាន់បិណ្ឌ (ដាក់បាយបិណ្ឌ)។ ក្នុងពេលប្រារព្ធពិធីនេះ នៅតាមវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរតែងឮព្រះសង្ឃសូត្របរា។ ដើម្បីស្វែងយល់បន្ថែមអំពីបរាភវសូត្រ យើងខ្ញុំបានជួបសំណេះសំណាលនឹងព្រះតេជព្រះគុណ ឌិញហ្វាងសឺ ព្រះចៅអធិការវត្តពាមបួនថ្មី ដើម្បីស្តាប់ព្រះតេជព្រះគុណពន្យល់បន្ថែម។
អ្នកយកព័ត៌មាន៖ ថ្វាយបង្គំព្រះតេជព្រះគុណ! សូមព្រះអង្គមេត្តាពន្យល់បកស្រាយអំពីពាក្យថា បរាភវសូត្រ តើមានន័យដូចម្តេច ?
ព្រះតេជព្រះគុណ ឌិញហ្វាងសឺ៖ ដើម្បីយល់ពីអត្ថន័យនៃបរាភវសូត្រដែលព្រះពុទ្ធទ្រង់សម្ដែង ជាដំបូងយើងគួររំលឹកដល់មង្គលសូត្រ។ កាលដែលព្រះពុទ្ធទ្រង់គង់ព្រះធរមាននៅ មនុស្សលោកនិងទេវតាបានចំណាយពេលរហូតដល់ ១២ ឆ្នាំ ដើម្បីស្វែងរកមង្គល ប៉ុន្តែរកមិនឃើញសោះ។ សម័យថ្ងៃមួយ មានទេវតាមួយព្រះអង្គបានយាងចុះមកកាន់វត្តជេតពន ដើម្បីសុំឱ្យព្រះពុទ្ធជាម្ចាស់មេត្តាសម្តែងធម្មទេសនា។ ព្រះពុទ្ធជាម្ចាស់បានសម្តែងធម្មទេសនាអំពីមង្គលសូត្រ ដោយពន្យល់អំពីសកម្មភាព និងការប្រព្រឹត្តទាំងឡាយដែលនាំឱ្យកើតមង្គល គឺសេចក្ដីចម្រើន។ បន្ទាប់ពីបានស្តាប់ព្រះធម្មទេសនា ពួកទេវតាទាំងឡាយក៏បានយល់ដឹង ហើយក៏ជ្រះថ្លានឹងព្រះធម្មទេសនាដែលព្រះពុទ្ធជាម្ចាស់បានសម្តែង។
ក៏ប៉ុន្តែ បន្ទាប់ពីបានយល់ដឹងអំពីមង្គលហើយ មនុស្សនិងទេវតានៅតែមានចម្ងល់ថា៖ ចុះចំពោះសកម្មភាពដែលនាំឱ្យវិនាសវិញ តើមានអ្វីខ្លះ? ហេតុនោះ ក៏បានចូលគាល់ព្រះពុទ្ធជាម្ចាស់ម្តងទៀត ដើម្បីសុំឱ្យព្រះអង្គមេត្តាសម្តែងធម្មទេសនា។ ធម្មទេសនានោះគឺបរាភវសូត្រ ដែលរៀបរាប់អំពីមូលហេតុនិងសកម្មភាពដែលនាំឱ្យកើតមានសេចក្ដីវិនាស។ ប្រសិនបើយើងប្រព្រឹត្តនូវអំពើអាក្រក់ទាំង១២ ប្រការដែលព្រះពុទ្ធជាម្ចាស់បានត្រាស់សម្ដែង យើងនឹងត្រូវទទួលផលកម្មតាមទង្វើដែលខ្លួនបានប្រព្រឹត្ត។ ដូច្នេះ បរាភវសូត្រ គឺសម្តែងអំពីសេចក្ដីវិនាសទាំង ១២ ប្រការ ដែលមនុស្សមិនគួរប្រព្រឹត្ត។
អ្នកយកព័ត៌មាន៖ ថ្វាយបង្គំព្រះតេជព្រះគុណ! ហេតុអ្វីបានជានៅក្នុងឱកាសកាន់បិណ្ឌនៃពិធីបុណ្យសែនដូនតា វត្តព្រះពុទ្ធសាសនាខ្មែរតែងតែសូត្របរា ?
ព្រះតេជព្រះគុណ ឌិញហ្វាងសឺ៖ បរាភវសូត្រ តែងបានវត្តព្រះពុទ្ធសាសនាខ្មែរគ្រប់វត្ត ចាត់តាំងសូត្រក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ។ តាមពិត ព្រះពុទ្ធជាម្ចាស់មិនបានកំណត់ពេលវេលាជាក់លាក់សម្រាប់ការសូត្រធម៌នេះឡើយ។ ទោះជាយ៉ាងណា ការជ្រើសរើសពេលសូត្រនៅពេលព្រលឹម គឺកើតចេញពីការយល់ដឹងអំពីជីវភាពរស់នៅរបស់ពុទ្ធបរិស័ទ។ ដោយសារប្រជាពុទ្ធបរិស័ទភាគច្រើន តែងមានការរវល់នឹងការងារប្រចាំថ្ងៃចាប់ពីពេលព្រឹកតទៅ ដូច្នេះ បុព្វបុរសជំនាន់មុន លោកបានកំណត់ពេលវេលាសម្រាប់សូត្របរានៅពេលព្រលឹម។ តាមរយៈការរៀបចំបែបនេះ បន្ទាប់ពីបញ្ចប់ការសូត្រធម៌ និងពិធីដាក់បាយបិណ្ឌរួច មេឃក៏ភ្លឺល្មម ពុទ្ធបរិស័ទបានបន្តប្រកបរបរផ្សេងៗចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ពុទ្ធបរិស័ទអញ្ជើញមកវត្តស្តាប់ព្រះសង្ឃសូត្របរា នៅពេលព្រលឹម។
អ្នកយកព័ត៌មាន៖ សូមព្រះតេជគុណមេត្តាបញ្ជាក់ តើបរាភវសូត្រ មានអត្ថន័យអប់រំយ៉ាងដូចម្តេច ?
ព្រះតេជព្រះគុណ ឌិញហ្វាងសឺ៖ បរាភវសូត្រ មានអត្ថន័យអប់រំដ៏សំខាន់។ ប្រសិនបើយើងពិនិត្យមើលខ្លឹមសារនៃសេចក្ដីវិនាសទាំង១២ប្រការ យើងនឹងឃើញច្បាស់ថា ព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែងបរាភវសូត្រនេះ ដោយពុទ្ធបំណងដើម្បីឱ្យមនុស្សចេះប្រព្រឹត្តអំពើឱ្យបានត្រឹមត្រូវ និងចៀសវាងនូវទង្វើអាក្រក់។ ព្រះអង្គទ្រង់សម្តែងយ៉ាងច្បាស់អំពីទង្វើទាំងឡាយដែលមនុស្សនិងទេវតាមិនគួរប្រព្រឹត្ត។
អាត្មាភាពសូមលើកយកខ្លឹមសារសំខាន់ៗមួយចំនួន ដូចជា៖ ភាពផ្ទុយគ្នារវាងអ្នកប្រព្រឹត្តសុចរិតធម៌នាំឱ្យចម្រើន ឯអ្នកដែលទ្រុស្តធម៌ ស្អាប់ធម៌នឹងនាំឱ្យវិនាស។ ក្នុងជីវិតរស់នៅ មនុស្សគ្រប់រូបត្រូវតាំងចិត្តធ្វើអំពើល្អ និងប្រព្រឹត្តទៅរកសេចក្តីល្អ ពីព្រោះនៅពេលយើងប្រតិបត្តិល្អតាមធម៌និងចេះធ្វើបុណ្យកុសល យើងនឹងទទួលបានសេចក្តីសុខចម្រើន។
ពិសេសជាងទៀត ព្រះពុទ្ធជាម្ចាស់ទ្រង់ចង្អុលបង្ហាញអំពីទម្លាប់អាក្រក់និងអំពើមិនល្អជាច្រើនទៀត។ ឧទាហរណ៍ នរជនណាមានទ្រព្យធនធាន ហើយខ្លួនមិនបានចិញ្ចឹមរក្សា មាតាបិតាដែលចាស់ជរា ហេតុនោះទៅជានាំឱ្យវិនាស។ ក្រៅពីនេះ អាកប្បកិរិយាអួតអាង ឆ្មើងឆ្មៃ មើលងាយសាច់ញាតិ ឬមើលស្រាលអ្នកដែលមានឋានៈ ឬស្ថានភាពទាបជាងខ្លួន ក៏ជាអំពើដែលនាំឱ្យវិនាសផងដែរ។ ទន្ទឹមនឹងនេះ ធម៌នេះក៏បានប្រៀនប្រដៅនិងព្រមានពីអំពើអបាយមុខ និងការប្រព្រឹត្តដែលនាំឱ្យជីវិតធ្លាក់ចុះ ដូចជា ការលេងល្បែងស៊ីសង ការផឹកស្រា និងការប្រព្រឹត្តខុសក្នុងកាមជាដើម។ អំពើទាំងអស់នេះ តែងបានព្រះពុទ្ធជាម្ចាស់ទ្រង់សម្តែងយ៉ាងច្បាស់ក្នុងបរាភវសូត្រនេះ។
ទាំងនេះសុទ្ធសឹងជាអំពើដែលនាំមនុស្សឱ្យឈានទៅរកសេចក្ដីវិនាស បាត់បង់អំពើល្អ និងមិនអាចមានអនាគតល្អប្រសើរបានឡើយ។ ដោយហេតុនេះ ការដែលតាមវត្តព្រះពុទ្ធសាសនាខ្មែរនានារៀបចំសូត្របរា ក្នុងឱកាសនៃពិធីដាក់បាយបិណ្ឌ គឺជាឱកាសដ៏មានសារៈសំខាន់ក្នុងការរំលឹកដល់ពុទ្ធបរិស័ទឱ្យយល់ដឹងអំពីសីលធម៌ និងខិតខំប្រព្រឹត្តតាមធម៌ត្រឹមត្រូវ ចៀសឆ្ងាយពីអំពើខុសឆ្គង ដែលនាំឱ្យកើតសេចក្ដីវិនាស ព្រមទាំងបន្តធ្វើអំពើល្អដើម្បីសន្សំបុណ្យកុសលសម្រាប់ជីវិត។
អ្នកយកព័ត៌មាន៖ សូមអរគុណព្រះតេជព្រះគុណយ៉ាងជ្រាលជ្រៅ ដែលបានចែករំលែកនូវអត្ថន័យនិងខ្លឹមសារដ៏មានតម្លៃនៃបរាភវសូត្រ៕
ថាញហុង