ចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ ពុទ្ធបរិស័ទវត្តមុនីរង្សីក៏ប្រារព្ធពិធីកាន់បិណ្ឌក្នុងរយៈពេល១៥ថ្ងៃ ( រួមទាំងថ្ងៃ១៥រោច ជាថ្ងៃភ្ជុំបិណ្ឌ) ក្នុងឱកាសពិធីបុណ្យសែនដូនតាតាមប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ឆ្នាំនេះមើលទៅមានភាពអ៊ូអរនិងពិសេសជាងរាល់ឆ្នាំ ដោយសារបិណ្ឌទី១ ត្រូវចំថ្ងៃអាទិត្យ។ នៅវត្តមុនីរង្សី គេសង្កេតឃើញថា ពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញមកចូលរួមយ៉ាងកុះករ ដោយយកនូវចង្ហាន់ និងទេយ្យទានផ្សេងៗមកប្រគេនព្រះសង្ឃ។

សកម្មភាពពុទ្ធបរិស័ទលើកចានចង្ហាន់វេរប្រគេនចំពោះព្រះសង្ឃដោយសទ្ធាជ្រះថ្លា ដើម្បីត្រៀមឧទ្ទិសកុសលជូនដល់បុព្វការីជន។

សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលមកជួបជុំគ្នាធ្វើវេនកាន់បិណ្ឌទី១នៅវត្តមុនីរង្សី។
ព្រះតេជព្រះគុណ ត្រឹងសន ព្រះចៅអធិការវត្តមុនីរង្សី មានថេរដីកា៖ “ចំពោះថ្ងៃកាន់បិណ្ឌទី១ ក៏ដូចជាថ្ងៃកាន់បិណ្ឌបន្តបន្ទាប់ គឺសុទ្ធតែមានសារៈសំខាន់ដូចគ្នា។ ខ្លឹមសារសំខាន់បំផុតគឺត្រង់ថា ឪពុកម្ដាយ និងបងប្អូនតែងតែក្រើនរំលឹក និងទូន្មានកូនចៅឱ្យរួមគ្នារៀបចំចង្ហាន់ យកមកវេរប្រគេនចំពោះព្រះសង្ឃ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទាន។ នេះជាចំណែកបុណ្យកុសលដ៏ខ្ពង់ខ្ពស់ សម្រាប់ឧទ្ទិសជូនដល់បុព្វការីជន មានជីដូនជីតា ឪពុកម្ដាយ និងញាតិទាំងឡាយដែលបានចែកឋានទៅកាន់លោកខាងមុខ។”
យោងតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនរួមជាតិខ្មែរ ការដែលកូនចៅរួមគ្នាធ្វើបុណ្យ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន ក្នុងរដូវកាលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ គឺបង្ហាញនូវការតបស្នងសងគុណ និងសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកមានគុណ៕
ថាច់ធី